កំណើន​កាស៊ីណូ

កាសែតចិន៖ ទេសចរចិនឈ្នះ ខណៈពលរដ្ឋ​ខ្មែរ​ក្រីក្រចាញ់ នៅ​ក្នុងគម្រោងអភិវឌ្ឍន៍អគារប៊ុលឌីង (អគារស)


កាសែតហុងកុង ដែលមានមហាសេដ្ឋីជេកម៉ា ជាម្ចាស់ភាគហ៊ុនធំបានសរសេរព័ត៌មានលំអិតមួយ ដែលនិយាយពីគម្រោងអភិវឌ្ឍន៍ដីតំបន់ប៊ុលឌីង ឬអគារសទៅជាកាស៊ីណូណាហ្គាទី៣។ គេហទំព័រ South China Morning Post បានរៀបរាប់លំអិតពីដំណើរដើមទងនៃគ្រោងការអភិវឌ្ឍន៍នៅអគារស ឬប៊ុលឌីងនេះ ។ តទៅនេះ គេហទំព័រ ខេមបូណូមីសសូមប្រែសម្រួលខ្លឹមសារនៃអត្ថបទនេះដូចតទៅ៖
កាស៊ីណូ ណាហ្គាវើល ២ទីតាំង ក្បែរគ្នា នៅរាជធានីភ្នំពេញ (រូបភាព៖ ហេង ភារម្យ)
ដោយ

ប៊ុលឌីង អគារស ជាសំណង់​លំនៅដ្ឋាន​របស់​មន្ត្រីរាជការ​សិល្បៈករ​ក្រីក្រ​នៅ​រាជធានីភ្នំពេញ ។ រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដីនគរ​រូបនីយកម្មនិង​សំណង់ ​លោកជា សុផារ៉ា បានចេញ​មុខប្រាប់​ប្រជាជាតិ​ខ្មែរថា នឹងកែ​លម្អឡើ​ងវិញ ​សម្រាប់​រាស្ត្រមាន​ចំណូលមធ្យម និងចំណូលទាប​ដែល​គម្រោង​នេះត្រូវបាន​ទៅលើ​ក្រុមហ៊ុន​ជប៉ុន​មួយ ឈ្មោះ​អារ៉ាហ្គាវ៉ា។ ផ្ទុយទៅវិញនៅ​ដើមខែមេសា​ឆ្នាំ២០១៩ ក្រុមហ៊ុន​ណាហ្គាខប​បានប្រកាស​ថា ក្រុមហ៊ុននេះ គ្រោងនឹង​ធ្វើការអភិវឌ្ឍ​កាស៊ីណូ​សណ្ឋាគារ ដែលមាន​ទំហំធំ ប៉ុន​កាស៊ីណូនៅ​ប្រទេសសឹង្ហបុរី ដើម្បីទាក់ទាញ​អ្នកលេងល្បែង​ជនជាតិចិន​ដែលកំពុង​សម្រុក​មកកម្សាន្ត​នៅស្រុកខ្មែរ​កាន់តែ​ច្រើនឡើង។

ក្រុមហ៊ុន NagaCorp ដែលត្រូវ​បានចុះបញ្ជី​នៅហុងកុង ដែលគ្រប់គ្រង​ដោយមហា​សេដ្ឋីម៉ាឡេស៊ី​លោក Chen Lip Keong បាន​ប៉ាន់ស្មានថា ខ្លួននឹង​ចំណាយ​ប្រាក់ចំនួន ៣ ទៅ ៨ ពាន់លាន​ដុល្លារអាមេរិក​លើគម្រោង​ណាហ្គាទី៣​នេះ។ កាស៊ីណូណា​ហ្គា៣ នេះមាន  សណ្ឋាគារ ខុនដូ និងកន្លែង​កម្សាន្ដ​ចំនួន ១២ រួមទាំង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និងហាង​លក់​ទំនិញផងដែរ។

