ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អះអាងថា នៅក្នុងរយៈពេល៣សប្តាហ៍ចុងក្រោយនេះ ខេត្តព្រះសីហនុទទួលបានចំនួនភ្ញៀវទេសចរក្នុងស្រុកបានទៅធ្វើដំណើរកម្សាន្តមានចំនួនកើនឡើងគួឲ្យកត់សម្គាល់។ កំណើនភ្ញៀវក្នុងស្រុកនាពេលនេះ គឺវាស្របពេលជាមួយរាជរដ្ឋាភិបាលជាពិសេសគណៈកម្មការជាតិអភិវឌ្ឍន៍តំបន់ឆ្នេរ រួមជាមួយរដ្ឋបាលខេត្តព្រះសីហនុបានជំរុញការងាររៀបចំឆ្នេរឲ្យមានលំហរឆ្នេរសាធារណៈមានចំងាយឆ្ងាយជាងមុន និងធំទូលាយ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុលើកឡើងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីនាពេលថ្មីៗនេះ។ បើតាមឯកឧត្តម គួច ចំរើន មកដល់ពេលនេះរដ្ឋបាលខេត្ត និងគណៈកម្មការជាតិអភិវឌ្ឍន៍ តំបន់ឆ្នេរបាននឹងកំពុងជំរុញអភិវឌ្ឍឆ្នេរសាធារណៈមានប្រវែង វែងជាងមុនដែលរាប់គិតចាប់ឆ្នេរអូរឈើទាល រហូតដល់ឆ្នេរ ជំទាវម៉ៅ គឺមានលំហឆ្នេរសាធារណៈជាង ៩.២០០ម៉ែត្រ ដែលបង្កលក្ខណៈកាន់តែល្អប្រសើរដល់ភ្ញៀវ។
ឯកឧត្តមបន្តទៀតថា ជាមួយនឹងការអភិវឌ្ឍខេត្តនេះរដ្ឋាភិបាលខេត្តកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍផ្លូវចំនួនជាង ៣០ ខ្សែនៅក្នុងខេត្តដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិព្រមទាំងអ្នកវិនិយោគពីក្រៅប្រទេសឲ្យចូលមកបណ្តាក់ទុនបានកាន់តែច្រើន ហើយដោយសារការកសាងផ្លូវ៣៤ខ្សែនេះជាការផ្តល់សក្តានុពលបន្ថែម សម្រាប់ការតភ្ជាប់ពីឆ្នេរមួយទៅឆ្នេរមួយទៀតយ៉ាងងាយស្រួល។
សូមជម្រាបថា បច្ចុប្បន្នខេត្តព្រះសីហនុមានកោះសរុប ៣២ ក្នុងនោះកោះសង្សារ កោះក្របី និងកោះឫស្សី កំពុងដំណើរការអាជីវកម្ម ខណៈរដ្ឋាភិបាលក៏កំពុងអភិវឌ្ឍឆ្នេរសមុទ្រចំនួន ៩ នៅក្នុងខេត្តនេះ ហើយក្រៅពីនេះខេត្តនេះក៏មានឆ្នេរស្រស់ស្អាតជាង ១០ ទៀតនៅតាមបណ្តាកោះផងដែរ។
និងបើតាមការបញ្ជាក់របស់ឯកឧត្តម គួច ចំរើន គិតចាប់ពីឆ្នាំ ១៩៩៤ រហូតដល់ពេលនេះ ខេត្តព្រះសីហនុមានក្រុមហ៊ុនចំនួន ២០ បានមកវិនិយោគលើគម្រោងអភិវឌ្ឍន៍លើកោះ និងឆ្នេរសមុទ្រនៅលើផ្ទៃដីសរុប ១១ ៦៣៧ ហិកតា ដោយមានទុនវិនិយោគជិត ៤ពាន់លានដុល្លារ៕