សារព័ត៌មាន ស្ត្រេតថាមស៍ បានរាយការណ៍ថា តូរលេខនៃការនាំចេញទំនិញសំខាន់ៗ ដែលភាគច្រើនជាផលិតផលអេឡិចត្រូនិក និងមិនមែនអេឡិចត្រូនិក របស់សិង្ហបុរី បានធ្លាក់ចុះរយៈពេល៧ខែជាប់ៗគ្នាមកហើយ បើគិតមកដល់ខែមេសា ឆ្នាំ២០២៣នេះ។ មិនតែប៉ុណ្ណោះ ក្រុមសេដ្ឋវិទូមួយចំនួនក៏បានព្យាករថា ស្ថានភាពបែបនេះនឹងបន្តអូសបន្លាយពេលបន្តិចទៀត រហូតដល់ឆមាសទី២ ទើបអាចមានការប្រែប្រួលប្រសើរឡើងវិញ។
តូលេខពីអង្គភាពសហគ្រាសសិង្ហបុរីបានបង្ហាញថា ការនាំចេញផលិតផលក្នុងស្រុក ក្រៅពីប្រេង បានធ្លាក់ចុះជិត១០% នៅខែមេសា ខណៈកាលពីខែមីនា វាបានធ្លាក់ចុះជាង ៨%។ តូលេខនេះ បង្ហាញពីស្ថានភាពអាក្រក់ជាងការព្យាករពីមុនទៅទៀត។
ការស្ទាបស្ទង់លើការដឹកជញ្ជូនផលិតផលអេឡិចត្រូនិចនាំចេញប្រចាំឆ្នាំ គឺធ្លាក់ចុះប្រមាណជាង ២៣% ដោយនៅក្នុងនោះ គ្រឿងសម្ភារៈសៀឃ្វីអគ្គិសនី ធ្លាក់ចុះប្រមាណជា ២១% កុំព្យូទ័រធ្លាក់ចុះ ៥០% និងផលិតផល ថាសផ្ទុកទិន្នន័យធ្លាក់ចុះប្រមាណជា ៤២%។ ដោយឡែកផលិតផលមួយចំនួន ដូចជាគីមីឥន្ធនៈ និងអាហារវេចខ្ចប់ ក៏មានសេចក្តីរាយការណ៍ពីការធ្លាក់ចុះផងដែរ។
លោកស្រី សេឡឺណា លីង (Selena Ling ) ប្រធានសេដ្ឋវិទូ និងជាប្រធានផ្នែកស្រាវជ្រាវ និងយុទ្ធសាស្រ្ត នៅធនាគារ អូស៊ីប៊ីស៊ី បាននិយាយថា សរុបមក លក្ខខណ្ឌតម្រូវការខាងក្រៅនៅតែជាកត្តាកំណត់ចាំបាច់ ដែលបញ្ជាក់ពីការបន្តធ្លាក់ចុះប្រចាំឆ្នាំ រហូតដល់ត្រីមាសទី ៣ នៃឆ្នាំ ២០២៣ នេះ។
លោកស្រីបាននិយាយថា ស្ថានភាពឧស្សាហកម្មអេឡិចត្រូនិកពិភពលោក គឺស្ថិតក្នុងស្ថានភាពលំបាក រីឯតម្រូវការគ្រឿងអេឡិចត្រូនិកសកលអាចនៅតែកំពុងធាក់ថយ ជាហេតុធ្វើឱ្យសម្ទុះនៃការងើបឡើងវិញត្រូវបានគេរំពឹងទុកថា អាចកើតឡើងនៅក្នុងឆមាសទី ២ នៃឆ្នាំ ២០២៣។
លោកស្រី សេឡឺណា លីង បានបន្តថា ទោះបីជាការនាំចេញឱសថសិង្ហបុរីកើនឡើងដល់ជិត១២៧ ភាគរយនៅក្នុងខែមេសា បើធៀបនឹងឆ្នាំមុនក៏ដោយ ក៏នៅមិនទាន់គ្រប់គ្រាន់ដើម្បីទូទាត់ការធ្លាក់ចុះនៃការនាំចេញគ្រឿងអេឡិចត្រូនិកបាននៅឡើយទេ។
ដោយឡែក លោក អឺបេន ប៉ារ៉ាគូអែល ( Euben Paracuelles ) សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន ណូមួរ៉ា រំពឹងថា សេដ្ឋកិច្ចសិង្ហបុរីនឹងកើនឡើងក្នុងអត្រា ១,១% នៅឆ្នាំ ២០២៣ នេះ ស្របពេលដែលរដ្ឋាភិបាលបានព្យាករណ៍ពីកំណើនក្នុងចន្លោះពី ០,៥% ទៅ ២,៥% ដោយសារតែតម្រូវការខាងក្រៅចុះខ្សោយ។ ប៉ុន្ដែ សេដ្ឋវិទូរូបនេះបានបន្តថា ការធ្លាក់ចុះនៃការនាំចេញគ្រឿងអេឡិចត្រូនិកទំនងជាមិនអាចអូសបន្លាយរហូតដល់ឆមាសទី ២ នៃឆ្នាំ ២០២៣ ឡើយ៕
អត្ថបទ ៖ សុខ ជា