លោក Philip Lee អនុប្រធាន​ក្រុមហ៊ុន NagaCorp បានប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​ព័ត៌មាន​នេះទើប​នឹងបែក​ធ្លាយថា «ណាហ្គា3 គឺជាការវិនិយោគ​វិស័យ​ឯកជន​ធំបំផុត​តែមួយគត់​នៅកម្ពុជា​នាពេល​បច្ចុប្បន្ន ហើយអាច​ជារយៈពេលជា​ច្រើនឆ្នាំ​មកហើយ។ វាមានទំហំ​ប្រហាក់​ប្រហែល​នឹង Marina Bay Sands នៅសិង្ហបុរី ដែលជា​កន្លែង​កម្សាន្ត​ដែលមាន​តម្លៃថ្លៃ​បំផុត​នៅលើ​ពិភពលោក»។ 

ប៉ុន្តែព័ត៌មាននេះ​នាំឱ្យការ​ភ្ញាក់ផ្អើល​និងអាក់អន់​ចិត្តពីសំណាក់អតីត​អ្នករស់នៅ​ក្នុងប្លុក​ប៊ុលឌីង ដែលមាន​ប្រាក់ចំណូល​ទាប និងសកម្មជន​អភិរក្ស និងអ្នកដែល​សរសើរ​ស្នាដៃ​លោកជា សុផារ៉ា ។ កាលពីឆ្នាំ២០១៦​មនុស្ស​មិនតិចទេ ដែលសរសើរ​ការដោះស្រាយ​សំណង​នៅប្លុក​ប៊ុលឌីង​ដោយគ្មាន ការ​ប្រទូស្តរ៉ាយ បន្ទាប់ពី​រដ្ឋមន្ត្រី ជា សុផារ៉ា ប្រកាស​ម្តងហើយ​ម្តងទៀតថា ​ក្រុមហ៊ុន​ជប៉ុនមួយ​ឈ្មោះថា Arakawa Co Ltd នឹងសាងសង់​សំណង់​ប្រវត្តិសាស្ត្រនេះ​ឡើងវិញ​ជាប្លុកខុន​ដូ ដែលមាន​កម្ពស់ ២១ ជាន់។ 

អគារ​កាស៊ីណូ ណាហ្គាវើលទី២ ដែលកំពុង​បើកដំណើរ (រូបភាព៖ ហេង ភារម្យ)

លោករដ្ឋមន្ត្រីបាន​ពន្យល់ថា អគារ5 ជាន់ត្រូវបាន​បម្រុង​ទុកសម្រាប់​លំនៅដ្ឋាន​ដែលមាន​ប្រាក់ចំណូល​ទាបដែល​នឹងទៅកាន់​អ្នករស់​នៅមុនៗ នៃអាគារ​ប៊ូលឌីង។ អគារមាន ១២ ជាន់​នឹងត្រូវ​ប្រើសម្រាប់​ផ្ទះល្វែង​ឯកជន។

លោកជាសុផារ៉ា​រដ្ឋមន្រ្តី នៅឆ្នាំ ២០១៦ បានស្នើសុំ​ឱ្យប្រជាជន​កម្ពុជា "អត់ធ្មត់​នៅពេលរង់​ចាំអគារប៊ូល​ឌីង​ថ្មីនេះ​ត្រូវបាន​បញ្ចប់ក្នុង​រយៈពេល ៤ ឆ្នាំ" ។

លោកអារ៉ាកា ​មិនឆ្លើយតប​ទៅនឹងសំណើ​សុំធ្វើអត្ថាធិប្បាយ​ចំពោះ​ព័ត៌មាននោះទេ​កាលពី​ដើមខែមេសា។ ចំណែកអ្នកនាំពាក្យ​ក្រសួងរៀប​ចំដែនដីនគរ​រូបនីយកម្ម និងសំណង់ លោកសេង ឡូត បានមាន​ប្រសាសន៍ថា លោកមិនដឹងថា​តើ​ដីនេះត្រូវ​បានផ្ទេរ​ទៅ​ណាហ្គាខបទេ។ រីឯបុរស​ល្បីខាង ​ដោះស្រាយ​ទំនាស់​ដីធ្លី​លោក ជា សុផារ៉ា​ ដែលទើប​តែឡើង​តំណែង​ជាឧបនាយក​រដ្ឋមន្ត្រី​ផងនោះ មិនទាន់ផ្តល់​ចម្លើយ​ជាសាធារណៈ​បែបណា​ចំពោះ​ករណីនេះ​ឡើយ។

