ដោយហេតុថាផលិតកម្មបន្ទះឈីបរបស់ក្រុមហ៊ុនដ៏ធំមួយនេះ
ត្រូវបានផ្អាក
វាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ផលិតកម្មទូរស័ព្ទស្មាតហ្វូនពិភពលោក
ពោលផលប៉ះពាល់ត្រូវបានគេប៉ាន់ប្រមាណថាមានដល់១៧លានគ្រឿង
ស្មើនឹងជាង៥%នៃចំនួនស្មាតហ្វូនក្នុងពិភពលោក។
រោងចក្រនៅ ទីក្រុងអូស្ទីន ក្នុងរដ្ឋតិចសាស់ របស់ក្រុមហ៊ុន Samsung ជារោងចក្រផលិតបន្ទះឈីបសម្រាប់ក្រុមហ៊ុន Qualcomm និងសម្រាប់ក្រុមហ៊ុន Apple ផងដែរ។
អ្នកនាំពាក្យក្រុមហ៊ុន Samsung បានឲ្យដឹងថា៖ «ក្រុមហ៊ុនកំពុងខិតខំប្រឹងប្រែងដើម្បីចាប់ផ្តើមប្រតិបត្តិការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែវាអាចត្រូវការពេលវេលាបន្ថែមទៀតដើម្បីឲ្យផលិតកម្មវិល មករកធម្មតាវិញ ដោយសារតែការខូចខាតបណ្តាលមកពីព្យុះព្រិលនៅរដ្ឋតិចសាសមានកម្រិតខ្លាំងក្លាពេក»
សូមបញ្ជាក់ថា ក្រុមហ៊ុន Samsung បានផ្អាកផលិតកម្មបន្ទះឈីបរបស់ខ្លួននៅរដ្ឋតិចសាស់សហរដ្ឋអាមេរិកតាំងពីថ្ងៃទី១៦ខែកុម្ភៈមកម្ល៉េះ ហើយការផ្អាកនេះកើតឡើងជួនចំពេលដែលពិភពលោកកំពុងជួបនឹងបញ្ហាកង្វះបន្ទះឈីប ជាហេតុបង្ខំឲ្យក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចជាច្រើនក្នុងពិភពលោកកាត់បន្ថយផលិតកម្មរបស់ខ្លួនជាបន្ដបន្ទាប់៕