
ជាក់ស្ដែងនាពេលថ្មីៗនេះ ក្រុមហ៊ុន លី ហួរបានបោះជំហានមួយកាន់តែធំថែមទៀតក្នុងវិស័យហិរញ្ញវត្ថុ គឺការបង្កើតនូវធនាគារពាណិជ្ជដ៏ធំមួយ ក្រោមការចាប់ដៃគូជាមួយនឹងក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន។ការទទួលបានភាពរីកចម្រើនដ៏អស្ចារ្យរបស់ក្រុមហ៊ុនលី ហួរ មកទល់នឹងសព្វថ្ងៃនេះ គឺមិនអាចខ្វះបាននូវថ្នាក់ដឹកនាំដែលមានចក្ខវិស័យ និងទស្សនវិស័យវែងឆ្ងាយ នោះគឺ លោកឧកញ៉ា លី ហួរ ។

ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យមុតស្រួចរបស់លោកឧកញ៉ា លី ហួរ បច្ចុប្បន្ន ក្រុមហ៊ុនលី ហួរ គ្រុបមានក្រុមហ៊ុនធំយ៉ាងតិច ៨ ផ្ដោតស្ទើរតែគ្រប់វិស័យ រាប់តាំងពី ជំនួញគ្រឿងអលង្ការមានតម្លៃ និងប្ដូរប្រាក់, កសិកម្ម, អចលនទ្រព្យ និងហិរញ្ញវត្ថុ។
អ្វីដែល គេចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺនៅរយៈពេលចុងក្រោយនេះ លោកឧកញ៉ា លី ហួរ បានចាប់ដៃគូជាមួយក្រុមហ៊ុនជប៉ុនដ៏ធំមួយ ដោយបានប្រែក្លាយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ទៅជាធនាគារពាណិជ្ជធំមួយ ដែលមានឈ្មោះថា អេស.ប៊ី.អាយ លី ហួរ។
លោក អ៊ុត សឿង គឺជាអគ្គនាយក នៃ ធនាគារ អេស.ប៊ី.អាយ លី ហួរ ថ្មីនេះ ។ « លីហួរ បានបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ កាលពីឆ្នាំ២០១២ ហើយយើងបានពង្រីកខ្លួនបន្តិចម្តងៗ រហូតដល់ឆ្នាំ២០១៩នេះ គឺយើងមានសាខា នៅគ្រប់ខេត្តក្រុងអស់បាត់ទៅហើយ ហើយយើងបានចាប់ដៃគូថ្មីមួយ ដែលជាវិនិយោគរបស់ជប៉ុនដ៏ធំមួយ ដែលមានឈ្មោះថា SBI Holdings ហើយ SBI Holdings ហ្នឹងគាត់មានក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធគាត់ជាង២៦០ ហើយមានទ្រព្យសកម្មសរុបលើសពី៥០ពាន់លានដុល្លារទៅទៀត។គាត់បានចាប់ដៃគូជាមួយយើង ហើយប្រែក្លាយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ ទៅជាធនាគារអេស.ប៊ី.អាយ លី ហួរ ម.ក»។

លោក អ៊ុត សឿងបានបញ្ជាក់ថា ការចាប់ដៃគូរវាងក្រុមហ៊ុនលី ហួរ ជាមួយនឹងក្រុមហ៊ុនជប៉ុន SBI Holdings ដើម្បីប្រែក្លាយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ទៅជាធនាគារពាណិជ្ជ SBI Ly Hour នេះ គឺជាការគិតគូរប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់លោកឧកញ៉ា លី ហួរ ក្នុងការបោះជំហានមួយកម្រិតទៀតនៅក្នុងវិស័យហិរញ្ញវត្ថុ។
ទោះបីជា មានវត្តមានធនាគារ និងមីក្រូហិរញ្ញវត្ថុកាន់តែច្រើន បាននិងកំពុងពង្រីកខ្លួនលើទីផ្សារយ៉ាងណាក្ដី ប៉ុន្ដែ ធនាគារ SBI Ly Hour នៅតែមានទំនុកចិត្ត និងជឿជាក់ខ្ពស់ចំពោះការឈានជើងចូលមកបំពេញតម្រូវទីផ្សារ ។

