
ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ទៅកាន់ប្រទេសដែនកោះដ៏តូចច្រឡឹងមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
ប្រទេសសិង្ហបុរី និងវៀតណាម កាលពីថ្ងៃទី១២ ខែមីនា បានចុះកិច្ចព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍបណ្ដាញខ្សែកាបបាតសមុទ្រ និងថាមពលរហូតដល់ការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ហើយសិង្ហបុរីបានក្លាយជាប្រទេសទី៣ ក្នុងអាស៊ាន បន្ទាប់ពីម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដែលវៀតណាមបាន បង្កើតទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
តាមរយៈសេចក្តីថ្លែងការណ៍រួមមួយបង្ហាញថា ប្រធានបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉ែន វង់ (Lawrence Wong) បានចុះកិច្ចព្រមព្រៀងចំនួន៦ និងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍបណ្ដាញខ្សែកាបក្រោមបាតសមុទ្រ ការតភ្ជាប់ឌីជីថល និងលំហូរទិន្នន័យឆ្លងដែន។
បណ្ដាប្រទេសក្នុងតំបន់អាស៊ាន ដែលជាចំណុចប្រសព្វដ៏សំខាន់សម្រាប់ការតភ្ជាប់បណ្ដាញខ្សែកាបពីអាស៊ីទៅកាន់អឺរ៉ុប មានគោលដៅពង្រីកបណ្ដាញខ្សែកាបរបស់ពួកគេដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងសម្រាប់សេវាកម្មបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងមជ្ឈមណ្ឌលទិន្នន័យ ហើយគ្រាន់តែប្រទេសវៀតណាម តែឯងគ្រោងដាក់ឱ្យដំណើរការបណ្ដាញខ្សែកាបក្រោមបាតសមុទ្រថ្មីៗរហូតដល់ទៅ១០ឯណោះនៅត្រឹមឆ្នាំ២០៣០។
កាលពីអំឡុងខែធ្នូ ចុងឆ្នាំ២០២៤ ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មសិង្ហបុរី Keppel និងក្រុមហ៊ុន Sovico Group របស់វៀតណាម គ្រោងពិភាក្សាគ្នាអំពីផែនការអភិវឌ្ឍនបណ្ដាញខ្សែកាបអុបទិកក្រោមបាតសមុទ្រថ្មី ដើម្បីជំរុញឧស្សាហកម្មមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់នេះ។
ហើយកាលពីអំឡុងខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុនទូរគមនាគមន៍រដ្ឋរបស់វៀតណាម Viettel និងក្រុមហ៊ុនទូរគមនាគមន៍ Singtel របស់សិង្ហបុរី បានប្រកាសកិច្ចព្រមព្រៀងបឋមមួយក្នុងការអភិវឌ្ឍបណ្ដាញខ្សែកាបក្រោមបាតសមុទ្រដែលតភ្ជាប់ពីប្រទេសវៀតណាម ដោយផ្ទាល់ទៅកាន់ប្រទេសសិង្ហបុរី ប៉ុន្តែមិនទាន់មានការប្រកាសកិច្ចសន្យាសាងសង់សម្រាប់គម្រោងនេះនៅឡើយទេ។ យោងតាមសេចក្ដីថ្លែងការណ៍រួមខាងលើ មេដឹកនាំនៃប្រទេសទាំងពីរក៏បានពិភាក្សាអំពីការអភិវឌ្ឍបៃតង ការពង្រីកសួនឧស្សាហកម្ម និងការលើកកម្ពស់សន្តិភាព ព្រមទាំងស្ថិរភាពនៅក្នុងតំបន់ផងដែរ ហើយថា ប្រទេសសិង្ហបុរី បានសន្យាជួយវៀតណាម ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ ទិន្នន័យផ្លូវការបានបង្ហាញថា សិង្ហបុរី ជាប់ចំណាត់ថ្នាក់ក្នុងចំណោមវិនិយោគិនបរទេសកំពូលៗរបស់វៀតណាម ដែលបានបណ្តាក់ទុនជាង១០,២ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ ដែលស្មើនឹង២៧%នៃការវិនិយោគបរទេសសរុបរបស់វៀតណាម៕
ដោយ: តែម សុខុម