ប៉ុន្តែបើមើលទៅលើតម្លៃដឹកជញ្ជូននៅកាន់តំបន់អឺរ៉ុបវិញ គឺមានការកើនឡើងរហូតដល់ទៅប្រមាណ២ទៅ៣ដងឯណោះ ដោយសារបញ្ហានៅសមុទ្រក្រហម បានធ្វើឱ្យកាប៉ាល់ដឹកទំនិញពីអាស៊ីទៅកាន់អឺរ៉ុប ត្រូវប្រើប្រាស់ផ្លូវវាងដោយបន្ថែមចម្ងាយផ្លូវរាប់ពាន់គីឡូម៉ែត្រ។
ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភាកម្មកម្ពុជាបានគូសបញ្ជាក់ថា ស្របពេលដែលវិបត្តិនានានៅលើពិភពលោកនៅមិនទាន់មានភាពច្បាស់លាស់ វិស័យដឹកជញ្ជូនកម្ពុជា នៅដើមឆ្នាំ២០២៤នេះ ក៏មិនទាន់បង្ហាញសញ្ញាណវិជ្ជមានគួរឱ្យកត់សម្គាល់នោះដែរ ដ្បិតថា រហូតមកទល់ពេលនេះ មិនទាន់មានអតិថិជនក្នុងវិស័យដឹកជញ្ជូនណាមួយបញ្ជាក់អំពីកំណើនបញ្ជាទិញរបស់ពួកគេនៅឡើយទេ។ ម្យ៉ាងទៀត នៅអំឡុងរដូវកាលចូលឆ្នាំថ្មីប្រពៃណីចិន ជាទូទៅសកម្មភាពដឹកជញ្ជូនផ្សេងៗនៅក្នុងតំបន់ក៏តែងតែមានការធ្លាក់ចុះដែរ។ កត្តាទាំងនេះ បានធ្វើឱ្យអ្នកជំនាញរូបនេះជឿជាក់ថា សកម្មភាពដឹកជញ្ជូនទំនិញចេញចូលកម្ពុជានៅក្នុងត្រីមាសទី១ដើមឆ្នាំនេះ នឹងមិនអាចមានភាពល្អប្រសើរជាងឆ្នាំ២០២៣ នោះទេ។
បើតាមឧកញ៉ា ស៊ិន ចន្ធី ចាប់តាំងពីមានការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ួធី នៅសមុទ្រក្រហមជាបន្តបន្ទាប់មក បានធ្វើឱ្យក្រុមហ៊ុនកប៉ាល់ដឹកទំនិញមួយចំនួនបានប្រើប្រាស់ផ្លូវវាងជំនួសការឆ្លងកាត់សមុទ្រក្រហមវិញ ក្នុងការដឹកជញ្ជូនទំនិញទៅមកពីតំបន់អឺរ៉ុប និងអាស៊ី ហើយវាក៏បានធ្វើឱ្យតម្លៃដឹកជញ្ជូនរបស់កម្ពុជាទៅកាន់តំបន់អឺរ៉ុបមានការកើនឡើងយ៉ាងគំហុកផងដែរនាពេលបច្ចុប្បន្ននេះ។
តម្លៃកើនឡើងក៏ដោយសារការដឹកជញ្ជូនតាមផ្លូវវាងនេះត្រូវចំណាយពេលជិត១០ថ្ងៃ និងចម្ងាយផ្លូវជាង៦ពាន់គីឡូម៉ែត្របន្ថែមលើការប្រើប្រាស់ផ្លូវឆ្លងកាត់សមុទ្រក្រហម។ បើតាមឧកញ៉ា ស៊ិន ចន្ធី តម្លៃដឹកជញ្ជូនទៅកាន់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួនដូចជាអាម៉េរិក កាណាដា និងអូស្រា្តលីជាដើម បានកើនដល់ប្រមាណ៨ពាន់ដុល្លារក្នុង១ទូកុងតឺន័រ ខណៈកន្លងមកមានតម្លៃត្រឹមតែជិត៤ពាន់ដុល្លារ ក្នុង១ទូកុងតឺន័រប៉ុណ្ណោះ។
មិនខុសគ្នានោះទេ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា កត់សម្គាល់ឃើញថា ជាទូទៅនៅអំឡុងពេលដើមឆ្នាំ វិស័យដឹកជញ្ជូនកម្ពុជា និងពិភពលោកហាក់មិនសូវមានសកម្មភាពមមាញឹកច្រើននោះទេ។
ដោយឡែកសម្រាប់តម្លៃដឹកជញ្ជូននៅដើមឆ្នាំនេះវិញ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា សម្រាប់ការដឹកជញ្ជូននៅបណ្តាប្រទេសក្នុងតំបន់ គឺមិនមានការប្រែប្រួលគួរឱ្យកាត់សម្គាល់នោះទេ ប៉ុន្តែសម្រាប់ការដឹកជញ្ជូនទៅកាន់តំបន់អឺរ៉ុប គឺតម្លៃមានការកើនឡើងខ្លាំងដល់ទៅ៣ដងឯណោះ ក្រោយមានភាពតានតឹងនៅសមុទ្រក្រហម។
យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះរំពឹងថា ភាពតានតឹងនៅសមុទ្រក្រហមនឹងមានស្ថានភាពល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ហើយវិស័យដឹកជញ្ជូនកម្ពុជានៅឆ្នាំនេះនឹងមានភាពល្អប្រសើរជាងឆ្នាំមុន។
សូមជម្រាបថា ដោយសារវិបត្តិសេដ្ឋកិច្ច បញ្ហាអតិផរណា ការបញ្ជាទិញធ្លាក់ចុះពីតំបន់អឺរ៉ុប និងបញ្ហាមួយចំនួនទៀត បានធ្វើឱ្យវិស័យដឹកជញ្ជូនកម្ពុជាកាលពីឆ្នាំ២០២៣កន្លងទៅ គឺមានការធ្លាក់ចុះតិចតួចផងដែរបើធៀបនឹងឆ្នាំ២០២២៕