ឯកឧត្តម ហ៊ុនម៉ាណែត ដែលទើបត្រូវបានជាប់ឆ្នោតគាំទ្រធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតនោះ បានធ្វើដំណើរទស្សនកិច្ចនៅទីក្រុងតូក្យូប្រទេសជប៉ុន និងបានចូលសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនឹងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi ផងដែរ។ នៅក្នុងជំនួបនោះ លោក Hayashi បានស្វាគមន៍យ៉ាងកក់ក្ដៅសម្រាប់ដំណើរទស្សនកិច្ចរបស់ឯកឧត្តមហ៊ុន ម៉ាណែតក្នុងទឹកដីប្រទេសជប៉ុន ព្រមទាំងបានលើកឡើងពីចំណងមិត្តភាពដ៏ល្អិតល្មួតរវាងកម្ពុជា និងប្រទេសជប៉ុន ដោយភាគីទាំងពីមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើការដោះស្រាយនូវបញ្ហាទាក់ទងនឹងប្រទេសមីយ៉ាន់ម៉ា រួមទាំងបញ្ហាតំបន់ផ្សេងៗទៀតផងដែរ។
ឯកឧត្តម ហ៊ុន ម៉ាណែត នាពេលកន្លងមកក៏ធ្លាប់បានអមដំណើរនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន ធ្វើដំណើរទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ាកាលពីដើមខែមករាកន្លងទៅនេះផងដែរ ដែលនេះជាលើកដំបូងហើយ ដែលមេដឹកនាំបរទេសធ្វើដំណើរទស្សនកិច្ចទៅប្រទេសនេះដោយផ្ទាល់ ចាប់តាំងពីយោធាឡើងកាន់អំណាចបានមួយឆ្នាំ។
បច្ចុប្បន្ន កម្ពុជាជាប្រធានអាស៊ាន ហើយនាយករដ្ឋមន្រ្តីសម្តេចតេជោ ហ៊ុន សែន បាន និងកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងជាមួយអាស៊ាន ដើម្បីបន្ធូរបន្ថយវិបត្តិមីយ៉ានម៉ា ដែលអ្នកជំនាញអង្គការសហប្រជាជាតិខ្លះបានចាត់ទុកបញ្ហានៅមីយ៉ាន់ម៉ានេះ ថាជាសង្រ្គាមស៊ីវិល។
ទោះជាយ៉ាងនេះក្តី លោក Hayashi រដ្ឋមន្ត្រីការបរទេសជប៉ុន បានលើកសរសើរពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានទៅទស្សនៈកិច្ចនៅប្រទេសមីយ៉ាន់ម៉ាថាជាកិច្ចខិតខំប្រឹងប្រែងវិជ្ជមានក្នុងការដោះស្រាយស្ថានការណ៍នៅក្នុងប្រទេសនេះ។
ក្នុងនោះផងដែរ លោក Hayashi ក៏បានគូសបញ្ជាក់ដែរថា ប្រទេសជប៉ុនសង្ឃឹមថា នឹងសហការជាមួយកម្ពុជាក្នុងការសម្រេចបាននូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និង បើកចំហ ដែលជប៉ុនកំពុងជំរុញឲ្យមានការកាត់បន្ថយនៃការកើនឡើងឥទ្ធិពលរបស់ចិន៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន