សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី ១៦មីនា បានគូសបញ្ជាក់ថា សម្តេចបានទៅពឹងពាក់ជប៉ុនម្តងហើយម្តងទៀត ដើម្បីឲ្យជួយអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុឲ្យក្លាយជាកំពង់ទឹកជម្រៅ ដែលអាចអនុញ្ញាតឲ្យកប៉ាល់ដឹកទំនិញធុនធំអាចចូលចតបាន។ ទន្ទឹមនឹងនេះសម្តេចតេជោ ស្នើឲ្យក្រុមហ៊ុនជប៉ុនជួយពន្លឿនការស្តារជម្រៅផ្លូវទឹកនៅកំពង់ផែនេះឲ្យបានឆាប់ ដើម្បីជួយសម្រួលដល់ការដឹកទំនិញចេញចូលរបស់នាវាធំៗ ក៏ដូចជាជួយកាត់បន្ថយថ្លៃដឹកជញ្ជូន និងបង្កើនភាពប្រកួតប្រជែងក្នុងវិស័យដឹកជញ្ចូនជាមួយបណ្តាប្រទេសក្នុងតំបន់។ ការជំរុញបែបនេះ ក៏ដោយសារបច្ចុប្បន្នកំពង់ផែនេះអាចចូលចតបានតែកប៉ាល់ដឹកទំនិញធុនតូចប៉ុណ្ណោះ ដែលធ្វើឲ្យការដឹកជញ្ជូនទំនិញចេញ ឬចូលកម្ពុជាត្រូវមានការលើកដាក់ផ្ទេរនៅកំពង់ផែប្រទេសដទៃ ដែលគេមានកំពង់ផែទឹកជ្រៅ។ កត្តានេះហើយ ដែលធ្វើឲ្យតម្លៃដឹកជញ្ជូនទំនិញតាមផ្លូវទឹករបស់កម្ពុជាមានតម្លៃខ្ពស់ជាងប្រទេសជិតខាង។
ទន្ទឹមនឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏កំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ដើម្បីជួយធ្វើឲ្យប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីករបស់កម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរ និងប្រកួតប្រជែងបន្ថែមទៀត។ សេចក្តីព្រាងច្បាប់ថ្មីនេះចងក្រងឡើងក្នុងគោលបំណង ដើម្បីបង្កភាពងាយស្រួលក្នុងការគ្រប់គ្រង និងធានាការធ្វើចរចរណ៍ដឹកទំនិញចេញចូលកម្ពុជាឲ្យកាន់តែមានភាពងាយស្រួល និងរហ័សជាងមុន។
គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅភាគីជប៉ុនបានសន្យាថា នឹងជួយកម្ពុជាក្នុងការលើកកម្ពស់គុណភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុឲ្យក្លាយជាកំពង់ស្នូលរបស់កម្ពុជាក្នុងការលើកដាក់ និងផ្ទេរជំនិញចេញចូលកម្ពុជានាពេលអនាគត។ ជាក់ស្តែងកាលពីពេលកន្លងទៅ ជប៉ុន បានផ្តល់ហិរញ្ញប្បទានជាង២០០លានដុល្លារដល់កម្ពុជា ដើម្បីពង្រីកទំហំចរាចរណ៍ និងលើកកម្ពស់គុណភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ។
តាមផែនការអភិវឌ្ឍន៍ឆ្នាំ២០២០-២០៣០ ការពង្រីកកំពង់ផែក្រុងព្រះសីហនុគ្រោងធ្វើឡើង៥ជំហាន ដោយជំហានទី១ គ្រោងបញ្ចប់នៅឆ្នាំ២០២៣ មានជម្រៅ១៤,៥ម៉ែត្រ ដែលអាចឲ្យនាវាផ្ទុកកុងតឺន័រខ្នាតធំៗចំណុះដល់៦ម៉ឺនតោនអាចចូលចតបាន។ ចំណែកជំហានទី២ និងទី៣មានជម្រៅ១៦ម៉ែត្រ និង១៧,៥ម៉ែត្រ ខណៈអង្គការ JICA កំពុងសិក្សាលើជំហានទាំងនេះ។ ជាមួយគ្នានេះជំហានទី៤ និងទី៥ គ្រោងពង្រីកដល់ជម្រៅ១៨,៥ម៉ែត្រ និង១៩ម៉ែត្រ៕