សារព័ត៌មានបាងកកប៉ុស្ដ៍ថៃ បានរាយការណ៍ថា វ៉ាក់សាំងកូវីដ-១៩ Sinovac ពីប្រទេសចិនចំនួន២០ម៉ឺនដូស បានដឹកមកដល់ប្រទេសថៃហើយ ដោយលោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ជាអ្នកទៅទទួលដោយផ្ទាល់តែម្ដង នៅឯព្រលានយន្ដហោះសុវណ្ណភូមិ នៅព្រឹកថ្ងៃពុធ ទី២៤ខែកុម្ភៈ។ លោកប្រាយុទ្ធ ក៏បានប្រកាសក្ដែងៗដែរថា លោកនឹងធ្វើជាមនុស្សដំបូងគេនៅក្នុងប្រទេសថៃ ដែលទទួលចាក់វ៉ាក់សាំងចិនមួយនេះ ដើម្បីបង្កើនទំនុកចិត្តដល់ពលរដ្ឋលើការចាក់វ៉ាក់សាំង។ ទោះយ៉ាងណា វ៉ាក់សាំងនេះ ត្រូវបានគេដឹងថា ចាក់បានតែលើមនុស្សវ័យក្រោម៦០ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែបើតាមអាយុរបស់លោកប្រាយុទ្ធ គឺលើសអាយុដែលត្រូវចាក់ទៅហើយ។
បើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីថៃ វ៉ាក់សាំងដែលទើបដឹកពីប្រទេសចិននេះ គឺជាផ្នែកមួយនៃវ៉ាក់សាំង ២លានដូស ដែលរដ្ឋថៃបានកម្ម៉ង់ទិញពីប្រទេសចិនដែលមានតម្លៃប្រមាណ ៤០លានដុល្លារអាមេរិក។ ក្រៅតែពីវ៉ាក់សាំងចិន Sinovac ប្រទេសថៃ ក៏មានបញ្ជាទិញវ៉ាក់សាំង AstraZeneca ពីអង់គ្លេសផងដែរ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ ប្រទេសវៀតណាម ក៏ទទួលបានវ៉ាក់សាំងកូវីដ-១៩ AstraZeneca ពីអង់គ្លេសលើកដំបូង ប្រមាណជិត១២ម៉ឺនដូសផងដែរ បន្ទាប់ពីវៀតណាមបានដាក់បញ្ជាទិញតាំងពីខែវិច្ឆិកាមកម្ល៉េះ ខណៈដែលការបញ្ជាទិញសរុបពីអង់គ្លេសនេះ មានដល់ទៅ ៣០លានដូសឯណោះ។
ក្រសួងសុខាភិបាលវៀតណាមកាលពីសប្ដាហ៍មុននេះ បានអនុម័តឲ្យមានការនាំចូលវ៉ាក់សាំងកូវីដ-១៩ ចំនួន២០ម៉ឺន៤ពាន់ដូស ក្នុងខែកុម្ភៈនេះ។
តាមយន្ដការកូវ៉ាក់របស់អង្គការសុខភាពពិភពលោក វៀតណាមក៏នឹងទទួលបានវ៉ាក់សាំង AstraZeneca ប្រមាណជិត ៥លានដូសផងដែរ ខណៈដែលប្រទេសវៀតណាម រំពឹងថានៅពាក់កណ្ដាលឆ្នាំចុងក្រោយនៃឆ្នាំ២០២១នេះ នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ប្រហែល៣៣លានដូស។
ការទទួលបានវ៉ាក់សាំងកូវីដ-១៩ លើកដំបូងរបស់ប្រទេសក្បែរខាងកម្ពុជាទាំងពីរនេះ គឺនៅចំពេលដែលមេរោគកូវីដ-១៩ កំពុងបន្ដវាយប្រហារខ្លាំងនៅក្នុងប្រទេសទាំងពីរនេះ ពិសេសគឺប្រទេសថៃតែម្ដង ដែលមានការឆ្លងរាតត្បាតខ្លាំងក្នុងសហគមន៍។ មិនមែនតែថៃទេ ឥឡូវនេះ កម្ពុជាយើងក៏កំពុងកើនឡើងករណីឆ្លងក្នុងសហគមន៍ខ្លាំងដែរនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយត្រឹមតែ៥ថ្ងៃ ក្រោយការផ្ទុះឆ្លងក្នុងសហគមន៍២០កុម្ភៈ តួលេខអ្នកឆ្លងដែលបានរកឃើញពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ កើនដល់ជាង១០០នាក់ទៅហើយ ដែលវាត្រូវបានគេចាត់ទុកថាជាការឆ្លងក្នុងសហគមន៍ធ្ងន់ធ្ងរមួយ បើធៀបនឹងការឆ្លងក្នុងសហគន៍កាលពីលើកមុនៗ ដែលកម្ពុជាធ្លាប់ជួបប្រទះ៕