ប៊ុលឌីង ឬអគារស ត្រូវបាន សាងសង់​ក្នុងឆ្នាំ ១៩៦៣។ វា ជាផ្នែក​នៃបរិវេណ​មហោស្រព​ទន្លេបាសាក់ និងគ្រប់គ្រង​ដោយស្ថាបត្យករ​ដ៏ល្បីល្បាញ​លោក វណ្ណ ម៉ូលីវណ្ណ ក្រោមព្រះរាជ​តម្រិះ​របស់​សម្តេចតា​ព្រះបាទ​នរោត្តម  សីហនុ ។ អគារនេះ​សង់ឡើង​សម្រាប់​ជាលំនៅដ្ឋាន​​របស់​មន្ត្រីរាជការ​ពិសេសក្រុម​មន្ត្រីរបស់​ក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ នាសម័យនោះ ។ អគារនេះ​ត្រូវគេបោះបង់​ចោលក្នុង​សម័យ​វាលពិឃាត​ខ្មែរក្រហម។

បន្ទាប់ពីរបប​ខ្មែរក្រហម​បានដួល​រលំនៅឆ្នាំ ១៩៧៩ ក្រុមមនុស្ស​ចម្រុះដែល​រួមទាំង​វិចិត្រករ​និងតន្ត្រីករ​បានចូល​ទៅរស់នៅ​ទីនោះ នាំឱ្យប៊ុលឌីង​ក្លាយទៅ​ជាសហគមន៍​ចម្រុះ​ពណ៌។

រាជរដ្ឋាភិបាលកម្ពុជា​បញ្ជាក់ថា ប៊ុលឌីងត្រូវ​អភិវឌ្ឍន៍​ព្រោះតែសំណង់​ចាស់​ពុកផុយ និងគ្មាន​សុវត្ថិភាព។

ប្រជាពលរដ្ឋត្រូវ​បានគេផ្តល់ឱ្យ​នូវកញ្ចប់​សំណង ដែលត្រូវបាន​ផ្តល់ឱ្យ​នៅតម្លៃ ១.៤០០ ដុល្លារ​ក្នុង​មួយម៉ែត្រការ៉េ ហើយចុងក្រោយ​តម្លៃ​សំណង​កើនដល់​២.៥០០​ដុល្លារ​ក្នុង​១ម៉ែត្រការ៉េ។ យោងតាមក្រុមហ៊ុន​អចលនទ្រព្យ ​តម្លៃ​អចលនទ្រព្យ​នៅកណ្តាល​ទីក្រុងមាន​តម្លៃចន្លោះ​ពី ២.០០០​ ទៅ ៩.០០០ ដុល្លារ​ក្នុងមួយម៉ែត្រ​ការ៉េ​នៅដើម​ឆ្នាំ ២០១៨ ។

ធ្វើកាស៊ីណូ​ថែមព្រោះ​កំណើនទេសចរណ៍​ចិន (រួមទាំងអ្នកញៀនល្បែង) មកកម្ពុជា

កាសែត​ដដែល​លើកឡើងថា ប្រទេសកម្ពុជា ពឹងផ្អែក​លើអ្នកលេង​ល្បែងខ្ពស់​ជាពិសេស​ពីប្រទេស​ចិន ដើម្បីបង្កើន​សេដ្ឋកិច្ចរបស់ខ្លួន។ កាលពីឆ្នាំមុន​ចំនួនភ្ញៀវ​ទេសចរ​ចិន​បានកើនឡើង​ប្រហែល ២ ភាគ ៣ គឺកើនឡើង​រហូតដល់​ជាង ២ លាននាក់។

