អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរឆ្លងកាត់ចំនួន១លាន៣សែននាក់ នៅក្នុងរយៈពេល១១ខែកន្លងមកនេះ និងរំពឹងទទួលបាន១លាន៤សែននាក់ នៅត្រឹមដំណាច់ឆ្នាំនេះ។ នេះបើតាមការគូសបញ្ជាក់របស់លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កាលពីពេលថ្មីៗ។ លោករំពឹងថា ចំនួនអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះនេះនឹងកើនដល់២លាននាក់ នៅឆ្នាំ២០២៥ ខាងមុខ ក្រោយក្រុមហ៊ុនខ្លួនបានខិតខំផ្សព្វផ្សាយ និងរៀបចំព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរចិន ឱ្យចូលមកកាន់អាកាសយានដ្ឋាននេះនៅមួយរយៈចុងក្រោយនេះ។
នៅចំពោះមុខឯកឧត្តម ហែម វណ្ណឌី ថ្នាក់ដឹកនាំជាន់ខ្ពស់នៃអាកាសយានដ្ឋាននេះ ក៏បានស្នើសុំកិច្ចសហការជាមួយក្រសួងលើគម្រោងអភិវឌ្ឍតំបន់ជុំវិញព្រលានយន្តហោះសៀបរាបអង្គរ ដោយផ្តោតលើការទាក់ទាញឧស្សាហកម្ម ដែលបង្កើតតម្លៃបន្ថែមខ្ពស់។
ទន្ទឹមនឹងអរគុណដល់ក្រុមហ៊ុនចំពោះការសម្រេចចិត្តវិនិយោគរយៈពេលវែងនៅកម្ពុជា ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រក្រុមហ៊ុននេះ ដើម្បីទាក់ទាញទាំងភ្ញៀវទេសចរ និងឧស្សាហកម្មមកកាន់តំបន់នេះ។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ចង់ឱ្យក្រុមហ៊ុនដែលបោះទុនវិនិយោគនៅកម្ពុជា ទទួលបានជោគជ័យ ដ្បិតភាពជោគជ័យរបស់ក្រុមហ៊ុនក្នុងឯកជន វានឹងនាំមកនូវការអភិវឌ្ឍ និងភាពរីកច្រើនបន្ថែមទៀតសម្រាប់សេដ្ឋកិច្ចកម្ពុជា។
បើយោងតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនៅក្នុងរយៈពេល១០ខែឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិ ទាំង៣ របស់កម្ពុជា ទទួលបានជើងហោះហើរចេញ-ចូលសរុបជិត៥ម៉ឺនជើង មានការកើនឡើង១៤% និងទទួលបានអ្នកដំណើរចេញ-ចូលសរុបជិត៥លាននាក់ មានការកើនឡើង២១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គួរជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលមានចំងាយប្រមាណ៥០គីឡូម៉ែត្រពីទីក្រុងសៀមរាប ត្រូវបានបើកដំណើរការជាផ្លូវការក្នុងខែតុលាឆ្នាំ២០២៣។ អាកាសយានដ្ឋាននេះមានសមត្ថភាពទទួលអ្នកដំណើររហូតដល់៧លាននាក់ក្នុងមួយឆ្នាំ ដោយផ្តល់ជាច្រកចេញចូលដ៏ទំនើបមួយទៅកាន់តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមានប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទបុរាណជាច្រើនទៀត៕