នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន កាលពីថ្ងៃពុធសប្ដាហ៍នេះ បានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រទេសអ្នកនាំចេញប្រេងឆៅដ៏ធំបំផុតក្នុងពិភពលោក ពោលគឺនៅក្រោយរយៈពេលត្រឹមតែ ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីប្រឹក្សាសន្តិសុខអាមេរិកលោក ប្រេត ម៉ែកហ្គឺក បានទៅដល់ប្រទេសមជ្ឈិមបូព៌ាមួយនេះដែរ ជាមួយគណៈប្រតិភូសហរដ្ឋអាមេរិកមួយក្រុម។
អារ៉ាប៊ីសាអូឌីត និងប្រទេសជិតខាងរបស់ខ្លួន គឺអារ៉ាប់រួម រួមទាំងប្រទេសផលិតប្រេងមួយចំនួនទៀត បានព្រងើយកណ្ដើយចំពោះការអំពាវនាវរបស់លោកខាងលិច ដែលសុំឱ្យពួកគេផលិតប្រេងថែមទៀត ដើម្បីទប់តម្លៃប្រេងកុំឱ្យឡើងថ្លៃខ្លាំង ហើយបានជាប់គាំងក្នុងកិច្ចព្រមព្រៀងផ្គត់ផ្គង់ប្រេងរបស់អង្គការ OPEC ជាមួយរុស្ស៊ីនិងប្រទេសដទៃទៀត។
ព្រះអង្គម្ចាស់ ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន់ ដែលជាអ្នកគ្រប់គ្រងបណ្ដោះអាសន្ននៅព្រះរាជាណាចក្រមួយនេះ អារ៉ាប់ប៊ីសាអូឌីត កន្លងមកនេះ បានប្រឈមមុខនឹងការរិះគន់ពីលោកខាងលិចយ៉ាងខ្លាំងជុំវិញការសម្លាប់អ្នកកាសែតអារ៉ាប៊ីសាអូឌីត គឺលោក ចាម៉ាល់ កាសូកគី (Jamal Khashoggi) នៅឆ្នាំ២០១៨។ ហើយដោយសារតែចំណុចមិនល្អនេះហើយទើបមកដល់ពេលនេះ ប្រធានាធិបតីអាមេរិកលោក Joe Biden បានបដិសេធមិនទាក់ទងដោយផ្ទាល់ជាមួយព្រះអង្គម្ចាស់រូបនេះឡើយ គិតមកទល់នឹងពេលនេះ។
ដោយហេតុតែទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតធ្លាក់ចុះដល់កម្រិតទាបបែបនេះ ហើយទើបកន្លងមកព្រះរាជទាយាទអារ៉ាប់ប៊ីសាអូឌីតអង្គនេះ បានងាកទៅចាប់ដៃគូពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី និងចិនជំនួសវិញ បើទោះជាប្រទេសតំបន់មជ្ឈិមបូព៌ាមួយនេះ មានទំនាក់ទំនងសន្តិសុខយ៉ាងជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោនយ៉ាងណាក៏ដោយ។
លោក ម៉ែកហ្គឺកទីប្រឹក្សាសន្តិសុខអាមេរិកនិងមន្ត្រីសហរដ្ឋអាមេរិកផ្សេងទៀតបានជួបមន្ត្រីជាន់ខ្ពស់អារ៉ាប៊ីសាអូឌីត ដោយជំរុញឱ្យពួកគេបូមប្រេងបន្ថែមទៀត និងស្វែងរកដំណោះស្រាយនយោបាយដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសយេម៉ែន ជាទីដែលកងកម្លាំងដឹកនាំដោយអារ៉ាប៊ីសាអូឌីត កំពុងប្រយុទ្ធនឹងក្រុមហ៊ូទី ដែលគាំទ្រដោយអ៊ីរ៉ង់។
ទន្ទឹមនឹងនេះនាយករដ្ឋមន្ត្រីអង់គ្លេសបានចាត់ទុកអារ៉ាប៊ីសាអូឌីតនិងអារ៉ាប់រួមថាជា«ដៃគូអន្តរជាតិដ៏សំខាន់»នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់ផ្ដាច់ពិភពលោកចេញពីការពឹងផ្អែកទាំងស្រុងលើការនាំចូលប្រេងពីរុស្ស៊ី និងដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បន្ទាប់ពីទីក្រុងម៉ូស្គូបានឈ្លានពានអ៊ុយក្រែន៕
អត្ថបទ សុខ ជា