លោក ហេង ឆេងលី ប្រធានសហគមន៍កសិកម្មទុរេនបែកអន្លូងស្ទឹងត្រង់ ខេត្តកំពង់ចាមបានអះអាងថា ទុរេននៅតំបន់របស់លោកមិនទាន់ដល់រដូវប្រមូលផលពេញលេញនៅឡើយទេ ពោលគឺអាចប្រមូលផលទុរេនពូជស្រាលៗដូចជាមូសាងឃីង និងរី៦បានខ្លះៗតែប៉ុណ្ណោះ ខណៈទុរេនម៉ាន់ថង ដែលជាពូជពេញនិយមមិនទាន់អាចប្រមូលផលបាននៅឡើយទេ។ បើតាមការគូសបញ្ជាក់របស់ប្រធានសហគមន៍រូបនេះ ទុរេនប្រភេទម៉ាន់ថងអាចនឹងប្រមូលផលនៅចុងខែឧសភា នេះ ខណៈបច្ចុប្បន្នទុរេនអាចលក់បានក្នុងតម្លៃប្រមាណ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ លោកបានសង្កត់ធ្ងន់ថា ទុរេនដែលបានចរាចរលក់នៅលើទីផ្សារក្នុងបរិមាណច្រើននាពេលបច្ចុប្បន្ន ហើយអះអាងថាជាទុរេនម៉ាន់ថងកំពង់ចាម គឺមិនមែនជាការពិតនោះឡើយ។
«សំឡេងលោក ហេង ឆេងលី»
ជាមួយគ្នានេះលោក ឡេង ប៉លីន ម្ចាស់ចម្ការទុរេននៅខេត្តកំពង់ចាមបានអះអាងថា បច្ចុប្បន្ននៅតំបន់របស់លោកមិនទាន់ដល់រដូវប្រមូលផលទុរេនសាច់ទឹកដោះគោ ឬទុរេនម៉ាន់ថងនៅឡើយទេ ពោលគឺអាចប្រមូលបានតិចតួចប៉ុណ្ណោះនៅតាមចម្ការមួយចំនួន។ ជាមួយគ្នានេះលោកលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកដែលនិយមពិសាទុរេនម៉ាន់ថង ឱ្យមកជាវដល់ចម្ការផ្ទាល់ ឬស្វែងរកប្រភពដែលច្បាស់លាស់ ដើម្បីទទួលបានទុរេនខ្មែរពិតប្រាកដ ដែលមានរសជាតិឆ្ងាញ់ និងគ្មានសារធាតុគីមី។ ការគាំទ្រផលិតផលក្នុងស្រុកផ្ទាល់បែបនេះ ក៏ជាផ្នែកមួយជួយកាត់បន្ថយការនាំចូលទុរេនពីប្រទេសជិតខាងផងដែរ។
ដោយឡែកលោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសផលិតកម្មដំណាំធុរេន នៃក្រុមហ៊ុន អង្គរហ្គ្រីន សង្កេតឃើញថា ក្រោយមានជម្លោះព្រំដែនជាមួយថៃចំនួនពលរដ្ឋគាំទ្រទុរេនក្នុងស្រុកមានការកើនឡើងយ៉ាងខ្លាំង។ សម្រាប់អ្នកជំនាញរូបនេះ ការប្រមូលផលផ្លែទុរេនមិនទាន់ដល់ពេលនៅឡើយទេ ដោយម្ចាស់ចម្ការកំពុងត្រៀមខ្លួនប្រមូលផលទុរេននៅចុងខែឧសភា នេះ។ ទន្ទឹមនឹងនេះ លោក ស្នើឱ្យមន្រ្តីគយនៅតាមព្រំដែនរឹតបន្តឹងការត្រួតពិនិត្យរកសារធាតុគីមីលើទុរេននាំចូល ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ទុរេនខ្មែរមិនអាចលក់ក្នុងតម្លៃទាបដូចទុរេននាំចូលពីប្រទេសជិតខាងបាននោះទេ ដោយសារទុរេនខ្មែរប្រើប្រាស់បច្ចេកទេសត្រឹមត្រូវ និងដាំមានស្ដង់ដាអនាម័យសុវត្ថិភាពខ្ពស់ ហើយក៏កំពុងត្រៀមវាយលុកទីផ្សារប្រទេសចិនផងដែរ។
សូមបញ្ជាក់ថា មកទល់ពេលនេះការប្រមូលផលទុរេននៅតាមបណ្តាខេត្តសក្តានុពលដូចជាកំពង់ចាម ព្រះវិហារ កោះកុង និងកំពតនៅមិនទាន់ដល់រដូវពេញលេញនៅឡើយទេ។ ចំពោះតម្លៃបោះដុំនៅលើទីផ្សារបច្ចុប្បន្នសម្រាប់ទុរេនខ្មែរពិតប្រាកដក្នុងរង្វង់ពី១៦,០០០ទៅ១៧,០០០រៀលក្នុងមួយគីឡូក្រាម៕
អត្ថបទដោយ៖ ជា ម៉ារ៉ា