សារព័ត៌មាន CNBC បានរាយការណ៍នៅថ្ងៃទី២៨ ខែសីហា ថា ក្រុមហ៊ុនប្រឹក្សាយោបល់គ្រួសារ និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិបានគូសបញ្ជាក់ថា ពួកគេសង្កេតឃើញមានរលកនៃការចាប់អារម្មណ៍ជាថ្មីមកលើប្រទេសសិង្ហបុរី ពីសំណាក់អតិថិជនចិន ដែលមានទ្រព្យសម្បត្តិរាប់រយលានដុល្លារ ដែលធ្លាប់បានផ្លាស់ប្តូរទីតាំងទៅរស់នៅមជ្ឈមណ្ឌលហិរញ្ញវត្ថុផ្សេងទៀតដូចជា ទីក្រុងតូក្យូ ឌូបៃ និងហុងកុង។ ដើមឡើយ សិង្ហបុរី គឺជាគោលដៅកំពូលសម្រាប់មហាសេដ្ឋីចិនដីគោក ដែលចង់ពង្រីកការវិនិយោគ និងគេចចេញពីឥទ្ធិពលត្រួតពិនិត្យរបស់ក្រុងប៉េកាំង ជាពិសេសបន្ទាប់ពីមានការតវ៉ាដ៏ធំនៅហុងកុង កាលពីឆ្នាំ២០១៩។
យ៉ាងណាមិញ ភាពទាក់ទាញរបស់សិង្ហបុរី បានថយចុះមួយរយៈ បន្ទាប់ពីមានរឿងអាស្រូវលាងលុយកខ្វក់ទំហំ៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ដែលបានជំរុញឱ្យអាជ្ញាធរបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើអតិថិជនមានទ្រព្យស្តុកស្តម្ភ។ ការត្រួតពិនិត្យស៊ីជម្រៅ និងលក្ខខណ្ឌតម្រូវការស្នាក់នៅដ៏តឹងរ៉ឺងបានបណ្ដេញគ្រួសារអ្នកមានចិនមួយចំនួនឱ្យចាកចេញទៅកាន់ដែនដី ដែលពួកគេយល់ថា មានភាពល្អប្រសើរជាងនេះ។ ប៉ុន្តែមកទល់ពេលនេះ អ្វីដែលពួកគេធ្លាប់មើលឃើញថា ជាការដាក់កំហិតដ៏តឹងរ៉ឹងនោះ បែរជាត្រូវបានមើលឃើញថា ជាកោះសន្តិសុខ និងសុវត្ថិភាពដ៏រឹងមាំទៅវិញ។ ការចាប់អារម្មណ៍ឡើងវិញនេះកើតឡើងចំពេលដែលអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានកែសម្រួលលក្ខខណ្ឌច្បាប់កាលពីខែកក្កដា កន្លងទៅ ដោយផ្តល់ការបត់បែនជាងមុនលើការជួលបុគ្គលិក និងការវិនិយោគ។ ទន្ទឹមនឹងនេះ ទិន្នន័យពីក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយបានបង្ហាញថា ការសាកសួរទិញអចលនទ្រព្យប្រណីតៗនៅសិង្ហបុរី ពីសំណាក់ជនជាតិចិន បានកើនឡើងរហូតដល់៣៥% នៅក្នុងឆមាសទី១ ឆ្នាំនេះ។
ក្រុមអ្នកវិភាគបានសន្និដ្ឋានថា អាទិភាពរបស់មហាសេដ្ឋីចិន បានផ្លាស់ប្តូរហើយ ដោយកាលពីមុនពួកគេស្វែងរកឱកាសចំណេញលឿន ប៉ុន្តែពេលនេះពួកគេស្វែងរកសុវត្ថិភាព និងស្ថិរភាព។ ការរឹតបន្តឹងពន្ធនៅហុងកុង វិបត្តិជម្លោះនៅមជ្ឈិមបូព៌ា ដែលប៉ះពាល់ដល់ទីក្រុងឌូបៃ និងភាពតានតឹងភូមិសាស្ត្រនយោបាយនៅទីក្រុងតូក្យូ សុទ្ធសឹងជាកត្តាជំរុញឱ្យស្ថិរភាពរបស់សិង្ហបុរី ក្លាយជាជម្រើសដ៏ទាក់ទាញបំផុតសាជាថ្មី៕
អត្ថបទៈ សួន ឡង់ទី