អត្ថបទក្រុមហ៊ុន

អេសស៊ីជី (SCG) មានមោទនភាពក្នុងការជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីប្រកួតជំនាញថ្នាក់ជាតិរបស់ កម្ពុជា


អេសស៊ីជី (SCG) បានចូលរួមជាមួយបណ្ដាស្ថាប័នជាច្រើនទៀត ក្នុងការឧបត្ថម្ភគាំទ្រកម្មវិធី ប្រកួតជំនាញថ្នាក់ជាតិលើកទី៨ របស់កម្ពុជា ដែលរៀបចំឡើងនៅសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ។
អេសស៊ីជី (SCG) មានមោទនភាពក្នុងការជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីប្រកួតជំនាញថ្នាក់ជាតិរបស់ កម្ពុជា
ដោយ

កម្មវិធីប្រកួតជំនាញថ្នាក់​ជាតិលើកទី៨នេះ​បានចាប់ផ្ដើមកាលពីថ្ងៃទី ២៤ ហើយនឹង​បន្តរហូតដល់ថ្ងៃទី ២៨ តុលា ដែលមានរយៈពេលប្រាំថ្ងៃជាប់គ្នា ។

កម្មវិធីប្រកួតជំនាញថ្នាក់​ជាតិ ត្រូវបានរៀបចំរៀងរាល់ពីរឆ្នាំម្ដង ហើយ​ការ​ប្រកួត​ក្នុងឆ្នាំនេះ មានការចូលរួមពីបេក្ខជនចំនួន ៦១ រូប ដើម្បីប្រជែង​យកតំណែងជើងឯក។

បេក្ខជនទាំងអស់នោះ មកពីគ្រឹះស្ថានបណ្ដុះបណ្ដាលចំនួន ១៣ ដែលផ្ដល់ការ​បណ្ដុះបណ្ដាលបច្ចេកទេស​ និង​វិជ្ជាជីវៈដល់យុវជន​កម្ពុជា ដែលក្នុងនោះរួមមាន វិទ្យាស្ថានអភិវឌ្ឍន៍មុខ​ជំនាញកម្ពុជា-ថៃ អង្គការ PSE សាលាដុនបូស្កូ និង​គ្រឹះស្ថានផ្សេងទៀត ។

កម្មវិធីប្រកួតនេះ ផ្ដោតលើ​មុខជំនាញ​ជា​ច្រើន​រួមមាន ជំនាញត​បណ្ដាញអគ្គិសនី ជំនាញ​សរ​សេរ​កម្មវិធី​កុំព្យូទ័រ​ធុរកិច្ច​ ជំនាញ​រៀប​ឥដ្ឋ និងជំនាញរៀបការ៉ូជាដើម។

ក្នុងឱកាស​អញ្ជើញជា​អធិបតី​ក្នុងពិធីបើកនោះ ឯកឧត្តម បណ្ឌិត​ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ​ប្រចាំការ​ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា៖ “គោលបំណងនៃការ​រៀបចំឲ្យមានការ​ប្រកួត​ប្រជែងជំនាញ នេះ គឺដើម្បីផ្ដល់នូវវេទិកា​មួយ សម្រាប់​យុវជន សិស្ស-និស្សិត​ គ្រូបង្រៀន ទីផ្សារ​ការងារ​ ​ឧស្សាហកម្ម ឯកជន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនទំនាក់ទំនង មិត្តភាព សហប្រតិបត្តិការ ការ​ផ្លាស់ប្ដូរជំនាញ និងលើកកម្ពស់ការអប់រំ បណ្ដុះបណ្ដាល បច្ចេកទេស​ និងវិជ្ជាជីវៈរបស់កម្ពុជា”។

ក្រុមហ៊ុន អេសស៊ីជី បានឲ្យដឹងថា ការឧបត្ថម្ភដល់កម្មវិធី​ប្រកួតប្រជែងបែបនេះ គឺមានគោលបំណងចូលរួមជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍ​ជំនាញរបស់​ កម្លាំងពលកម្មរបស់​ប្រទេស កម្ពុជាឲ្យ​កាន់តែមានជំនាញ និងផលិតភាពខ្លាំងជាងមុន ហើយទៅថ្ងៃអនាគត ពួកគេនឹង​អាចជួយជំរុញផលិតភាពរបស់ក្រុមហ៊ុនបាន នៅពេលដែលកម្លាំងពលកម្មជំនាញទាំងនោះចូលរួមធ្វើការ​បម្រើ​ឲ្យ​សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន។

ក្នុងកម្មវិធីប្រកួតជំនាញថ្នាក់ជាតិនេះ បេក្ខជន​ដែលឈ្នះបានមេដាយមាស​នឹង​ទទួលបានរង្វាន់លើកទឹកចិត្ជាទឹកប្រាក់ ៣ លានរៀន មេដាយប្រាក់ទទួលបាន ២ លានរៀន និងមេដាយសំរិទ្ធទទួលបាន ១ លានរៀល ។ បេក្ខជនជ័យលាភី ក៏មាន​ឱកាស​ទៅចូលរួមប្រកួតប្រជែងជំនាញ​នៅថ្នាក់តំបន់ និង​​សកល​លោក​ផងដែរ ។

ឯកឧត្តម បណ្ឌិត​ពេជ សោភ័ន មានប្រសាសន៍ថា កន្លងមកកម្ពុជា​ធ្លាប់បានចូលរួម​នៅ​ក្នុងការ​ប្រកួតជំនាញនៅ​ថ្នាក់អាស៊ានជា​ច្រើនលើកមកហើយ ហើយក៏បានឈ្នះមេដាយ​សម្រាប់ប្រទេស​ជាតិផងដែរ។ ឯកឧត្តម បណ្ឌិត បានបន្តថា ក្នុងឆ្នាំ ២០១៥ កម្ពុជាក៏បានចូលរួម​​ក្នុងការ​ប្រកួតជំនាញនៅ​ក្នុង​ប្រទេស​ចិន​ដោយបានឈ្នះមេដាយមាស​​សម្រាប់​វិញ្ញាសារ​ម៉ាស៊ីនស្វ័យប្រវត្តិកម្មថែមទៀតផង។




អត្ថបទបន្ទាប់


ទីបំផុត ផ្លែមៀនស្រស់របស់កម្ពុជាត្រូវបានសម្ពោធនាំចេញជាផ្លូវការទៅកាន់ទីផ្សារចិនហើយ

បន្ទាប់ពីចរចាអស់រយៈពេលជាង៣ឆ្នាំ និងបានអនុវត្តការផលិតវេខ្ចប់ស្របតាមស្ដង់ដារតម្រូវរបស់រដ្ឋបាលគយចិនរួចមក នៅទីបំផុត ផ្លែមៀនស្រស់របស់កម្ពុជា…

ចំណូលពន្ធដារសម្រេចបានជាង ២,៩ ពាន់លានដុល្លារ នៅជិត១០ខែឆ្នាំនេះ ស្មើនឹង ១០៤% នៃផែនការច្បាប់

ទោះបីជាស្ថិតក្នុងស្ថានភាពនៃការងើបឡើងវិញនៃសេដ្ឋកិច្ចបន្ទាប់ពីការបាក់ស្រុតដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ និងកំពុងប្រឈមនឹងផលប៉ះពាល់ថ្មីនៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