ព្រឹទ្ធសភា

សមាជិកព្រឹទ្ធសភាបោះឆ្នោតគាំទ្រ១០០% ឱ្យសម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រធានព្រឹទ្ធសភា


ព្រឹទ្ធសភានីតិកាលទី៥ បានបើកសម័យប្រជុំលើកដំបូងរបស់ខ្លួននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ សម័យប្រជុំដែលដឹកនាំដោយឯកឧត្តម សុខ ឥសាន ប្រធានព្រឹទ្ធសភាបោះអាសន្ន ក៏មានការរៀបចំការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានទី១ និងអនុប្រធានទី២នៃព្រឹទ្ធសភាផងដែរ។
ព្រឹទ្ធសភា
ដោយ

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានវ័យ៧២ឆ្នាំត្រូវបានសមាជិកព្រឹទ្ធសភាបោះឆ្នោតគាំទ្រឱ្យធ្វើជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ជំនួសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលសុំចូលនិវត្តន៍ និងត្រូវបំពេញតួនាទីជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រមានឋានៈស្មើនាយករដ្ឋមន្ត្រី បន្ទាប់ពីបានឡើងកាន់តំណែងនេះតាំងពីឆ្នាំ២០១៥ ក្រោយសម្តេច ជា ស៊ីម ទទួលមរណភាព។

នៅក្នុងការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភា ដែលធ្វើឡើងក្រោមទម្រង់គូសយល់ព្រម មិនយល់ព្រម និងអនុបវាទនេះ សម្តេចតេជោ ហ៊ុន សែន ទទួលបានសំឡេងគាំទ្រជាឯកច្ឆន្ទពីអង្គបោះឆ្នោតក្នុងសំឡេង៦២សំឡេងលើ៦២សំឡេង។ សម្តេចតេជោ បានដាក់លិខិតលាលែងពីសមាជិករដ្ឋសភា ដែលសម្តេចអះអាងថា សម្តេចបានបំពេញតួនាទីនេះជាងពាក់កណ្តាលជីវិតកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។

ក្រៅពីបោះឆ្នោតជ្រើសរើសប្រធានព្រឹទ្ធសភា ក៏មានការបោះឆ្នោតជ្រើសរើសអនុប្រធានទី១ និងអនុប្រធានទី២នៃព្រឹទ្ធសភាផងដែរ។ ក្នុងនោះឯកឧត្តម ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអតីតតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ត្រូវបានសមាជិកព្រឹទ្ធសភាបោះឆ្នោតគាំទ្រ១០០%ជាមួយសំឡេងឯកច្ឆន្ទ៦២លើ៦២ឱ្យធ្វើជាអនុប្រធានទី១ព្រឹទ្ធសភា ជំនួសឯកឧត្តម ស៊ីម កា ដែលបានកាន់តំណែងនេះតាំងពីឆ្នាំ២០១៨។

បច្ចុប្បន្នលោក ស៊ឹម កា ត្រូវបំពេញភារកិច្ចជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រមានឋានៈស្មើ ឧបនាយករដ្ឋមន្ដ្រី។ ឯកឧត្តម ប្រាក់ សុខុន បានដាក់លិខិតលាលែងពីតំណែងសមាជិករដ្ឋសភានៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។

ដោយឡែកឯកឧត្តម អ៊ុច បូររិទ្ធ ត្រូវបានសមាជិកព្រឹទ្ធសភាផ្តល់សេចក្តីទុកចិត្តបោះឆ្នោតគាំទ្រ១០០% ឱ្យធ្វើជាអនុប្រធានទី២នៃព្រឹទ្ធសភានីតិកាលទី៥ ជំនួសឯកឧត្តម ទេព ងន ដែលត្រូវបំពេញតួនាទីជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រមានឋានស្មើឧបនាយករដ្ឋមន្ត្រី។ ឯកឧត្តម ទេព ងន ដែលបានកាន់តំណែងជាអនុប្រធានទី២នៃព្រឹទ្ធសភាតាំងពីឆ្នាំ២០០៦ ត្រូវបានព្រះមហាក្សត្របញ្ចប់តំណែងពីទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។

ក្រោយទទួលបានការផ្តល់សេចក្តីទុកចិត្ត សមាជិកសភាព្រឹទ្ធសភា នីតិកាលទី៥ទាំងអស់ នឹងត្រូវស្បថចូលកាន់តំណែងនៅក្នុងព្រះបរមរាជវាំងនៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នេះ។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានគណបក្សនយោបាយចំនួន៤ចូលរួមប្រកួតប្រជែង រួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ ជាលទ្ធផលក្រោយការបោះត្នោតគណបក្សប្រជាជនកម្ពុជាទទួលបាន៥៥អាសនៈ ខណៈគណបក្សឆន្ទៈខ្មែរទទួលបាន៣អាសនៈ៕

None



អត្ថបទបន្ទាប់


បាតុភូតអែលនីណូ ធ្វើពលរដ្ឋឥណ្ឌូណេស៊ីជួបការលំបាក ដោយសារតម្លៃអង្ករកើនខ្ពស់

បាតុភូតអាកាសធាតុអែលនីណូ (El Nino) បានធ្វើឱ្យប្រជាពលរដ្ឋឥណ្ឌូណេស៊ីជួបការលំបាកយ៉ាងខ្លាំងក្នុងការប្រកបកសិកម្ម ដោយសារប្រភពទឹកមួយចំនួនបានរី…

ព្រះមហាក្សត្រ៖ ព្រឹទ្ធសភាត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អ និងមានតុល្យភាព

ព្រះមហាក្សត្រនៃកម្ពុជាមានព្រះរាជបន្ទូលថា ព្រឹទ្ធសភាត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ និងមានតុល្យភាព ដើម្បីការពារសន្តិភាព ឯករ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