 
      កាលពីប៉ុន្មានឆ្នាំមុន ប្រទេសហ្វ៊ីលីពីន និងឥណ្ឌូនេស៊ី ត្រូវបានគេស្គាល់ថា ជាប្រទេសនៃតំបន់អាស៊ាន ដែលមានប្រតិបត្តិអាជីវកម្មសេដ្ឋកិច្ចចែករំលែកនេះច្រើនជាងគេ ក្រោយមកគំនិតរកស៊ីនេះ ក៏បានបន្តបញ្ជ្រាបខ្លួនចូលមកបណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់ តួយ៉ាង ប្រទេសសិង្ហបុរី ត្រូវបានគេសម្គាល់ថា ជាប្រទេសមួយដែលមានសក្ដានុពលខ្លាំងសម្រាប់សេដ្ឋកិច្ចចែករំលែក។
តាមការស្រាវជ្រាវមួយបានបង្ហាញថា នៅត្រឹមឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មនៃសេដ្ឋកិច្ចចែករំលែកនេះ ទូទាំងសកលលោក មានប្រមាណ៣៣៥ប៊ីលានដុល្លារ ក្នុងនោះ ប្រទេសនៃប៉ែកអាស៊ីអាគ្នេយ៍ទំនងជាទទួលបានអត្ថប្រយោជន៍ច្រើនពីវិស័យនេះ។
តួយ៉ាង នៅកម្ពុជាបច្ចុប្បន្ននេះ ការជួលការិយាល័យបែបចែករំលែក ឬហៅថា Co-working Space ដែលសំដៅលើការជួលកន្លែងធ្វើការងារ បែបជាសហគមន៍ ដោយមានប្រើប្រាស់សេវាកម្មរួមគ្នាដូចជាបន្ទប់ប្រជុំរួម តុអង្គុយរួមគ្នា និងការប្រើប្រាស់អ៊ិនថឹណិត និងសម្ភារៈរួមគ្នាផ្សេងទៀតជាដើមនោះ បាននិងកំពុងមានតម្រូវការកើនឡើងគួរឲ្យកត់សម្គាល់។ ជាក់ស្ដែង បើតាមអ្នកជំនាញក្នុងវិស័យនេះ មានក្រុមហ៊ុនប្រមាណ ១០ក្រុមហ៊ុនហើយ កំពុងប្រតិបត្តិការផ្ដល់សេវាកម្មនេះ។
 
      លោក ឡាស៍ រីធីង នាយកប្រចាំប្រទេសនៃក្រុមហ៊ុន រីជឹស (Regus) កម្ពុជា បានលើកឡើងថា ដ្បិតថា សេវាកម្មនេះ ថ្មីសម្រាប់កម្ពុជាក៏ពិតមែន ប៉ុន្ដែ វាជានិន្នាការមួយដែលពិភពលោកកំពុងតែអនុវត្តច្រើន។
លោកបន្ថែមថា ស្របពេលដែលកម្ពុជាមានប្រជាជនវ័យក្មេងធ្វើការច្រើន នោះនឹងធ្វើឲ្យតម្រូវការសេវាកម្មការិយាល័យបែបចែករំលែកនេះ នឹងមានតម្រូវការខ្លាំងនាអនាគត ព្រោះថា អ្នកធ្វើការងារវ័យក្មេងទាំងនោះ តែងតែនិយមវប្បធម៌ធ្វើការងារថ្មីៗ ពោលគឺពួកគេមានទំនោរចង់ធ្វើការងារនៅទីណាក៏បាន ពេលណាក៏បាន។
លោក វីធីង បន្តថា តាមការស្រាវជ្រាវរបស់លោក មាន ៥៥% នៃការិយាល័យធម្មតា ឬការិយាល័យបែបប្រពៃណី លែងមានមនុស្សចង់ទៅធ្វើការនៅទីនោះហើយ។
ដោយមើលឃើញពីតម្រូវការទីផ្សារនេះហើយ ទើបធ្វើឲ្យក្រុមហ៊ុន រីជឹស បានបង្កើតមជ្ឈមណ្ឌលការិយាល័យទី២របស់ខ្លួននៅកម្ពុជា ដែលអាចផ្ដល់ទីតាំងធ្វើការងារបានរហូតដល់ ១៩១កន្លែង ខណៈដែលការិយាល័យទីមួយដែលបានបើកតាំងពីឆ្នាំ២០១២នោះ មានទីតាំងធ្វើការ ២០៨កន្លែង។
 
