កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី

សាំងហ្គាពួរ ទទួលបានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ជាមួយអឺរ៉ុប ខណៈវៀតណាមកំពុងសង្ឃឹមខ្ពស់ទទួលបានដែរ


ស្របពេលដែលកម្ពុជា កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ជុំវិញរឿងរបេះរបោចប្រព័ន្ធអនុគ្រោះពន្ធ EBA ក្រោយពីសហភាពអឺរ៉ុប បើកនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធ EBA នោះ នាពេលថ្មីៗនេះដែរ សភាអឺរ៉ុប បានសម្រេចការបោះឆ្នោត ផ្ដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសសាំងហ្គាពួរ ខណៈដែលប្រទេសវៀតណាម ក៏កំពុងស្ថិតនៅក្នុងដំណើរការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ពីសហភាពអឺរ៉ុបផងដែរ។
សាំងហ្គាពួរ ទទួលបានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ជាមួយអឺរ៉ុប ខណៈវៀតណាមកំពុងសង្ឃឹមខ្ពស់ទទួលបានដែរ (https://www.aseanbriefing.com)
ដោយ

នៅទីបំផុត សភាអឺរ៉ុប​បានសម្រេច​​ការបោះឆ្នោត លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា មួយនឹង​ប្រទេសសាំងហ្គាពួរ​ហើយ ខណៈដែល​ការបោះឆ្នោត​​នេះ ធ្វើឡើង​នៅទីក្រុង​ Strasbourg ប្រទេសបារាំង​កាលពីថ្ងៃពុធ ទី​១៣ ម្សិលមិញនេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម​នេះ ត្រូវបានគេមើល​ឃើញថា នឹង​កាត់បន្ថយពន្ធគយ​ស្ទើរតែ​ទាំងអស់ ទៅលើមុខ​ទំនិញ​នាំចូល​រវាងភាគីទាំងពីរ។

នាយករដ្ឋមន្ត្រី សាំងហ្គាពួ លោក Lee Hsien Loong បាន​សរសរ​នៅលើ​ហ្វេសប៊ក​ផ្លូវការ​ របស់ខ្លួនថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីនេះ នឹង​ផ្ដល់​ឲ្យ​សាំងហ្គាពួរ និងអឺរ៉ុប ដែលជា​ដៃគូវិនិយោគ និង​ពាណិជ្ជកម្មដ៏ធំ​របស់សាំងហ្គាពួរ​ នឹងមានលទ្ធភាព​កាន់តែប្រសើរឡើង​ក្នុងការ​ចូលទៅកាន់ទីផ្សារ​រៀងៗខ្លួន។ ហើយវា​ក៏​ជំរុញ​ឲ្យមានការ​វិនិយោគ និងឱកាស​ពាណិជ្ជកម្ម​កាន់តែច្រើនឡើង​ថែមទៀតផង។

លោក Lee ក៏បាន​បន្ថែមទៀតថា កិច្ចព្រមព្រៀង​នេះ​នឹងដឹកមុខ រវាង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប​ និងអាស៊ាន ហើយវាក៏​នឹងជួយ​លើកកម្ពស់​នូវកិច្ច​សហប្រតិបត្តិការ​រវាង​តំបន់​ទាំងពីរផងដែរ។

រដ្ឋមន្ត្រី​ទទួលបន្ទុក​ទំនាក់ទំនង​ពាណិជ្ជកម្ម​នៃប្រទេស​សាំងហ្គាពួរ​ លោក S. Iswaran បានលើកឡើង​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ក្រុមហ៊ុន​សាំងហ្គាពួរ​ និងអឺរ៉ុប ពិសេស​នៅក្នុង​វិស័យ​សហគ្រាស​ខ្នាតតូច និងមធ្យម​ អាច​ស្វែងរក​អត្ថប្រយោជន៍​ជាច្រើន​ ពីការ​កាត់​បន្ថយរបាំង​​ពន្ធ​គយ និងមិនមែន​ពន្ធគយ។​

