ទុរេនថៃខុសច្បាប់

តើរាជរដ្ឋាភិបាលគួរចាត់វិធានការក្តៅបែបណា ដើម្បីទប់ស្កាត់ការហូរចូលទុរេនថៃខុសច្បាប់មកកម្ពុជា?


ការធ្លាយចេញនូវករណីឈ្មួញខិលខូចលួចនាំចូលទុរេនពីប្រទេសថៃ ដែលជាមុខទំនិញត្រូវបានហាមឃាត់ ដើម្បីមកបន្លំលក់ជាទុរេនខ្មែរបានបង្កឱ្យមានរលក នៃកំហឹងយ៉ាងខ្លាំងពីសំណាក់សាធារណជន។ សកម្មភាពនេះមិនត្រឹមតែបំផ្លាញទំនុកចិត្តលើទីផ្សារទុរេនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានគេមើលឃើញថា ជាការក្បត់នឹងមនសិការជាតិ និងបំផ្លាញមុខមាត់កម្ពុជា ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។
ទុរេនថៃខុសច្បាប់
ដោយ

ជុំវិញបញ្ហានេះអ្នកជំនាញបានវាយតម្លៃថា ការឃុបឃិតគ្នាជាប្រព័ន្ធនៅតាមព្រំដែន គឺជាឫសគល់នៃបញ្ហា។ តើរាជរដ្ឋាភិបាលគួរចាត់វិធានការក្តៅបែបណា ដើម្បីធានាថាទុរេនថៃមិនអាចបន្តហូរចូលមកកម្ពុជាបានទៀត?

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយបានអះអាងថា បញ្ហាចម្បងជុំវិញករណីឈ្មួញទុច្ចរិតលួចនាំចូលទុរេនថៃមកកម្ពុជា គឺស្ថិតលើកណ្តាប់ដៃរបស់អាជ្ញាធរនៅតាមច្រកព្រំដែន។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើមានករណីឃុបឃិតគ្នាពីសំណាក់អាជ្ញាធរនៅតាមព្រំដែនជាមួយឈ្មួញលួចនាំចូលមែននោះ រាជរដ្ឋាភិបាលត្រូវតែដាក់ទោសពួកគេ ដោយគ្មានការលើកលែងជាដាច់ខាត ដ្បិតបញ្ហាឃុបឃិតគ្នាជាប្រព័ន្ធលើការលួចនាំចូលទំនិញហាមឃាត់ពីថៃនេះ មិនត្រឹមតែខុសច្បាប់ប៉ុណ្ណោះទេ តែវាថែមទាំងក្បត់នឹងមនសិការជាតិផងដែរ។ អ្នកជំនាញរូបនេះ បានអំពាវនាវដល់ឈ្មួញខិលខូច ដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនជាធំ គួរដល់ពេលបញ្ឈប់សកម្មភាពទាំងនោះហើយ ដ្បិតកម្ពុជាបានរងការប្រមាថ និងឈ្លានពានពីថៃយ៉ាងធ្ងន់ធ្ងររួចទៅហើយ ហើយអ្វីដែលពលរដ្ឋអាចទប់ស្កាត់បញ្ហានេះបាន គឺការបន្តពហិការផលិតផលថៃ។

ពាក់ព័ន្ធបញ្ហានេះដែរលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិយល់ឃើញថា ឈ្មួញដែលលួចនាំចូលទុរេនថៃ ដែលជាទំនិញហាមឃាត់ចូលមកកម្ពុជានេះ មិនត្រឹមតែត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ប៉ុណ្ណោះទេ តែក៏ត្រូវទទួលខុសត្រូវជាមួយសាធារណៈជនផងដែរ។ សម្រាប់អ្នកជំនាញរូបនេះ បញ្ហានេះមិនត្រឹមតែបំផ្លាញទំនុកចិត្ត និងកេរ្តិ៍ឈ្មោះទុរេនខ្មែរ និងការខិតខំប្រឹងប្រែងរបស់អ្នកដាំទុរេនក្នុងស្រុកនោះទេ ថែមទាំងបំផ្លាញដល់ផលប្រយោជន៍ជាតិទាំងមូលផងដែរ តាមរយៈការលួចផ្តល់ដង្ហើមសេដ្ឋកិច្ចដល់ប្រទេសកំពុងមានជម្លោះជាមួយគ្នា។ អ្នកជំនាញរូបនេះយល់ថា ដើម្បីធានាថាមិនមានទុរេនថៃអាចបន្តហូរចូលមកកម្ពុជាបាន រាជរដ្ឋាភិបាលត្រូវរឹតបន្តឹងការត្រួតពិនិត្យនៅតាមព្រំដែនឱ្យបានដិតដល់បន្ថែមទៀត រួមជាមួយការបង្កើតឱ្យមានការបញ្ជាក់អត្តសញ្ញាណកសិផលច្បាស់លាស់ ដើម្បីធានាការពារកសិផលនៅក្នុងស្រុក។

គួរជម្រាបថា ថ្មីៗនេះមានករណីឈ្មួញខិលខូចបានលួចនាំចូលទុរេនថៃ បន្លំជាផលិតផលខ្មែរ យកមកចរាចរដាក់លក់នៅក្នុងផ្សារ ភួពុយ ខេត្តបាត់ដំបង។ ឆ្លើយតបនឹងបញ្ហានេះ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានបង្កើនការការរឹតបន្តឹង ត្រួតពិនិត្យនៅតាមច្រកទ្វារព្រំដែន ដើម្បីរាំងខ្ទប់ការលួចនាំចូលទំនិញហាមឃាត់ ជាពិសេសទុរេនពីប្រទេសជិតខាង ដែលនាំចូលមកបន្លំជាផលិតផលខ្មែរ៕អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




អត្ថបទបន្ទាប់


តើវិស័យទេសចរណ៍កម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលប្រឈមខ្លាំងកម្រិតណា?

​​ចំនួនភ្ញៀវទេសចរបរទេសក្នុងរយៈពេល៤ខែដើមឆ្នាំ ២០២៦ នេះ បន្តបង្ហាញសញ្ញាគួរឱ្យព្រួយបារម្ភ ខណៈដែលប្រទេសជិតខាងដូចជាវៀតណាម និងថៃ កំពុងស្រូបទា…

អ្នកដាំទុរេននៅខេត្តកំពង់ចាមអះអាងថា ទុរេនម៉ាន់ថងមិនទាន់ដល់រដូវប្រមូលផលនោះទេ និងស្នើឱ្យអាជ្ញាធររឹតបន្តឹងការនាំចូលទុរេនខុសច្បាប់

ស្របពេលរដូវកាលទុរេនកំពុងខិតជិតមកដល់ ម្ចាស់ចម្ការទុរេននៅក្នុងខេត្តកំពង់ចាម បានចេញមុខបញ្ជាក់ថា ផ្លែទុរេនក្នុងស្រុក ជាពិសេសពូជម៉ាន់ថងមិន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