«អាត្មាភាព សូមថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា និងលោកជំទាវ ដែលមានសទ្ឋា ចិត្តជ្រះថ្លាដ៏ខ្ពង់ខ្ពស់បានថ្វាយបច្ច័យបូជាចំពោះព្រះរតនត្រ័យចំនួន១០ម៉ឺនដុល្លារចូលរួមកសាងអគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា»។ នេះជាព្រះរាជសារថ្លែងអំណរគុណរបស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះអ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលដ៍ប្រ៊ីដគ្រុប និងលោកជំទាវ។
ក្រៅពីអ្នកឧកញ៉ា សៀ ឬទ្ធី ក៏មានអ្នកឧកញ៉ា ឧកញ៉ា ដែលជាសមាជិកសមាគមឧកញ៉ាកម្ពុជាជាច្រើនរូបទៀតបានបរិច្ចាគថវិកា ដើម្បីចូលរួមកសាងអគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណវត្តស្វាយពពែ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញនេះដែរ។ បើតាមរបាយការណ៍របស់សមាគមឧកញ៉ាកម្ពុជា ក្រោមការបរិច្ចាគរបស់អ្នកឧកញ៉ា ឧកញ៉ា សមាគមទទួលបានថវិកាជាង២លាន៤១ម៉ឺនដុល្លារ ហើយថវិកាទាំងនេះត្រូវបានគេនជូនសម្តេចព្រះសង្ឃរាជ បួរ គ្រី រួចហើយកាលពីថ្ងៃទី២០ តុលា ឆ្នាំ២០២២។
ការបរិច្ចាគថវិកាពីសំណាក់អ្នកឧកញ៉ា ឧកញ៉ា ដែលជាសមាជិកសមាគមឧកញ៉ាកម្ពុចាំនេះ ធ្វើឡើងតបតាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា ដែលជំរុញឲ្យសមាគមឧកញ៉ាកម្ពុជាឧបត្ថម្ភថវិកាដើម្បីចូលរួមសាងសង់អគារសិក្សានៅសាកលវិទ្យាល័យខាងលើ។ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យសមាគមឧកញ៉ាកម្ពុជា ឧបត្ថម្ភថវិកាចូលរួមសាងសង់អគារសិក្សាថ្មី ដើម្បីលើកកម្ពស់វិស័យអប់រំពុទ្ធិកឧត្តមសិក្សា និងឧបត្ថម្ភគាំទ្រដល់ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែល ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ក្រោមព្រះរាជកិច្ចដឹកនាំដោយផ្ទាល់របស់សម្តេចព្រះមហាសង្ឃរាជ ជាអម្ចាស់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សឈរលើតម្លៃស្នូល "មេត្តា សតិ បញ្ញា” តាមរយៈការផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់សមណនិស្សិត-និស្សិតមកពីគ្រប់រាជធានី-ខេត្ត ក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ពង្រីកចំណេះដឹង បង្កើនសមត្ថភាព ទូទាំងប្រទេសកម្ពុជា»៕