បន្ទាប់ពីឈប់ទិញប្រេងពីរុស្ស៊ី សហភាពអឺរ៉ុប ងាកមកនាំចូលប្រេងឆៅរបស់ចក្រភពអង់គ្លេសជំនួសវិញ។ ប៉ុន្តែ តម្លៃប្រេងឆៅអង់គ្លេស គឺមានតម្លៃខ្ពស់ជាងប្រេងរុស្ស៊ីខ្លាំងមែនទែន ដែលវានឹងធ្វើឲ្យតម្លៃថាមពលកើនឡើងដល់កម្រិតកំពូលនៅក្នុងសហភាពអឺរ៉ុប។ ទោះយ៉ាងណា ទណ្ឌកម្មរបស់សហភាពអឺរ៉ុបនេះ នឹងកាត់បន្ថយប្រភពចំណូលនាំចេញដែលរកបានដ៏ច្រើនលើសលុបរបស់ទីក្រុងម៉ូស្គូ និងជួយបង្អាក់ការឧបត្ថម្ភរបស់រុស្ស៊ីទៅលើសង្គ្រាមនៅឈ្លានពាននៅអ៊ុយក្រែនផងដែរ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuter។
កញ្ចប់ទណ្ឌកម្មទី ៦ ដែលត្រូវបានអនុម័តជាផ្លូវការដោយមេដឹកនាំសហភាពអឺរ៉ុបទាំង ២៧ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនៅថ្ងៃទី ៣១ ឧសភា គ្រោងនឹងហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីចំនួន ៩០% រហូតដល់ចុងឆ្នាំនេះ។ ក្នុងនោះ ការនាំចូលប្រហែល ១០% នឹងត្រូវបានលើកលែងជាបណ្ដោះអាសន្នពីការហ៊ុមព័ទ្ធរបស់សហភាពអឺរ៉ុប ដើម្បីជួយដល់ប្រទេសដូចជា ហុងគ្រី ស្លូវ៉ាគី និងសាធារណរដ្ឋឆេក ខណៈប្រទេសទាំងនេះនឹងបន្ដនាំចូលប្រេងពីរុស្ស៊ីតាមបំពង់បង្ហូរប្រេង។
ក្នុងនោះ ការអនុវត្តមិនស្មើគ្នាក្នុងការដាក់ទណ្ឌកម្មដ៏មានឥទ្ធិពលបំផុតរបស់អឺរ៉ុបនេះ ក៏កំពុងបង្កឲ្យភាពតានតឹងជាខ្លាំងនៅក្នុងប្លុកនេះ ខណៈការកាត់ផ្តាច់ប្រេងពីរុស្ស៊ីនឹងធ្វើឱ្យតម្លៃថាមពលមានការកើនឡើងខ្ពស់ជាងមុនសម្រាប់អ្នកប្រើប្រាស់។
អ្នកវិភាគ Rystad Energy បាននិយាយថា សហភាពអឺរ៉ុបបាននាំចូលប្រេងពី ៣ ទៅជិត ៤ លានបារ៉ែលនៃប្រេងឆៅរុស្ស៊ីក្នុងមួយថ្ងៃ។ ការកាត់ផ្តាច់ការនាំចូលប្រេងរុស្ស៊ីភ្លាមៗជាង ៧៥% ទៅកាន់ប្លុកនេះ នឹងជំនួសមកវិញនៃការផ្គត់ផ្គង់ប្រេងឆៅអង់គ្លេសដែលមានតម្លៃ ១២០ ដុល្លារក្នុងមួយធុងប៉ារ៉ែលនោះ នឹងធ្វើឲ្យមានការចំណាយបន្ថែមលើសពីពេលមុនយ៉ាងហោចណាស់ ២ ពាន់លានដុល្លារក្នុងមួយខែ ខណៈការកាត់ផ្ដាច់ប្រេងពីរុស្ស៊ី៩០% នឹងត្រូវធ្វើឡើងនៅត្រឹមចុងឆ្នាំនេះ។
យ៉ាងណាក៏ដោយចុះ ការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីនៅតែមានសារៈសំខាន់ ដើម្បីទប់ទល់ទៅនឹងប្រភពចំណូលរបស់វិមានក្រឹមឡាំង ដែលយកទៅឧបត្ថមសង្គ្រាមរបស់ខ្លួនឈ្លានពានអ៊ុយក្រែន ខណៈប្រទេសរុស្ស៊ីអាចរកចំណូលបានយ៉ាងហោចណាស់ជាង ៨ ពាន់លានដុល្លារក្នុងមួយខែ តាមរយៈការនាំចេញ ៣ លានបារ៉ែលក្នុងមួយថ្ងៃទៅកាន់សហភាពអឺរ៉ុប។
