
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភីលីង ស៊ីឃ្យួរីធី បានគូសបញ្ជាក់ថា ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ត្រូវបានជួយដូរក្នុងតម្លៃ២,៩៩៣ដុល្លារក្នុង១អោន ដោយ១អោនស្មើនឹងជាង៨ជី ខណៈនៅទីផ្សារកម្ពុជាវិញមានតម្លៃ៣,៦០៦ដុល្លារក្នុង១តម្លឹង។ នៅក្នុងអំឡុងពេលមាសកំពុងឡើងថ្លៃនេះ អ្នកជំនាញ ស្នើឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបញ្ចេញមាសលក់ ឬរក្សា ជាពិសេសត្រូវតាមដានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រាយ ទាន់ពេលវេលា ដើម្បីអាចដឹងពីស្ថានការណ៍ឡើងចុះក្នុងទីផ្សារមាសទាំងក្នុង និងក្រៅប្រទេស ដើម្បីអាចជួញដូរមាសទទួលបានផលចំណេញ។
ជាមួយគ្នានេះលោក ឡុង សំណាង បានគូសបញ្ជាក់បន្ថែមថា សម្រាប់ដើមទុនក្នុងការវិនិយោគលើហាងឆេងមាសវាជាទុនដែលត្រូវការក្នុងរយៈពេលវែង ដើម្បីអាចទទួលបានប្រាក់ចំណេញត្រឡប់មកវិញ ពោលគឺមិនមែនជាថវិកាសម្រាប់ចំណាយប្រចាំថ្ងៃនោះទេ។
អ្នកជំនាញខាងលើបានព្យាករថា តម្លៃមាសនៅកម្ពុជានឹងហក់ដល់៣,៧០០ដុល្លារក្នុង១តម្លឹងនៅអំឡុងពាក់កណ្តាលឆ្នាំនេះ ហើយអាចនឹងហក់ដល់៤,០០០ដុល្លារក្នុង១តម្លឹងនៅចុងឆ្នាំ២០២៥ នេះ។ ដូច្នេះតើពលរដ្ឋគួរបញ្ចេញមាសលក់ក្នុងតម្លៃបច្ចុប្បន្ន ឬត្រូវរក្សាបន្តទៀត?
គួរបញ្ជាក់ថា ការវិនិយោគលើមាស ត្រូវបានពិភពលោកទទួលស្គាល់ថា ជាការវិនិយោគដែលមានសុវត្ថិភាព និងទទួលបានផលចំណេញខ្ពស់ បើទោះបីជាស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ពិសេសតម្រូវការមាសនៅក្នុងឆ្នាំ២០២៥ នេះ កាន់តែមានទំហំធំ ដែលជាហេតុនាំឱ្យហាងឆេងមាសកាន់តែមានតម្លៃខ្ពស់ទៅតាមតម្រូវការនៅលើពិភពលោក៕
អត្ថបទ៖ ជា ម៉ារ៉ា