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​អឺរ៉ុប និងសាំងហ្គាពួរ​នេះ នឹងកាត់បន្ថយ​ពន្ធ​នាំចូល ដែល​អនុញ្ញាតឲ្យ​សាំងហ្គាពួរ​អាចនាំចូល​ទំនិញទៅអឺរ៉ុប​រហូតដល់​៨០% ដោយ​មិនជាប់ពន្ធ​ នៅពេល​ដែល​កិច្ចព្រមព្រៀងនេះ ចូលជា​ធរមាន។ ក្នុងនោះ គឺមាន​រួមបញ្ជូល​នូវ​មុខទំនិញ ដែលជា​ប្រភេទ ម្ហូបអាហារ​អាស៊ី និងផលិតផល​អេឡិចត្រូនិក។ 

តាម​សារព័ត៌មាន​ Straitstimes របស់​សាំងហ្គាពួរ​បានឲ្យដឹងថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អឺរ៉ុប​ជាង ១ម៉ឺនក្រុមហ៊ុន បាន​បើក​ប្រតិបត្តិការ​អាជីវកម្ម​នៅសាំងហ្គាពួរ ហើយ​អឺរ៉ុប ក៏ជា​ដៃគូពាណិជ្ជកម្ម​ធំបំផុតទី ៣ របស់​ប្រទេស​អាស៊ាន​មួយនេះ​ផងដែរ ខណៈដែល​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​កាលពីឆ្នាំ ២០១៨ មាន​រហូតដល់ ៥៣​ពាន់លាន អឺរ៉ូ ឬស្មើនឹង​ប្រមាណ ៦០ពាន់លាន​ដុល្លារ​អាមេរិក។

ដោយឡែក កន្លងមកនេះ សហភាពអឺរ៉ុប ក៏បាន​បង្ហាញ​ពីគោលដៅ​​ក្នុងការ​ចុះកិច្ចព្រៀមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​ប្រទេស​វៀតណាម​ផងដែរ ខណៈដែល​កាលពីចុង​ឆ្នាំ ២០១៨ កន្លងទៅ គណៈកម្មការអឺរ៉ុប ដាក់សំណើនេះ​ដើម្បី​អនុម័តហើយ។ ទោះយ៉ាងណា កិច្ចព្រមព្រៀងនេះ កំពុងរង់ចាំ​​ឆ្លងការសម្រេច​ពីប្រទេសជា សមាជិក សហភាព​អឺរ៉ុប ២៨ប្រទេស និង​សភា​អឺរ៉ុបផងដែរ។ 

ការឈាន​ទៅរក​ការ​ទទួល​បាន​​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​វៀតណាម​​ជាមួយ​នឹង​ EU នេះ គឺដោយ​សារតែ​ភាគី​ទាំងពីរ ឯកភាព​គ្នា​លើការ​លើក​កម្ពស់​​លិទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិ​មនុស្ស។ លោកស្រី Cecilia Malmstrom ស្នង​ការពាណិជ្ជកម្ម​របស់ EU ​បាននិយាយ​ថា មិនមាន​នរណា​ម្នាក់​​បដិសេធ​​ថា មាន​បញ្ហា​​សិទ្ធិ​មនុស្ស​នៅវៀតណាម​នោះ​ឡើយ។

អ្នកជំនាញ សេដ្ឋកិច្ច មើលឃើញថា ប្រសិនបើវៀតណាមទទួលបានកិច្ចព្រមព្រៀងនេះមែន នោះវៀតណាមកាន់តែ​មានប្រៀបលើការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ពិសេសគឺការនាំចេញតែម្ដង។

ទោះយ៉ាងណា កិច្ច​ព្រៀមព្រៀង​ពាណិជ្ជកម្ម​នេះ ត្រូវបាន​គេ​ដឹងថា អាច​នឹង​លុប​បំបាត់​ពន្ធ​នាំចូល​រហូត​ទៅវិញទៅមក​​រវាង​វៀតណាម និង EU រហូត​ដល់ ​​៩៩% ប៉ុន្ដែ មាន​ទំនិញខ្លះ​​អាចធ្វើឡើង​ទៅតាម​ដំណាក់កាល និងខ្លះទៀត ពិសេស ផលិត​ផល​កសិកម្ម​​អាច​កំណត់​ជាកូតា​នាំចេញ។

