ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ ខេមបូណូមីស លោកបណ្ឌិត សំ ហេង អគ្គនាយកក្រុមហ៊ុន សំ ប៊ីសីនេស ហ្រ្គូប ហេរ៉ូបេប៊ី របស់ស្វ៊ីស និងក្រុមហ៊ុន ឡេឡាក់ បារាំង ដែលមានបទពិសោធន៍ចាស់ទុំក្នុងការដឹកនាំផ្នែកធុរកិច្ច បានចែករំលែកនូវកត្តាសំខាន់ៗមួយចំនួនដែលអាចជំរុញឲ្យមនុស្សទទួលបានជោគជ័យ និងឈានទៅរកភាពជាអ្នកដឹកនាំដែលមានឥទ្ធិពល ឬអ្នកដឹកនាំដែលមានគេគោរពឲ្យតម្លៃ។
តាមរយៈការសិក្សា និងឆ្លងកាត់នូវបទពិសោធន៍របស់លោកផ្ទាល់ លោកបានរកឃើញថា ដើម្បីក្លាយជាអ្នកដឹកនាំជោគជ័យ និងមានអ្នកដទៃឲ្យតម្លៃ ចាំបាច់ត្រូវកសាងនូវអំណាចសំខាន់ៗ ៦យ៉ាង រួមមាន៖
១. អំណាចនៃចំណេះដឹង
«ចំណេះជាអាហារ ប្រាជ្ញាជាអាវុធ» ឬ «ចំណេះជាទ្រព្យដែលចាយមិនចេះអស់ ចាយច្រើនកើនច្រើន» គឺជាសុភាសិតខ្មែរ ដែលមានតាំងពីបុរាណកាលមក តែនៅតែមានឥទ្ធិពលសម្រាប់ប្រើប្រាស់លើកាលៈទេសៈបច្ចុប្បន្ន។
តាមសុភាសិតទាំងពីរនេះ សបញ្ជាក់ឲ្យឃើញថា មនុស្សមិនអាចរស់ដោយគ្មានចំណេះដឹងបានឡើយ។ កាលណាអ្នកមានចំណេះដឹងជ្រៅជ្រះ នោះអ្នកនឹងអាចដឹកនាំខ្លួនឯងបានល្អ មានវិចារណញ្ញាណ ដែលអាចមានសមត្ថភាពមួយភាគក្នុងការឈានទៅដឹកនាំអ្នកដទៃបាន។
ចំណេះដឹងនេះទៀតសោត ក៏ត្រូវមានការរៀនបន្ថែមជានិច្ច ដូចគ្នាទៅនឹងគំនិតរបស់អ្នកប្រាជ្ញ មហាត្មិះគន្ធី ដែលបានលើកឡើងថា «បើរៀន រៀនឲ្យដូចគ្មានថ្ងៃស្លាប់ បើរស់ ត្រូវរស់ឲ្យដូចគ្មានថ្ងៃស្អែក» ពោលគឺ ជីវិតមនុស្សកើតមកគឺត្រូវតែរៀនជានិច្ច រៀនពីសាលា រៀនពីមិត្តភក្ដិ និងរៀនពីមនុស្សនៅជុំវិញខ្លួន និងត្រូវប្រើប្រាស់ពេលវេលាឲ្យមានប្រសិទ្ធភាពបំផុត។
២. អំណាចនៃអត្តចរិត និងចិត្តគំនិត