      នាយកប្រចាំប្រទេសរូបនេះ បានគូសបញ្ជាក់ថា សម្រាប់តម្លៃនៃការជួលការិយាល័យរបស់ក្រុមហ៊ុន រីជឹស មានទាបបំផុតចាប់ពី ៧៩ដុល្លារក្នុងមួយខែ សម្រាប់ទីតាំងការងារ១កន្លែង។ ពិសេសជាងនេះទៀតនោះ អ្នកដែលមានឈ្មោះជាសមាជិកហើយ ក៏អាចធ្វើការក្នុងមជ្ឈមណ្ឌលការិយាល័យរបស់ក្រុមហ៊ុន ដែលមាននៅបណ្ដាប្រទេសជាង១០០ផ្សេងទៀតផងដែរ។
ជាមួយគ្នានេះដែរ លោក បេ ចន្ត្រា សហស្ថាបនិកក្រុមហ៊ុន Emerald Hub ដែលផ្ដល់សេវាកម្មជួលការិយាល័យបែបចែករំលែកនេះ បានលើកឡើងដែរថា គិតមកទល់ពេលនេះ មានក្រុមហ៊ុនផ្ដល់សេវានេះទាំងក្នុងស្រុក និងបរទេស មានប្រមាណ ១០ក្រុមហ៊ុនហើយ ដែលនេះសបញ្ជាក់ឲ្យឃើញថា តម្រូវការសេវាកម្មនេះកំពុងមានការកើនឡើងខ្លាំង។
លោកបន្តថា ជាទូទៅ អ្នកជួលការិយាល័យបែបចែករំលែកនេះ ភាគច្រើន ជាអ្នកដែលចាប់ផ្ដើមអាជីវកម្មខ្នាតតូចថ្មីថ្មោង អ្នកធ្វើការងារក្រៅម៉ោង និងបុគ្គលិកជនជាតិបរទេសស្នាក់នៅកម្ពុជា ជាដើម។
បើតាមការលើកឡើងពីលោក បេ ចន្ត្រា ការជួលការិយាល័យបែបចែករំលែកនេះ គឺមានការចំណាយតិចជាងការជួលការិយាល័យផ្ទាល់ខ្លួន ទទួលបានការពង្រីកទំនាក់ទំនងល្អអាចដោះដូរសេវាកម្មរវាងគ្នានឹងគ្នាជាមួយសមាជិកផ្សេងទៀត ទទួលបានចំណេះដឹងបន្ថែមពីកម្មវិធីសិក្ខាសាលារបស់ក្រុមហ៊ុនផ្គត់ផ្គង់ការិយាល័យ និងមានឱកាសល្អជួបជាមួយវិនិយោគិន និងអតិថិជនជាដើម។
 
      សូមជម្រាបថា បច្ចុប្បន្ន ការផ្ដល់សេវាកម្មបែបចែករំលែកនេះ ហាក់កំពុងមានការពេញនិយមគួរឲ្យកត់សម្គាល់ តួយ៉ាង ក្រៅពីសេវាកម្មជួលការិយាល័យបែបចែករំលែកនេះ ក៏មានការផ្ដល់នូវសេវាធ្វើដំណើរបែបចែករំលែក ដូចជា ការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃសម្រាប់ជិះរថយន្ដតាក់ស៊ី ម៉ូតូកង់បី ដូចជា UBER, PassApp និងការកក់សំបុត្ររថយន្ដធ្វើដំណើរ BookMeBus ជាដើម។
បើតាមអ្នកជំនាញក្នុងវិស័យនេះ អះអាងថា ទៅថ្ងៃអនាគត វិស័យទេសចរណ៍នឹងក្លាយជាវិស័យថ្មី ដែលអាចទាញយកប្រយោជន៍បានច្រើនពីសេវាកម្មបែបចែករំលែកនេះ។
បើយើងក្រឡេកទៅមើលបណ្ដាប្រទេសផ្សេងទៀត សេដ្ឋកិច្ចចែករំលែកនេះ មានប្រើប្រាស់ទៅលើការជួលផ្ទះស្នាក់នៅរួមគ្នា ជួលសម្ភារៈប្រើប្រាស់រួមគ្នា ដូចជា យានជំនិះ និងសម្ភារៈប្រើប្រាស់ផ្សេងទៀត។ បើអ្នកចង់រកស៊ីគំរូអាជីវកម្មនេះ អ្នកគួរតែគិតគូរលើការកាត់បន្ថយការចំណាយផ្សេងៗរបស់អ្នកប្រើប្រាស់ ដើម្បីធ្វើឲ្យតម្លៃជួលបន្តកាន់តែទាបជាងមុន និងងាយទទួលបានជាងមុន៕
 
              
              
             
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              