ការវិនិយោគ​របស់ចិន​មានសន្ទុះ​ខ្លាំងក្លា ពិសេស​ឆក់យក​កំពង់សោម​ដោយបង្កើត​បនល្បែង​រហូតជាង ៥០គិតត្រឹម​ដើម​ឆ្នាំ ២០១៩។ 

រូបភាព​អគារបូឌិង ឬ អគារ​ស (White Building) កាលពីមិនទាន់​បាន​វាយកម្ទេចចោល (រូបភាព៖ ហេង ភារម្យ)

ក្នុងចំណោម​កាស៊ីណូចំនួន ១៥០ ដែលទទួល​បានអាជ្ញាប័ណ្ណ​នៅចុង​ឆ្នាំ ២០១៨ ណាហ្គាខប គឺមានទំហំធំ​ជាង​គេ បើទោះបី មិនមាន​ទីតាំងទី ៣ បើគិត​ទាំងទី​តាំងប៊ុល​ឌីងផង។ ណាហ្គា បានប្រកាសថា​ខ្លួនទទួល​ប្រាក់ចំណេញ​ចំនួន ៣៩០ លាន​ដុល្លារ​នៅក្នុងឆ្នាំ ២០១៨។

មន្ត្រីម្នាក់​មកពីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បានប្រាប់​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុក​ថា  ពួកគេ​រំពឹងថា នឹងប្រមូល​ចំណូល​សរុប​ចំនួន ៥៦ លានដុល្លារ​នៅក្នុង​ចំណូល​សរុប​ពីកាស៊ីណូ​ទាំងអស់​នៅឆ្នាំ ២០១៨ ។

NagaCorp ត្រូវបាន​សន្យាថា នឹងទទួល​បានសិទ្ធិផ្តាច់មុខ​លើកាស៊ីណូ​នៅរដ្ឋធានីភ្នំពេញ​ រហូតដល់​ឆ្នាំ ២០៣៥ ។ ផែនការហិរញ្ញវត្ថុ​មិនទាន់​ត្រូវបានបញ្ជាក់​សម្រាប់​គម្រោង​ណាហ្គា 3 ទេ ប៉ុន្តែការ​ដាក់ពាក្យ​នៅ​ផ្សារ​ហ៊ុនហុងកុង និយាយថា មហាសេដ្ឋី​ម៉ាឡេស៊ីលោក Chen កំពុង​ពិចារណា​ផ្តល់​មូលនិធិ ​50% នៃថ្លៃ​ចំណាយ​អភិវឌ្ឍន៍ ជាមួយនឹង​ប្រាក់ផ្ទាល់​ខ្លួនរបស់​គាត់។

កាលពីដើមខែនេះ​ព្រឹតិបត្តិ​ជំនួញម៉ាឡេស៊ី The Edge បាន​រាយការណ៍ថាឋ​ទ្រព្យសម្បត្តិ​ផ្ទាល់របស់​ Chen បានកើន​ឡើងពី ១,៦ ពាន់​លាន​ដុល្លារទៅ ៥ ពាន់លាន​ដុល្លារ​នៅឆ្នាំនេះ ហើយវា​បានធ្វើឲ្យ​មហា​សេដ្ឋី​រូបនេះ​នាំ​មុខ​មហាសេដ្ឋី​ហ្គេម Tan Sri Lim Kok Thay ជានាយក​ប្រតិបត្តិ​របស់ Genting Bhd ដែលជា​ម្ចាស់របស់ រមណីយដ្ឋាន​បដិសណ្ឋារកិច្ច និងកាស៊ីណូ​លំដាប់​ពិភពលោក។

