ថ្មីៗនេះ ក្នុងកិច្ចសម្ភាសខ្លីមួយជាមួយ ខេមបូណូមីស អ្នកឧកញ៉ា សៀ ឫទ្ធី មានប្រសាសន៍ថា តាមពិតទៅ លោកក៏រៀនសូត្រនិងយកគំរូតាមមហាសេដ្ឋីជំនួញពិភពលោកម្នាក់ដែរ សម្រាប់ការអភិវឌ្ឍខ្លួន និងប្រតិបត្តិអាជីវកម្ម។
មហាសេដ្ឋីរូបនោះ គឺលោក Robert Kuok (រ៉ូប៊ើត គួក) ជាអ្នកជំនួញជនជាតិចិនម៉ាឡេ និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សណ្ឋាគារនិងរមណីយដ្ឋាន Shangri-La។
អ្នកឧកញ៉ា សៀ ឫទ្ធី មានប្រសាសន៍យ៉ាងដូច្នេះ ៖ «សម្រាប់ខ្ញុំ រាល់ថ្ងៃនេះ ការយកជា Role Model តាមអ្នករកស៊ីស្រុកណាមួយនោះ គឺខ្ញុំមានមនុស្សម្នាក់ ដែលខ្ញុំតែងតែអាននូវសៀវភៅរបស់គាត់ និងមើលការអភិវឌ្ឍខ្លួនគាត់ គឺថៅកែ Shangri-La លោក រ៉ូប៊ើត គួក (Robert Kuok) ពីព្រោះ មុខរបររបស់គាត់ និងមុខរបររបស់ខ្ញុំ គឺប្រហាក់ប្រហែលគ្នា»។
លោក រ៉ូប៊ើត គួក ដែលអ្នកឧកញ៉ា សៀ ឫទ្ធី យកជាគំរូនេះ គឺជាមហាសេដ្ឋីទីមួយនៅប្រទេសម៉ាឡេស៊ី និងជាមហាសេដ្ឋីទី២ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីលោក ថានិន ជារ៉ាវ៉ានុន ដែលជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CP Group ប្រទេសថៃ។
អ្នកឧកញ៉ា សៀ ឫទ្ធី បានរៀបរាប់បន្តអំពីលោក រ៉ូប៊ើត គួក យ៉ាងដូច្នេះថា ៖ «លោក រ៉ូប៊ើត គួក គាត់មានបានចេញពីជំនួញស្ករ ដែលគេហៅគាត់ថា King of Sugar ប៉ុន្តែ គាត់ជោគជ័យបាន គឺដោយសារគាត់មានក្រុមហ៊ុន logistics (ការដឹកជញ្ជូន) ហើយខ្ញុំរាល់ថ្ងៃ ក៏មានក្រុមហ៊ុន logistics ដែរ។ ហើយគាត់អភិវឌ្ឍខ្លួនគាត់ពី logistics គាត់ទៅធ្វើ property (អចលនទ្រព្យ) គាត់ទៅធ្វើ trading អ្វីៗទាំងអស់ហ្នឹង គឺជា cycle ជាការគ្របដណ្ដប់ទៅលើ supply chain របស់ក្រុមហ៊ុនគាត់ »។
ដោយសារចំណុចប្រហាក់ប្រហែលគ្នានៃមុខរបរទាំងអស់នេះហើយ ដែលនាំឲ្យអ្នកឧកញ៉ាមហាសេដ្ឋី logistics និងអចលនទ្រព្យកម្ពុជារូបនេះ យកគំរូតាមមហាសេដ្ឋីចិនម៉ាឡេស៊ី រ៉ូប៊ើត គួក។
អ្នកឧកញ៉ា សៀ ឫទ្ធី បញ្ជាក់ផងដែរថា យើងយកអ្នករកស៊ីណាម្នាក់ធ្វើជាគំរូ (role model) គឺត្រូវមើលថាតើជំនាញរបស់យើង ដូចអ្នកនោះ ឬអត់។ «ជំនាញរបស់ខ្ញុំ គឺ logistics ទើបខ្ញុំយកលោក រ៉ូប៊ើត គួក ជាគំរូ។ ខ្ញុំមិនអាចទៅយក Bill Gates ឬ Warren Buffet ជាគំរូបានទេ ពីព្រោះខ្ញុំអត់ចេះជំនាញ IT ទេ»។
នៅពេលសួរថា តើលោក រ៉ូប៊ើត គួក មានចំណុចពិសេសអ្វីខ្លះក្នុងមុខជំនួញ ដែលអ្នកឧកញ៉ាយកគំរូតាម អ្នកឧកញ៉ា សៀ ឫទ្ធី មានប្រសាសន៍ថា ៖ «ចំណុចពិសេស ដែលខ្ញុំសរសើរគាត់ [រ៉ូប៊ើត គួក] គឺក្នុងមុខរបររបស់គាត់ មានមុខរបរពីរដែលគាត់អត់ធ្វើ៖ ទីមួយ គឺគ្រឿងស្រវឹង និងទីពីរ គឺ កាស៊ីណូ។ ហើយខ្ញុំរាល់ថ្ងៃ គ្រឿងស្រវឹង និងកាស៊ីណូ ក៏ខ្ញុំអត់ធ្វើដែរ»។
គួររំលេចបន្ថែមដែរថា លោក រ៉ូប៊ើត គួក បើយោងតាមទស្សនាវដ្ដី Forbes គឺមានទ្រព្យសម្បត្តិសរុប ១២,២ពាន់លានដុល្លារអាមេរិក (គិតត្រឹមខែកក្កដា ឆ្នាំ២០១៧) ហើយសព្វថ្ងៃ លោកមានអាយុ ៩៤ឆ្នាំហើយ។
ក្រៅពីគេស្គាល់ថា ជាថៅកែសណ្ឋាគារនិងរមណីយដ្ឋាន Shangri-La ដ៏ល្បីល្បាញ លោក រ៉ូប៊ើត គួក ក៏មានរហ័សនាមជា ស្ដេចស្ករ (King of Sugar) ឬ ស្ដេចប្រេងឆា (King of Cooking Oil) ផងដែរ៕