នៅក្នុងស្ថានភាពនៃការកើនឡើងនៃកង្វះអាហារសកល និង បញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់ ប្រទេសម៉ាឡេស៊ីបានបញ្ឈប់ការនាំចេញសាច់មាន់របស់ខ្លួននៅក្នុងខែនេះ រហូតដល់ការផលិតក្នុងស្រុក និង ការកើនឡើងនៃថ្លៃដើមមានស្ថិរភាពឡើងវិញ ទើបប្រទេសនេះសម្រេចបើកការនាំចេញឡើងវិញ។
ការបិទខ្ទប់ការនាំចេញសាច់មានរបស់ម៉ាឡេស៊ីនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសសិង្ហបុរីដែលក្បែរនោះ ខណៈនៅតាមភោជនីយដ្ឋាន និង តូបលក់ដូរតាមដងផ្លូវបានឡើងថ្លៃមុខម្ហូបធ្វើពីសាច់មាន់ និង នៅតាមកន្លែងលក់មួយចំនួនមិនមានមុខម្ហូបសាច់មាន់លក់ទៀតឡើយ ខណៈសាច់មាន់ គឺស្ថិតក្នុងប្រភេទសាច់ដែលមានការនិយមទទួលទានយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋសិង្ហបុរី។
លោក ស៊ូស៊ីវីចូណូ ម៉ូអេហ្គីអាសូ (Susiwijono Moegiarso) មន្ត្រីជាន់ខ្ពស់នៅក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីបាននិយាយថា អាជ្ញាធរបានធ្វើការពិភាក្សាបច្ចេកទេសជាមួយសិង្ហបុរី ហើយរំពឹងថា ការនាំចេញសាច់មាន់អាចចាប់ផ្តើមនៅក្នុងខែនេះ។ ទន្ទឹមនឹងនោះ ទីភ្នាក់ងារស្បៀងអាហារសិង្ហបុរី (SFA) ក៏បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែរថា ខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរឥណ្ឌូនេស៊ី លើការចុះកិច្ចព្រមព្រៀងដើម្បីបើកការនាំចូលសាច់មាន់មកកាន់សិង្ហបុរី ខណៈប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសធំជាងគេ និង មានប្រជាជនច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ បច្ចុប្បន្នមានសក្តានុពលលើផលិតកម្មមាន់ដ៏ច្រើនលើសលុប។
លោក Achmad Dawami ប្រធានសមាគមអ្នកបង្កាត់ពូជមាន់ឥណ្ឌូណេស៊ី បានបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីអាចផលិតបានមាន់ ៥៥ លាន ទៅ ៦០ លានក្បាលក្នុងមួយសប្តាហ៍ជាមួយនឹងតម្រូវការប្រើប្រាស់ក្នុងស្រុកប្រហែល ១៥% ទៅ ២០% ប៉ុណ្ណោះ ។
ក្នុងនោះ ប្រធានសមាគមអ្នកបង្កាត់ពូជមាន់រូបនេះ បានគូសបញ្ជាក់ថា ការនាំចេញទៅកាន់ប្រទេសសិង្ហបុរី ដែលមានតម្រូវការប៉ាន់ស្មានពីជាង ៣ទៅ ៤លានក្បាលក្នុងមួយខែ ដែលអាចជួយផ្គត់ផ្គង់តម្រូវការរបស់សិង្ហបុរីបានយ៉ាងពេញលេញ។
លោក Dawami បានបន្ថែមថា មែនទែនទៅប្រទេសសិង្ហបុរីចង់នាំចូលមាន់រស់ ដើម្បីងាយស្រួលក្នុងការរក្សានៅកន្លែងស្តុកទុកក្នុងស្រុករបស់ខ្លួន ប៉ុន្តែផលិតករឥណ្ឌូនេស៊ីបានអះអាងថា ពួកគេអាចមានផលលំបាកក្នុងការនាំចេញសត្វមាន់រស់ ដោយសារពួកគេខ្វះបទពិសោធន៍ក្នុងការដឹកជញ្ជូនប្រភេទសត្វបក្សីរស់ទាំងនោះ។
គួរជម្រាបថា ថ្វីបើប្រទេសម៉ាឡេស៊ី បានសម្រេចដកការហាមឃាត់ការនាំចេញប្រភេទសាច់មាន់កម្រិតខ្ពស់មួយចំនួន កាលពីសប្តាហ៍មុនក៏ដោយ ប៉ុន្តែការហាមប្រាមលើការនាំចេញប្រហិតសាច់មាន់ និងផលិតផលសាច់ផ្សេងទៀត ដែលជាតម្រូវការភាគច្រើនរបស់សិង្ហបុរី គឺនៅតែបានបន្តហាមឃាត់ការនាំចេញដដែល ។
គួរបញ្ចាក់ថា កត្តាដែលជម្រុញឱ្យម៉ាឡេស៊ីសម្រេចផ្អាកការនាំចេញរបស់ខ្លួន ដោយសារតែតម្លៃសាច់មាន់ដែលធ្លាប់តែមានថោកបំផុតមួយរបស់ម៉ាឡេស៊ីបានហក់ឡើងខ្ពស់ក្នុងប៉ុន្មានខែថ្មីៗនេះ បណ្តាលមកពីកង្វះស្បៀងអាហារពិភពលោកកាន់តែធ្ងន់ធ្ងរឡើង ដោយសារតែវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនរំខានដល់ផលិតកម្មរបស់ខ្លួន៕