ទាក់ទងនឹងបញ្ហានេះ កាសែតហុងកុង​ខាងលើ​បាន​ស្រង់​សម្ដី កម្មករ​សំណង់​កម្ពុជា​ម្នាក់ឈ្មោះ  ឡុង លុច  ដែលជាអតីត​អ្នក​រស់នៅ អាគារប៊ូលឌីង​បាននិយាយ​ថា គាត់ត្រូវ​បានសន្យា​ដំបូង​ថា ៦០.០០០ ដុល្លារ។ ប៉ុន្តែគាត់​ទទួលបាន ២៥.០០០ ដុល្លារអាមេរិក​នៅចុងបញ្ចប់។ កម្មកររូប​នេះបន្តថា  «ខ្ញុំមានការ​ខកចិត្ត​យ៉ាងខ្លាំង​ហើយមិន​សប្បាយចិត្ត​ជាមួយការ​ចរចា​ពីព្រោះ វាមិន​យុត្តិធម៌ទេ យើងគួរតែ​ទទួលបាន​ច្រើនជាង​នេះ ដោយផ្អែក​លើតម្លៃ​ទីផ្សារ​ពិតប្រាកដ»។លោកបញ្ជាក់​និងបង្ហាញ​ការមិនពេញ​ចិត្តចំពោះ​គម្រោង​ពង្រីក​បនល្បែងថា «ខ្ញុំពិតជា​មិនគាំទ្រ​គំនិតបង្កើត​កន្លែងលេង​ល្បែងច្រើន​ទៀតទេ ប៉ុន្តែ​យើងជា​អ្នកក្រ​តើអាច​និយាយ​អ្វីបាន?»។

ទាក់ទងនឹង​ការអភិវឌ្ឍ​អគារ​ប៊ុលឌីងនេះ អ្នកសារព័ត៌មាន​ភាគច្រើន​នៅកម្ពុជា មិនទាន់​ប្រមូល​បាន​ឯកសារ​ស្តីពីការ​ដេញ​ថ្លៃជាសាធារណៈ​នោះ​ឡើយខណៈដែលច្បាប់​ស្តីពីលទ្ធកម្ម​សាធារណៈ​កំពុងនៅ​ជាធរមាន។ មហាជន រង់ចាំការ​ស្រាយបំភ្លឺ​ពីសំណាក់​រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី​នគររូប​នីយកម្ម​និងសំណង់ ។​ស្របពេលដែល​ប្រជា​ពលរដ្ឋ អ្នកតាមដាន​ព័ត័មាន ឆ្ងល់ថា​ក្រុមហ៊ុន​ជប៉ុនអាច​យកប៊ុល​ឌីងផ្ទេរ​ឱ្យណាហ្គាដោយ​វិធីណា?ឬមួយ អារ៉ាហ្គាវ៉ា ជាល្បែង​ឆ្ពិន​ភ្នែក?

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តាមរយៈ​ហ្វេកប៊ុក អាមេរិក​និង​ចិន​ប៉ះ​ទង្គិច​គ្នា​ពី​រឿង​កម្ពុជា

ព័ត៌មាន
តាមរយៈ​បណ្តាញ​សង្គម​ហ្វេកប៊ុក ស្ថានទូត​អាមេរិក​និង​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា នៅ​ក្នុង​សប្តាហ៍​នេះ បាន​​ប៉ះ​ទង្គិច​គ្នា​ជា​បន្ត ព…

អ្នកជំនាញ៖ គំរូអភិវឌ្ឍន៍ខេត្តព្រះសីហនុ កំពុងជះឥទ្ធិពលវិជ្ជមាន ទៅដល់ខេត្តមាត់សមុទ្រដទៃទៀត

ព័ត៌មាន
ដូចដែលយើង បានដឹងបានឭហើយថា ខេត្តព្រះសីហនុ នាប៉ុន្មានឆ្នាំចុងក្រោយនេះ បាននិងកំពុងទទួលបានការអភិវឌ្ឍយ៉ាងលឿនគំហុក ពិសេស គឺវិស័យសំណង់ និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