សេចក្ដីព្រាងច្បាប់ស្ដីពី​សណ្ដាប់ធ្នាប់​សាធារណៈ

សម្តេច ស ខេង ឆ្លើយតប​នឹង​អង្គការ​សង្គមស៊ីវិល​ថា សេចក្តី​ព្រាងច្បាប់​សណ្តាប់​ធ្នាប់​សាធារណៈ​ជា​ការត្រឹមត្រូវ


ឧបនាយករដ្ឋមន្ត្រី សម្តេច ស ខេង នៅថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០​នេះ បាន​ឆ្លើយតប​ទៅនឹង​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​នូវ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សណ្តាប់​ធ្នាប់​សាធារណៈ ដោយ​ថ្លែង​ការពារ​ថា សេចក្តី​ព្រាងច្បាប់​ដើម្បី​ប្រយោជន៍​សណ្តាប់​ធ្នាប់​សង្គម​ជាទូទៅ គឺ​ជា​ការត្រឹមត្រូវ។
សម្តេច ស ខេង៖ការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ មិនអាចធានាបានថាធ្វើបាន១០០%ទេ(រូបភាពពី ផេកក្រសួងមហាផ្ទៃ)
ដោយ

សម្តេច ស ខេង បាន​និយាយ​នៅឯ​ពិធីមួយ​ក្នុង​ខេត្ត​បាត់ដំបង យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​សួរថា ចុះ​បើ​កសាង​ផ្ទះ​នៅ​តំបន់​អាណាធិបតេយ្យ នៅភ្នំពេញ​មួយ​ចំនួន ពេលដែល​ភ្លើង​ឆេះ​នោះ ឡាន​វា​ចូល​មិន​ដល់​ដើម្បី​ទៅ​សង្រ្គោះ ព្រោះ​ផ្ទះ​វា​ណែន ហើយ​អត់​មាន​ផ្លូវ​ចូល … តើ​អ្នក​ថា​ហ្នុង ជា​ការ​គោរព​សិទ្ធិ​មនុស្ស​ទេ? ថា​វា​ខុស​ច្បាប់​ទេ? ផ្ទុយ​ទៅវិញ​យើង​ទេ ដែល​រំលោភ​សិទ្ធិ​មនុស្ស ព្រោះ​សង្រ្គោះ​មនុស្ស​វាអត់​បាន​ មនុស្ស​ស្លាប់ ទ្រព្យ​សម្បត្តិ​វា​ខូចខាត វា​ឆេះ​អស់។»

សម្តេច​បាន​បន្ត​ថា៖ «បាន​ន័យ​ថា យើង​ត្រូវ​រៀប​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ មិនមែន​អត់​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​ឯកភាព​យល់​ថា ការរៀបចំ​របស់​យើង​មិន​ត្រូវ​ឲ្យ​ប៉ះពាល់​សិទ្ធិ​ជាមូលដ្ឋាន​របស់​ប្រជាពលរដ្ឋ … ខ្ញុំ​ឯកភាព … ប៉ុន្តែ​ការៀបចំ​ឲ្យ​មាន​សណ្តាប់ធ្នាប់​គឺ​ជា​ការត្រឹមត្រូវ។»

អង្គការ​សង្គម​ស៊ីវិល​ជាតិ-អន្តរជាតិ និង​សហគមន៍​ចំនួន ៦៥ នៅ​ថ្ងៃ​ទី១៣​ ខែសីហា ឆ្នាំ២០២០ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​នូវ​សេចក្តី​ព្រាងច្បាប់​ស្តីពី​សណ្តាប់​ធ្នាប់​សាធារណៈ​នេះ ដោយ​អះអាង​ថា​មាន​លក្ខណៈ​គាប​សង្កត់។

ក្រុម​អង្គការ​ទាំងនោះ​បាន​គូស​បញ្ជាក់​នូវ​ក្តី​បារម្ភ​ចម្បងៗ​មួយ​ចំនួន​នៅក្នុង​សេចក្តី​ព្រាង​ច្បាប់​នោះ រួមមាន មាត្រា​ដែល​ហាម​ឃាត់​ការតាំង ឬ​ការលក់ដូរ​ទំនិញ​បំពាន​លើ​ទីសាធារណៈ​គ្មាន​សណ្តាប់​ធ្នាប់ និង​ការសុំទាន​តាម​គ្រប់​រូបភាព។

ការបារម្ភ​ផ្សេង​ទៀត គឺ​មាត្រា​ដែល​ហាមឃាត់​ការប្រើពាក្យ​សម្តី​ឮ​ខ្លាំងៗ និង​កំណត់​រាល់​​សំឡេង​បង្ក​ឱ្យ​ឮ​ខ្លាំង​រំខាន​ដល់​អ្នក​ដទៃ​ត្រូវ​បញ្ឈប់​ចាប់​ពីម៉ោង១២ ថ្ងៃត្រង់ ដល់​ម៉ោង១៤ រសៀល និង​ចាប់ពី ម៉ោង​២២​យប់ ដល់​ម៉ោង ៥​ព្រឹក លើកលែងតែ​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។

ក្រុមអង្គការ​បាន​អះអាង​បន្ត​ថា មាត្រា​ផ្សេង​ទៀត​ដែល​ហាមឃាត់​បុរស​ស្លៀក​​តែ​ខោ អត់​ពាក់អាវ ឬ​ស្លៀក​តែ​ខោ​ទ្រនាប់​បង្ហាញ​ផ្នែ​ក​ខ្លះ​នៃ​កេរ្តិ៍​ភេទ និង​ហាមឃាត់​ស្ត្រីពី​ការស្លៀកពាក់​ខ្លី​ខើច​លើ​ខើច​ក្រោម ឬ ស្លៀកពាក់​ស្តើង​មើល​ឃើញ​កេរ្ដិ៍​ភេទ​នោះ គឺ «ជាការបំពាន​លើ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ ប៉ះពាល់​ដល់​ស្វ័យភាព​របស់​បុគ្គល​និង​ពុំបាន​ពន្យល់​ច្បាស់លាស់​អំពី​និយមន័យ​នៃ​សេចក្តី​ថ្លៃថ្នូរ ដូច្នេះ ជាការទុក​ចន្លោះ​ប្រហោង​ឱ្យ​មាន​ការអនុវត្ត​ពុំ​ស្មើភាព​គ្នា»៕




អត្ថបទបន្ទាប់


គន្លឹះគ្រប់គ្រងរបស់ជនជាតិជប៉ុន ដែលអ្នកគួរឈ្វេងយល់!

ជនជាតិជប៉ុនត្រូវបានពិភពលោកស្គាល់ថា ជាពូជសាសន៍មួយដែលប្រកបដោយវិន័យខ្ពស់ ទាំងការរស់នៅនិងការបំពេញការងារ ខណៈដែលប្រទេសនេះ ក៏ធ្លាប់ជាកំពូ…

ជំនួបកំពូលពិសេស​ ចិន-សហភាពអឺរ៉ុប នៅខែ​កញ្ញានេះ នឹងផ្ដោត​លើ​ពាណិជ្ជកម្ម

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹង​ប្រារព្ធ​ជំនួប​កំពូល​តាមវីដេអូ​ ជាមួយ​នឹង​មេដឹកនាំ​សហភាព​អឺរ៉ុប​មួយចំនួន នៅ​ពាក់កណ្ដាល​ខែកញ្ញា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