អនុរដ្ឋមន្ត្រីក្រសួងកសិកម្មវៀតណាមលោក ដាង ង៉ុក ដៀប (Dang Ngoc Diep) រំពឹងថា ទំហំ
នាំចេញផ្លែទុរេនរបស់វៀតណាមនឹងអាចឈានដល់ប្រមាណ៤ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំនេះ។ ទុរេនបានក្លាយជាទំនិញកសិកម្មនាំចេញដ៏សំខាន់មួយរបស់វៀតណាម ដោយមានផ្ទៃដីដាំដុះប្រមាណ ២០០,០០០ហិកតា និងទិន្នផលប្រចាំឆ្នាំជាង២លានតោនក្នុងមួយឆ្នាំ។ នៅក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៦ វៀតណាមបាននាំចេញទុរេនក្នុងទំហំប្រមាណជិត២ពាន់លានដុល្លារ។ ក្នុងនោះគ្រាន់តែប្រទេសចិនបានទិញរហូតដល់ជាង១,៨ពាន់លានដុល្លារ ឬប្រមាណ៩៥% នៃការនាំចេញសរុបរបស់វៀតណាម។
ដើម្បីជំរុញការនាំចេញផ្លែទុរេន រដ្ឋាភិបាលវៀតណាមកំពុងព្យាយាមដោះស្រាយឧបសគ្គនៅតំបន់ដាំដុះសំខាន់ៗ ព្រមទាំងរឹតបន្តឹងការតាមដានប្រភពដើម និងការគ្រប់គ្រងគុណភាព។ ថ្មីៗនេះ ចិនបានអនុម័តលេខកូដតំបន់ដាំដុះទុរេនរបស់វៀតណាមបន្ថែម៥៦៧តំបន់ ដែលធ្វើឱ្យចំនួនសរុបកើនដល់ជាង១,៨០០តំបន់។
ទោះជាយ៉ាងណាវៀតណាម កំពុងប្រឈមនឹងលក្ខខណ្ឌតម្រូវផ្នែកបច្ចេកទេស និងទីផ្សារកាន់តែតឹងរ៉ឹង ខណៈថៃ និងម៉ាឡេស៊ី ក៏កំពុងប្រជែងគ្នាយ៉ាងខ្លាំងដើម្បីដណ្ដើមចំណែកទីផ្សារទុរេនដ៏ធំរបស់ចិន។ ដើម្បីកាត់បន្ថយការពឹងផ្អែកលើទីផ្សារចិន វៀតណាមកំពុងស្វែងរកទីផ្សារថ្មីៗដូចជាឥណ្ឌា អូស្ត្រាលី និងនូវែលសេឡង់ជាដើម។
កាលពីអំឡុងខែកក្កដា ឥណ្ឌាបានអនុម័តការនាំចូលទុរេនពីវៀតណាម ដែលបើកផ្លូវឱ្យផលិតផលនេះចូលទៅកាន់ទីផ្សារឥណ្ឌា ដែលមានប្រជាជនជាង១,៤ពាន់លាននាក់។ រដ្ឋាភិបាលវៀតណាម ក៏មានផែនការកែលម្អផលិតកម្ម សុវត្ថិភាពចំណីអាហារ ប្រព័ន្ធតាមដានការកែច្នៃ ការផ្ទុក និងភ័ស្តុភារ ដើម្បីធ្វើឱ្យការនាំចេញទុរេនរបស់ខ្លួនកាន់តែមានការប្រកួតប្រជែង និងមាននិរន្តរភាព៕
ដោយ: តែម សុខុម