លោក អ៊ុត សឿង បានលើកឡើងពីចំណុចខ្លាំងរបស់ធនាគារ SBI Ly Hour យ៉ាងដូច្នេះថា«អ្វីដែលសំខាន់ គឺយើងបានតភ្ជាប់ប្រព័ន្ធធនាគាររបស់យើងហ្នឹងជាមួយលីហួរវេលុយ ដែលអនុញ្ញាតឲ្យអតិថិជនរបស់យើង អាចធ្វើប្រតិបត្តិការធនាគារហ្នឹងទូទាំង៥ពាន់ភ្នាក់ងារទូទាំងប្រទេស។ កេរ្តិ៍ឈ្មោះរបស់ឧកញ៉ា លី ហួរ នរណាក៏ស្គាល់ដែរ យើងមិនចាំបាច់បន្ថែមទេ SBI ឯណោះវិញ គឺជាក្រុមហ៊ុនជប៉ុនដ៏ធំ ដែលអាចជាប់លំដាប់ក្នុងចំណោមក្រុមហ៊ុន១០ធំៗ ទូទាំងប្រទេសជប៉ុន ហើយប្រទេសជប៉ុនផងដែរ គឺជាមហាអំណាចសេដ្ឋកិច្ចទី៣ក្នុងពិភពលោក ដែលនរណាក៏ដឹងដែរ អញ្ចឹងការបញ្ជូលគ្នារវាង លី ហួរ ដែលជាឧកញ៉ាដ៏ធំមួយនៅស្រុកខ្មែរ បូកជាមួយវិនិយោគិនដ៏ធំមួយទៀតរបស់ជប៉ុន ធ្វើធនាគារ អេស.ប៊ី.អាយ លី ហួរ ម.ករបស់យើង នឹងក្លាយទៅជាធនាគារមួយដែលមានទំនុកចិត្ត»។

គួរបញ្ជាក់ថា ធនាគារ អេស.ប៊ី.អាយ លី ហួរ គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនជប៉ុន អេស.ប៊ី.អាយ ហូលឌីង ដែលចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុនតូក្យូ។

បើទោះបីជា ការសហវិនិយោគចាប់ដៃគូជាមួយនឹងក្រុមហ៊ុនជប៉ុនក្ដី ប៉ុន្ដែ បើតាមការអះអាងរបស់លោក អគ្គនាយកធនាគារ SBI Ly Hour ធនាគារនេះ នៅតែរក្សាទុកថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ដដែលមិនមានការរុសរើតំណែងអ្វីនោះទេ។

«ជាទូទៅយើងឃើញ នៅពេលដែលមានការផ្លាស់ប្តូរភាគទុននិក ច្រើនតែមានការផ្លាស់ប្តូរថ្នាក់ដឹកនាំ មានការបញ្ជូលជនជាតិបរទេស ជាពិសេសជនជាតិដែលជាអ្នកវិនិយោគ តែសម្រាប់ខាងធនាគាររបស់យើង ភាគីជប៉ុនគឺគាត់មានទំនុកចិត្តខ្ពស់ នៅពេលដែលគាត់ចចារក្នុងការចូលហ៊ុនជាមួយធនាគាររបស់យើង គាត់ទាមទារធ្វើម៉េចឲ្យថ្នាក់ដឹកនាំនៅរក្សាធ្វើការនៅហ្នឹងដដែល ជាពិសេសទៅទៀតនោះគឺឧកញ៉ា លីហួរ នៅតែកាន់ដំណែងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគាររហូត»។
យោងតាមរបាយការណ៍ពីធនាគារជាតិ គិតមកដល់ឆមាសទី១ ទ្រព្យសកម្មរបស់ធនាគារ និងហិរញ្ញវត្ថុ មានកំណើនដល់ ជាង ៥៤ពាន់លានដុល្លារ។ ឥណទានអតិថិជន មានជាង ៣៤ពាន់លានដុល្លារ ខណៈប្រាក់បញ្ញើអតិថិជន មានកំណើន ៣០ពាន់លានដុល្លារ។ បើគិតជាចំនួនគណនីឥណទានអតិថិជនបានកើនជាង ៣លានគណនី ខណៈគណនីប្រាក់បញ្ញើអតិថិជនមានជាង៨លានគណនី។

ក្នុងនោះដែរ ចំនួនគ្រឹះស្ថានធនាគារពាណិជ្ជមានចំនួន ៥១, ធនាគារឯកទេសមានចំនួន ១៤, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៦ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន ៧៦។
តាមការបេជ្ញាចិត្ត របស់ធនាគារ អគ្គនាយកធនាគារ SBI Ly Hour នៅក្នុងរយៈពេល ៣ ទៅ៥ឆ្នាំទៅមុខទៀត លោកជឿជាក់ថា ធនាគារ អេសប៊ីអាយ លី ហួរ នឹងក្លាយជាធនាគារមួយក្នុងចំណោមធនាគារធំៗទាំង១០ នៅកម្ពុជា។
«ជាប្រចាំឆ្នាំ យើងអាចមានគម្រោងបង្កើតសាខាបន្ថែម ជាមធ្យមប្រហែល១០សាខា ហើយអ្វីដែលយើងចង់បាន គឺនៅក្នុងរយៈពេលដ៏ខ្លី យើងចង់ឲ្យក្លាយទៅធនាគារធំមួយ ក្នុងចំណោមធនាគារ១០ នៅក្នុងព្រះរាជាណាចក្រកម្ពុជា»៕