មានតែចំណេះដឹង រៀនបានខ្ពង់ខ្ពស់តែមួយមុខនៅមិនគ្រប់គ្រាន់នោះទេ ប្រសិនបើអ្នកមិនមានអត្តចរិតល្អ ឲ្យគេគោរពនិងឲ្យតម្លៃនោះ។ អ្នកជោគជ័យនិងមហាសេដ្ឋីភាគច្រើន តែងឲ្យតម្លៃមនុស្សខ្ពស់បំផុតលើផ្នែកអត្តចរិតនេះឯង តួយ៉ាងលោក Steve Jobs, Jack Ma, Bill Gates ជាដើម។ ក៏ធ្លាប់មានផងដែរ សៀវភៅដែលសរសេរថា ភាពជោគជ័យ ឬបរាជ័យរបស់មនុស្ស គឺអាស្រ័យលើអត្តចរិត និងចិត្តគំនិតរបស់បុគ្គលនោះ។ ដូចទៅនឹងប៉េងប៉ោងហោះដូច្នេះដែរ គឺមិនមែនអាស្រ័យលើរូបរាងនិងពណ៌របស់វានោះទេ តែវាអាស្រ័យលើខ្យល់ដែលមាននៅខាងក្នុងវា។
លោកបណ្ឌិត សំ ហេង បានលើកឡើងដែរថា ដើម្បីអាចបង្កើតនូវអត្តចរិតល្អដើម្បីឈានទៅធ្វើជាអ្នកដឹកនាំឆ្នើមបាន អ្នកចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវវិន័យ ឬគោលការណ៍សម្រាប់ដឹកនាំខ្លួនសិន។ ប្រសិនបើអ្នកមិនអាចដឹកនាំខ្លួនឯងបានទេ នោះអ្នកក៏មិនអាចទៅដឹកនាំអ្នកដទៃបានដែរ។ ជារួម គឺក្នុងនាមជាមេដឹកនាំគំរូម្នាក់ អត្តចរិត ឫកពារ និងសម្ដីសម្ដៅ ត្រូវប្រកបដោយភាពត្រឹមត្រូវម៉ត់ចត់ នោះទើបអាចធ្វើឲ្យមនុស្សក្រោមឱវាទឲ្យតម្លៃនិងគោរព។
៣. អំណាចនៃការទំនាក់ទំនងនិងប្រមូលផ្ដុំមនុស្សមានសមត្ថភាព
មនុស្សពូកែមិនមែនពូកែធ្វើតែខ្លួនឯងម្នាក់ឯងនោះទេ តែជាមនុស្សដែលអាចអូសទាញ និងលើកទឹកចិត្តឲ្យមនុស្សពូកែផ្សេងទៀតមកធ្វើការជាមួយខ្លួនបាន។ សិល្បៈនៃការទំនាក់ទំនង គឺជាធាតុផ្សំដ៏សំខាន់មួយសម្រាប់បុគ្គលជោគជ័យ ជាពិសេស អ្នកដឹកនាំពូកែ។
នៅក្នុងសម័យកាលនេះទៀតសោត ការទំនាក់ទំនងល្អ គឺជាយុទ្ធសាស្ត្រដ៏មុតស្រួចក្នុងការប្រតិបត្តិជំនួញ។ ដើម្បីអាចអូសទាញមនុស្សដែលមានសមត្ថភាព និងស្មោះត្រង់ ឲ្យចូលរួមក្នុងបេសកកម្មរួមគ្នាក្នុងការឈានទៅសម្រេចគោលដៅរួម វាមិនមានជារឿងងាយស្រួលនោះឡើយ។ ដូច្នេះ អ្នកដឹកនាំត្រូវមានភាពស្មោះត្រង់ ទស្សនវិស័យ និងចក្ខុវិស័យច្បាស់លាស់ ទើបអាចយកចិត្តបុគ្គលមានសមត្ថភាពទាំងនោះបាន។
៤. អំណាចនៃបទពិសោធន៍ និងភាពប៉ិនប្រសប់
