ក្រុមហ៊ុន Samsung គ្រោងនឹងពង្រីករោងចក្រ P3 របស់ខ្លួនក្នុងក្រុង Pyeongtaek ប្រទេសកូរ៉េខាងត្បូង ដោយបន្ថែមសមត្ថភាពកាន់តែខ្ពស់សម្រាប់ឈីបអង្គចងចាំ DRAM។ នេះបើតាមការចុះផ្សាយរបស់ Seoul Economic Daily ដែលដកស្រង់ពីប្រភពដែលដឹងរឿងនេះ។ ជាមួយគ្នានេះ Samsung ក៏នឹងពង្រីកបន្ថែមនូវរោងចក្រនេះជាមួយសមត្ថភាពឈីប ៤ណាណូម៉ែត្រផងដែរ។
អ្នកវិភាគបានលើកឡើងថា ការតស៊ូរបស់ Samsung ជាមួយផែនការវិនិយោគនេះ នឹងទំនងជួយឱ្យក្រុមហ៊ុននេះយកបានចំណែកទីផ្សារឈីប និងគាំទ្រតម្លៃភាគហ៊ុនរបស់ខ្លួន នៅពេលតម្រូវការងើបឡើងវិញ។
សូមជម្រាបថារោងចក្រ P3 ដែលចាប់ផ្តើមការផលិតឈីបប្រភេទ NAND នៅឆ្នាំនេះ គឺជារោងចក្រផលិតឈីបដ៏ធំបំផុតរបស់ក្រុមហ៊ុន Samsung។
ការពង្រីកផលិតកម្មឈីបរបស់ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងនេះ គឺផ្ទុយពីគូប្រជែងដែលបានកាត់បន្ថយការវិនិយោគ ដោយសារតម្រូវការធ្លាក់ចុះ។ តួយ៉ាងក្រុមហ៊ុនអាមេរិក Micron បានឱ្យដឹងកាលពីសប្តាហ៍មុនថា ខ្លួននឹងកាត់បន្ថយការវិនិយោគនៅក្នុងឆ្នាំសារពើពន្ធ ២០២៣ មកចន្លោះពី ៧ និង ៧,៥ពាន់លានដុល្លារ បើប្រៀបធៀបនឹង ១២ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ ២០២២។
ចំណែកក្រុមហ៊ុនឈីបយក្សតៃវ៉ាន់ TSMC កាលពីខែតុលាបានកាត់បន្ថយថវិកាវិនិយោគប្រចាំឆ្នាំ២០២២ យ៉ាងហោចណាស់ ១០%។
យ៉ាងណាមិញ ក្រៅតែពីក្រុមហ៊ុនកូរ៉េខាងត្បូង Samsung ពង្រីកសមត្ថភាពផលិតឈីបនេះ កាលពីថ្មីៗនេះជប៉ុន និងអឺរ៉ុប ក៏បង្ហាញគម្រោងមហិច្ឆតាផលិតឈីបផងដែរ។
កាលពីពេលកន្លងមកនេះ ក្រុមហ៊ុនជប៉ុនថ្មីមួយឈ្មោះ Rapidus ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនជប៉ុនធំៗចំនួន៨ ជាមួយគម្រោងទឹកប្រាក់ ៣៦ពាន់លានដុល្លារ នឹងផលិតឈីបនៅឆ្នាំ២០២៧។ ចំណែកបណ្តាប្រទេសនៃសហភាពអឺរ៉ុប ក៏បានសម្រេចឯកភាពលើសំណើគម្រោងមួយដែលមានតម្លៃជាង ៤៦ពាន់លានដុល្លារ លើការផលិតឈីប ដើម្បីសម្រេចតាមគោលដៅរបស់ខ្លួនក្នុងការកាត់បន្ថយការពឹងផ្អែកលើអាមេរិក និងរោងចក្រនៅអាស៊ីជា ពិសេសគឺ ចិនតែម្ដង៕