នាវេទិកាធុរកិច្ចបារាំង-កម្ពុជាកាលពីថ្ងៃទី១៥ មករា នៅប្រទេសបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាត់ទុកបារាំងជាដៃគូអភិវឌ្ឍន៍ដ៏ចម្បង ដែលបាន និងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបានភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា។ ជាក់ស្តែងនៅឆ្នាំ២០២៣ កន្លងទៅទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំងសម្រេចបានជាង៥១៥លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅកាន់ប្រទេសបារាំងមានទំហំជិត៣៦០លានដុល្លារ ខណៈកម្ពុជានាំចូលពីបារាំងមានទំហំជាង១៥៥លានដុល្លារ។ បារាំង ក៏នៅតែជាដៃគូវិនិយោគ និងពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់អឺរ៉ុបនៅកម្ពុជា ក្នុងទំហំពាណិជ្ជកម្មសរុបជាង៤ពាន់៦រយលានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៣។
សម្តេចធិបតីបានលើកទ្បើងថា ទោះបីជាមានភូមិសាស្ត្រឆ្ងាយពីគ្នា ប៉ុន្តែកម្ពុជា-បារាំងមានប្រវត្តិសាស្ត្រផ្សារភ្ជាប់គ្នាតាំងពីយូរអង្វែងមកលើទិដ្ឋភាពជាច្រើនរាប់ទាំងស្ថាបត្យកម្ម, វប្បធម៌, អាហារ, ភាសា, ប្រព័ន្ធរដ្ឋបាល និងច្បាប់របស់បារាំងនៅក្នុងសង្គមកម្ពុជា។ លើសពីនេះ កម្ពុជា-បារាំងបាននិងកំពុងធ្វើដំណើរនៅលើគន្លងសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតមានជាអាទិ៍ហិរញ្ញប្បទាន ដែលអាចឆ្លើយតបទៅនឹងសក្តានុពលរបស់កម្ពុជា, ការគោរពគោលការណ៍ចីរភាព ដែលជួយជំរុញកំណើនប្រកបដោយបរិយាប័ន្ន និងគុណតម្លៃរួម ដែលជួយត្រួសត្រាយផ្លូវសម្រាប់អនាគតកាន់តែត្រចះត្រចង់។
ជាការកត់សម្គាល់របស់សម្តេចធិបតី ធុរកិច្ចបារាំងមានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម និងពង្រីកប្រតិបត្តិការនៅកម្ពុជាក្នុងវិស័យ ដែលមានស្រាប់ និងវិស័យដែលអាចទាក់ទាញនវានុវត្តន៍ និងការវិនិយោគដូចជា វិស័យកសិកម្ម, កែច្នៃម្ហូបអាហារ, អគ្គិសនី និងអេឡិចត្រូនិច, ថាមពលកកើតឡើងវិញ, ការថែទាំសុខភាព, អប់រំ និងបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាវិស័យយានយន្ត, នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល, បច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព, ការថែទាំសុខភាព និងការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ និងឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត។
នៅចំពោះមុខក្រុមវិនិយោគិនបារាំងសម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិនិយោគិន ជាមួយនឹងឧត្តមភាពប្រកួតប្រជែង និងកាលានុវត្តភាពពិសេស ដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដ៏ទាក់ទាញ។ កត្តាដែលធ្វើឱ្យកម្ពុជាក្លាយជាដៅដ៏ទាក់ទាញរួមមានទី១, រាជរដ្ឋាភិបាលការពារយ៉ាងម៉ឺងម៉ាត់នូវសន្តិភាព និងស្ថិរភាព ដែលបានមកដោយលំបាក ហើយសន្តិភាពនេះ គឺជាគោលការណ៍ និងគុណតម្លៃស្នូលសម្រាប់កម្ពុជា ហើយបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាព សម្រាប់ប្រតិបត្តិការធុរកិច្ចយូរអង្វែងតទៅមុខ។ ទី២, កម្ពុជាស្ថិតនៅចំណុចកណ្តាល និងជាទីតាំងយុទ្ធសាស្ត្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយការផ្តល់លទ្ធភាពចូលទៅក្នុងទីផ្សារតំបន់ប្រកបដោយចីរភាព និងទី៣, កម្ពុជាមានសេដ្ឋកិច្ចបើកចំហ និងបានធ្វើសមាហរណកម្មយ៉ាងរហ័សចូលទៅក្នុងទីផ្សារតំបន់ និងសកលជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTAs) ទាំងទ្វេភាគី និងពហុភាគី ដែលអនុញ្ញាតឱ្យវិនិយោគិនអាចចូលទៅកាន់ទីផ្សារចម្រុះជាមួយនឹងការអនុគ្រោះ និងលទ្ធភាពអភិវឌ្ឍធុរកិច្ចឱ្យឈានដល់កម្រិតខ្ពស់។
ជាក់ស្តែង វិនិយោគិននៅកម្ពុជាមានលទ្ធភាពចាប់យកទីផ្សារអនុតំបន់មេគង្គ ដែលមានប្រជាជនប្រមាណជាង ៣០០លាននាក់, ទីផ្សារអាស៊ាន ដែលមានប្រជាជនប្រមាណជាង៦៦០លាននាក់ និងទីផ្សារនៃកិច្ចព្រមព្រៀងអាសិប (RCEP) ដែលមានប្រជាជនប្រមាណ២ពាន់៣រយលាននាក់ និងផ.ស.ស.សរុបចំនួន២៥,៨ទ្រីលានដុល្លារអាម៉េរិក។ បន្ថែមលើនេះ កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន និងកូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយអេមីរ៉ាតអារ៉ាប់រួម(UAE)ផងដែរ៕