ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា គិតមកទល់ពេលនេះ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានក្រុមហ៊ុនកំពុងវិនិយោគចំនួន ១៦១ ក្រុមហ៊ុន ជាមួយនឹងដើមទុនវិនិយោគចុះបញ្ជីសរុបមានចំនួនជាង ៩០០ លានដុល្លារអាមេរិក និងបានផ្ដល់នូវការងារសម្រាប់កម្មករនិយោជិតជាង ២ម៉ឺន ២ពាន់នាក់។
ក្នុងនោះ រោងចក្រផលិតសំខាន់ ដែលមាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានដូចជា រោងចក្រផលិតគ្រឿងអេឡិចត្រូនិក ខ្សែបង្គុំអគ្គិសនី សំបកកង់រថយន្ដ គ្រឿងបន្លាស់រថយន្ដ ស៊ុមទូរទស្សន៍ សម្ភារបរិក្ខាបន្ទប់ទឹក ផលិតក្ដារប៉ាកេ និងក្ដារបន្ទះ សម្ភារការិយាល័យ រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប និងវ៉ាលី និងរោងចក្រផលិតសម្ភារប្រើប្រាស់ជាច្រើនផ្សេងទៀតផងដែរ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទំហំផ្ទៃដីសរុបជាង ១០០ ហិកតា ដែលមានទីតាំងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រមាណ ១៣ គីឡូម៉េត្រប៉ុណ្ណោះ ពីកំពង់ផែក្រុងព្រះសីហនុ ដែលវាមានសក្ដានុពលខ្លាំងបំផុតសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ។
ដោយឡែក បើពិនិត្យទៅមើល របាយការណ៍ក្រសួងពាណិជ្ជកម្មបង្ហាញថា ទំហំទឹកប្រាក់នៃការនាំចេញនាំចូលសរុបរបស់កម្ពុជានៅឆ្នាំ ២០១៨ នេះដែរ ឃើញថា មានប្រមាណជិត ២៥ពាន់លានដុល្លារ ខណៈដែលកាលពីឆ្នាំ ២០១៧ ដែលមានទឹកប្រាក់ប្រមាណជាង ២៣ពាន់លានដុល្លារ ពោលគឺបាន កើនប្រមាណ ២ពាន់លានដុល្លារ។
ហើយបើតាម ប្រសាសន៍ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម ធ្លាប់បានគូសបញ្ជាក់ថា ឆ្នាំ២០១៨ បើនិយាយតែពីការនាំចេញវិញ គឺកម្ពុជាបានកើនឡើងគួឲ្យកត់សម្គាល់ ជុំវិញ ១០ភាគរយ ដែលបានមកពីវិស័យកាត់ដេរ និងការនាំចេញផលិតផលកសិកម្ម និងឧស្សាហកម្ម។ ក្នុងនោះ ឃើញថា កម្ពុជា បាននាំចេញទៅកាន់ទីផ្សារជាង ១៤៧ ប្រទេស នៅទូទាំងពិភពលោក ហើយបើធៀបនឹង ទំហំផលិតផលក្នុងស្រុកសរុបវិញ ឃើញថា ការនាំចេញរបស់កម្ពុជាយើង គឺមានទំហំរហូតដល់ប្រមាណ ៦០ភាគរយ នៃ ទំហំផលិតផលក្នុងស្រុកទៅហើយ៕