ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភាកម្មកម្ពុជា បានវាយតម្លៃថា សកម្មភាពដឹកជញ្ជូន និងតម្លៃដឹកជញ្ចូនទំនិញរបស់កម្ពុជា តាមផ្លូវទឹកនៅ៣ខែកន្លងមកនេះ ពុំមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ពោលគឺតម្លៃដឹកជញ្ជូនទំនិញពីកម្ពុជា ទៅកាន់ទ្វីបអឺរ៉ុប នៅតែស្ថិតក្នុងកម្រិតមួយខ្ពស់ បន្ទាប់ពីមានការវាយប្រហាររនៅសមុទ្រក្រហមពីសំណាក់ក្រុមហ៊ុនឧទ្ទាម ហ៊ួធី។ ទោះបីតម្លៃដឹកជញ្ជូននៅតែមានកម្រិតខ្ពស់ ហើយកាលពីពេលថ្មីៗមានការប៉ះទង្គិចរវាងអ៊ីស្រអែល និងអ៊ីរ៉ង់ បានកើតឡើងក៏ដោយ តែអ្នកជំនាញរូបនេះវាយតម្លៃថា បញ្ហានេះទំនងជាមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជានោះទេ។
ជាមួយគ្នានេះលោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាកត់សម្គាល់ឃើញថា សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា នៅត្រីមាសទី១ឆ្នាំនេះ ហាក់មានការកើនឡើងគួរឱ្យកសត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការកើនឡើងនេះ គឺដោយសារកាលពីចុងឆ្នាំ២០២៣ កន្លងទៅ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីៗជាច្រើន ដែលបានជំរុញឱ្យការនាំចេញទំនិញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ នៅដើមឆ្នាំនេះ ក៏មានការកើនឡើងដូចគ្នាផងដែរ។ ជាក់ស្តែង ប្រធានសមាគមរូបនេះ បានអះអាងថា ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់តំបន់អឺរ៉ុបនៅដើមឆ្នាំនេះ នៅតែមានកំណើន បើទោះបីជាតម្លៃដឹកជញ្ជូនទៅកាន់តំបន់នេះបានកើនឡើងទ្វេដង និងត្រូវចំណាយពេលយូរជាងមុនក៏ដោយ។
យ៉ាងណាមិញ ជុំវិញបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ា រវាងអ៊ីស្រាអែល និងអ៊ីរ៉ង ដែលបានផ្ទុះឡើងម្តងទៀតថ្មីៗនេះ លោក ជា ចាន់ដារ៉ា វាយតម្លៃថា មកទល់ពេលនេះនៅមិនទាន់បង្កការរំខានណាមួយដល់វិស័យដឹកជញ្ជូនសកល រួមទាំងកម្ពុជានោះទេ។ ប៉ុន្តែបើសង្គ្រាមនេះនៅតែបន្តផ្ទុះឡើងកាន់តែធំនោះ វាក៏អាចបង្កជាបញ្ហាប្រឈមដល់ស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យដឹកជញ្ជូនមួយចំនួនផងដែរ។
គួរបញ្ជាក់ថា ក្រោយមានការវាយប្រហារលើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម បានជំរុញឱ្យតម្លៃដឹកជញ្ជូនពីតំបន់អាស៊ីនៅទ្វីបអឺរ៉ុប បានហក់ឡើងទ្វេដង ពោលគឺគឺពីចន្លោះ៣ពាន់ ទៅ៤ពាន់ដុល្លារក្នុង១ទូកុងតឺន័រ ឡើងដល់៧ពាន់ទៅ៨ពាន់ដុល្លារ ក្នុង១ទូកុងតឺន័រ ដោយសារក្រុមហ៊ុនដឹកជញ្ជូនទំនិញត្រូវប្រើប្រាស់ផ្លូវវាងជាមួយការបន្ថែមរយៈចម្ងាយ និងរយៈពេលដឹកជញ្ជូនបន្ថែមជាង១០ថ្ងៃឯណោះ។
បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅ៣ខែដំបូងឆ្នាំ២០២៤ នេះ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានជាង១២ពាន់លានដុល្លារកើនឡើងជិត១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង៦ពាន់លានដុល្លារ កើនឡើង១៨% ខណៈការនាំចូលទំនិញពីទីផ្សារអន្តរជាតិ មកកម្ពុជាវិញ មានទំហំទឹកប្រាក់ជាង៦ពាន់លានដុល្លារ កើនឡើងជាង៦%៕