ជាមួយគ្នានេះមេដឹកនាំសិង្ហបុរី បានសង្កត់ធ្ងន់ថា គ្មាននរណាមកជួយសង្គ្រោះសិង្ហបុរីទេ បើមានវិបត្តិនោះ ដូច្នេះសិង្ហបុរី ត្រូវតែទទួលខុសត្រូវចំពោះការការពារ និងការរស់រានមានជីវិតរបស់ខ្លួនដោយខ្លួនឯង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡូរ៉េន វង្ស (Lawrence Wong) បានអះអាងថា ការចំណាយលើសន្តិសុខជារួមអាចនឹងមានការកើនឡើងនៅឆ្នាំខាងមុខ ដោយសារភាពតានតឹងសកលកាន់តែឡើងកម្តៅ ប៉ុន្តែនៅក្នុងស្ថានភាពបច្ចុប្បន្នសិង្ហបុរី នឹងរក្សាកញ្ចប់ចំណាយលើវិស័យការពារជាតិនៅត្រឹម៣% នៃផលិតផលក្នុងស្រុកសរុបសិន ហើយវាអាចផ្លាស់ប្តូរទៅតាមស្ថានការណ៍ជាក់ស្តែង។ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងនោះលោក ឡូរ៉េន វង្ស បានសង្កត់ធ្ងន់ថា ការបន្តវិនិយោគលើវិស័យសន្តិសុខវាជាការងារអាទិភាពខ្ពស់បំផុតសម្រាប់រដ្ឋាភិបាលសិង្ហបុរី ក្នុងខណៈដែលពិភពលោកកំពុងប្រឈមនឹងស្ថានភាពងាយបែកបាក់ និងគ្រោះថ្នាក់បំផុត។
លោកបានបន្ថែមថា កញ្ចប់ថវិកាសន្តិសុខជាតិឆ្នាំនេះ នឹងមានវិសាលភាពធំជាងមុន ដោយមិនត្រឹមតែផ្ដោតលើក្រសួងការពារជាតិ ប៉ុណ្ណោះទេ ថែមទាំងរួមបញ្ចូលទាំងការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ជាតិ ដូចជាការពង្រឹងការងាររបស់ក្រុមការងារសន្តិសុខផ្ទៃក្នុង និងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខសាយប័រ។ គោលដៅចម្បងនៃការកំណត់កញ្ចប់ថវិកានេះ គឺដើម្បីធានាឱ្យបាននូវសុវត្ថិភាព និងស្ថិរភាពរបស់សិង្ហបុរីនៅក្នុងបរិយាកាសគំរាមកំហែងដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន។
គួររំលឹកថា កាលពីឆ្នាំ២០២៤ ជម្លោះប្រដាប់អាវុធបានកើតមានឡើងរហូតដល់៦១ប្រទេសនៅលើពិភពលោក ដែលជាកំណត់ត្រាខ្ពស់បំផុតចាប់តាំងពីសង្រ្គាមលោកលើកទី២មក ហើយថ្មីៗនេះ សូម្បីតែនៅក្នុងតំបន់អាស៊ាន ក៏កើតមានសង្គ្រាមផងដែរ គឺរវាងកម្ពុជា និងថៃ។ លោកបានសង្កត់ធ្ងន់ថា គ្មាននរណាមកជួយសង្គ្រោះសិង្ហបុរីទេ បើមានវិបត្តិនោះ ដូច្នេះសិង្ហបុរី ត្រូវតែទទួលខុសត្រូវចំពោះការការពារ និងការរស់រានមានជីវិតរបស់ខ្លួនដោយខ្លួនឯង៕
ដោយៈ សរ សុជាតិ