ប្រភព​ព័ត៌មាន​ក្នុងស្រុក​វៀតណាម​បានឲ្យដឹងថា​ ប្រសិន​​បើ​វៀតណាម ទទួល​បានកិច្ច​ព្រមពៀង​ពាណិជ្ជកម្ម​សេរី​ពីអឺរ៉ុប​មែន នោះវៀតណាម​អាច​នឹងត្រូវ​លុប​ពន្ធនាំ​ចូល​​ឡាន និងស្រា ពីប្រទេស​អឺរ៉ុប។ រីឯ អឺរ៉ុបវិញ អាចនឹង​​លុប​បំបាត់​ពន្ធ​លើ​ទំនិញ​សំខាន់ៗ​របស់​វៀតណាម ដូចជា វាយនភ័ណ្ឌ សំលៀកបំពាក់ និងស្បែកជើង ជាដើម។

ដោយឡែក និយាយពីកម្ពុជាវិញ ដ្បិតថា ប្រព័ន្ធអនុគ្រោះពន្ធ EBA កំពុង​ស្ថិតនៅភាពច្បាស់លាស់ ថា​នឹងត្រូវបាត់បង់ ឬក៏នៅបន្ត​ក៏ដោយ ប៉ុន្ដែ រាជរដ្ឋាភិបាល​កម្ពុជា​ក៏មិននៅស្ងៀម​នោះដែរ ពោលគឺ​​បាននិង​កំពុង​ខិតខំ​ពង្រីក​បន្ថែម​ទីផ្សារ​ទាំងថ្មីៗ​នឹងចាស់។

ជាក់ស្ដែង ថ្មីៗនេះ កាលពីថ្ងៃទី១៣​ កុម្ភៈ កន្លងទៅនេះ ប្រទេសកម្ពុជា និងប្រទេសវៀតណាម បង្កើត​នូវកិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​រួម​គ្នា​មួយ​ ក្នុងការ​ផ្តល់​ភាព​អនុគ្រោះពន្ធ សូន្យភាគរយ សម្រាប់ទំនិញ​មួយចំនួន ដែលនាំចេញ-នាំចូល រវាង​ប្រទេសទាំងពីរ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បានឲ្យដឹងថា កម្ពុជា និងវៀតណាម​បាន​ឯកភាពគ្នា​​លើ​ការ​អនុគ្រោះពន្ធអត្រា​សូន្យ​ភាគរយ។ ដោយក្នុងនោះ វៀតណាម​បាន​សម្រេច​អនុគ្រោះពន្ធ សម្រាប់​​​​ទំនិញ​​កម្ពុជា​​ចំនួន ៣២​​បន្ទាត់​​ពន្ធគយ រួមជាមួយនឹង​ការផ្ដល់​នូវ​កូតា​នាំ​ចូល​អង្ករ​ចំនួន ៣០ម៉ឺនតោន និងសន្លឹក​ថ្នាំជក់ ៣ពាន់​តោន នៅក្នុង​ឆ្នាំ ២០១៩ និងឆ្នាំ២០២០ ខណៈដែរ​ភាគីកម្ពុជាវិញ ក៏​បាន​ផ្តល់​ភាព​អនុគ្រោះ​ពន្ធអត្រា​សូន្យ​ភាគរយ ដូចគ្នា​ ទៅ​ដល់មុខ​ទំនិញ​វៀតណាម​ចំនួន ២៦បន្ទាត់​ពន្ធគយ៕​

None



អត្ថបទបន្ទាប់


តម្លៃអចលនទ្រព្យ ក្នុងទីក្រុងបាងកក នឹងនៅថេរ នៅឆ្នាំនេះ ដោយសារតែការផ្គង់ផ្គង់ មានលើសតម្រូវការ

នៅឆ្នាំនេះ តម្លៃតម្លៃដី និងខុនដូ នៅក្នុងទីតាំងកណ្ដាលក្រុងនៃប្រទេសថៃ នឹងមានតម្លៃថេរ ពោលគឺនឹងមិនមានកំណើនកើនឡើងខ្ពស់ឡើយ ដោយសារតែ សម្ពោធនៃ…

ជំនួប​ ត្រាំ-គីម នៅវៀតណាម៖ ហេតុ​អ្វី​មិន​មែន​នៅ​កម្ពុជា?

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង​ប្រមុខដឹកនាំ​ប្រទេស​កូរ៉េ​ខាងជើង​ លោក គីម ជុងអ៊ុន នឹងជួបគ្នា​ជា​លើកទីពីរ នៅថ្ងៃទី២៧-២៨ ខែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