អ្នកវិភាគ Rystad បានគូសបញ្ចាក់ថា ទីក្រុងមូស្គូនឹងធ្លាក់ចុះការនាំចេញពី ៣ លានប៉ារ៉ែលមកនៅត្រឹម ជាង១លាន៧សែនបារ៉ែលក្នុងមួយថ្ងៃ ទៅកាន់សហភាពអឺរ៉ុប ខណៈសហភាពអឺរ៉ុបបានកំណត់ការនាំចូលមកនៅត្រឹម ១ លានប៉ារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ ។ នោះមានន័យថា បាត់បង់ប្រាក់ចំណូលរបស់រុស្ស៊ី នឹងមានយ៉ាងហោចណាស់ ៣,៥ ពាន់លានដុល្លារក្នុងមួយខែ នៃជំហានដាក់ទណ្ឌកម្មលើកដំបូងនេះ ។ លើសពីនេះទៅទៀតការខាតបង់ចំណូលរបស់រុស្ស៊ី នឹងអាចកើនឡើងដល់យ៉ាងហោចណាស់ ៤ពាន់៥រយលានដុល្លារក្នុងមួយខែ នៅពេលដែលការហាមឃាត់ពេញលេញរបស់សហភាពអឺរ៉ុបចាប់ផ្តើម។
អ្នកវិភាគបានអះអាងថា ការហ៊ុមព័ទ្ធប្រេងរបស់សហភាពអឺរ៉ុបនឹងធ្វើឱ្យប៉ះពាល់ដល់ប្រទេសរុស្ស៊ីច្រើនជាងសហភាពអឺរ៉ុប។
ខ្លឹមសារព័ត៌មានវិមានក្រឹមឡាំង បានអះអាងថា បើទោះបីជាសហភាពអឺរ៉ុបសម្រេចកាត់ផ្តាច់លើការនាំចូលប្រេងពីទីក្រុងម៉ូស្គូក្នុងចំនួនដ៏ច្រើនលើសលុបក៏ដោយ ប៉ុន្តែរុស្ស៊ីនឹងតស៊ូដើម្បីស្វែងរកការនាំចេញជំនួសទាំងស្រុងនូវបរិមាណនាំចេញទៅសហភាពអឺរ៉ុបដែលបាត់បង់ទាំងនោះ។
ទោះយ៉ាងណា ក្រុមអ្នកវិភាគ បានអះអាងថា ថ្វីបើប្រទេសឥណ្ឌាបាននិងកំពុងទិញប្រេងឆៅរុស្ស៊ីបញ្ចុះតម្លៃក្នុងបរិមាណកម្រិតកំពូល ប៉ុន្តែប្រទេសនេះកំពុងដំណើរការរោងចក្រចម្រាញ់ប្រេងរបស់ខ្លួនឲ្យមានសមត្ថភាពខ្ពស់ ដើម្បីកាត់បន្ថយការនាំចូល។ រីឯ ប្រទេសចិនវិញ មិនទាន់បង្កើនការនាំចូលប្រេងពីរុស្ស៊ីច្រើននៅឡើយទេ ខណៈសេដ្ឋកិច្ចរបស់ខ្លួនមិនសូវមានសន្ទុះខ្លាំង បន្ទាប់ពីការបិទខ្ទប់ដោយសារការឆ្លងរីករាលដាលនៃកូវីដ ១៩ យ៉ាងតឹងរាំង។ ក្នុងនោះ ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបនឹងរារាំងនាវាដឹកប្រេងរបស់ប្រទេសផ្សេងៗ ដែលចូលទៅដឹកជញ្ជូនប្រេងឆៅរបស់ក្រុងម៉ូស្គូផងដែរ។
គួរជម្រាបថា កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ ក្រុមហ៊ុន Gazprom របស់រុស្ស៊ីបាននិយាយថា ខ្លួននឹងកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទាំងស្រុងទៅកាន់ ប្រទេសដាណឺម៉ាក និង ក្រុមហ៊ុន Shell Energy របស់ប្រទេសអាឡឺម៉ង់ បន្ទាប់ពីប្រទេសទាំងពីរបានបដិសេធមិនព្រមទូទាត់ជាប្រាក់រូប្ល ខណៈសេចក្តីប្រកាសនេះធ្វើឡើង បន្ទាប់ពីមានកិច្ចព្រមព្រៀងកាលពីថ្ងៃចន្ទ ដោយមេដឹកនាំសហភាពអឺរ៉ុបក្នុងការកាត់បន្ថយការនាំចូលប្រេងរបស់សហភាពអឺរ៉ុប ៩០% រហូតដល់ចុងឆ្នាំនេះ៕