មានពាក្យមួយឃ្លាថា ចំណេះដឹងដែលបានមកហើយ តែមិនបានយកមកអនុវត្តសោះ គឺជាចំណេះដឹងគ្មានបានការ។ អ្នកមិនអាចមានបទពិសោធន៍ល្អៗបានទេ បើអ្នកមិនហ៊ានសូម្បីតែចាប់ផ្ដើមធ្វើអ្វីមួយសោះ ហើយអ្នកក៏មិនអាចរកឃើញភាពប៉ិនប្រសប់ដែរ ប្រសិនបើអ្នកមិនហ៊ានធ្វើឲ្យច្រើន ដើម្បីទទួលបានបទពិសោន៍ច្រើន។
លោកបណ្ឌិត សំ ហេង បានលើកឡើងថា បទពិសោធន៍អាចកើតឡើងបាន ដរាបណាអ្នកហ៊ានចាប់ផ្ដើមធ្វើនូវរឿងអ្វីមួយ ហើយធ្វើវាទាល់តែជោគជ័យដោយមិនបោះបង់។ លោកបានគូសបញ្ជាក់ថា រៀនតាមរយៈការធ្វើ (Learning By Doing) ទើបអ្នកអាចទទួលបានបទពិសោធន៍ល្អ និងក្លាយជាបុគ្គលដែលមានភាពប៉ិនប្រសប់។
៥. អំណាចនៃដួងចិត្ត ឬវិញ្ញាណទី៦
អំណាចនៃដួងចិត្ត គឺជាកម្លាំងស្នូល ឬជំនឿដ៏មុតមាំមួយ ដែលមិនអាចខ្វះបានឡើយ ជាពិសេស នៅពេលដែលជួបបញ្ហា ពោលគឺមានភាពជឿជាក់លើអ្វីដែលខ្លួនកំពុងធ្វើ និងជឿលើលទ្ធផលដែលខ្លួននឹងទទួលបាន។
មានមនុស្សជោគជ័យនិងអ្នកដឹកនាំកំពូលជាច្រើន សុទ្ធតែមានអំណាចមួយនេះ ដោយមិនចុះញ៉មនឹងឧបសគ្គឡើយ និងមានស្មារតីសុទិដ្ឋិនិយមខ្ពស់ទៅលើរាល់អ្វីដែលពួកគេកំពុងធ្វើ។
លោកបណ្ឌិត សំ ហេង បានលើកឡើងថា នៅពេលបុគ្គលម្នាក់មានអំណាចនៃចំណេះដឹង និងបទពិសោធន៍ នោះនឹងធ្វើឲ្យអំណាចនៃដួងចិត្តរបស់ពួកគេកាន់តែមានឥទ្ធិពលខ្លាំងក្លា។ លោកថា នៅពេលជួបបញ្ហាធំ វិធីសាស្ត្រល្អដើម្បីពង្រឹងអំណាចនៃដួងចិត្ត គឺត្រូវធ្វើចិត្តឲ្យស្ងប់ ដោយការសម្មាធិ ជៀសវាងការសម្រេចចិត្តនៅពេលខឹង។
៦. អំណាចនៃកេរ្តិ៍ឈ្មោះ និងមុខងារ
សម្រាប់អ្នកដឹកនាំដែលមានឥទ្ធិពល កេរ្តិ៍ឈ្មោះ ឬតំណែង ឬមុខងារ មិនមែនជាគ្រឿងលម្អនោះទេ តែវាជាកាតព្វកិច្ច ឬទំនួលខុសត្រូវ ដូច្នេះវាត្រូវតែទទួលបានមកតាមរយៈស្នាដៃ និងការខិតខំប្រឹងប្រែងបំពេញនូវភារកិច្ចរបស់បុគ្គលខ្លួនឯង ពោលគឺមិនមែនជាការលើកបន្តុប។
បើសិនជាអ្នកជះលុយដើម្បីបានអំណាចទាំងអស់នោះ ដោយខ្លួនឯងគ្មានសមត្ថភាពគ្រប់គ្រាន់ នោះអ្នកនឹងមិនអាចក្លាយជាអ្នកដឹកនាំដែលគេគោរពឲ្យតម្លៃនោះឡើយ។ ហេតុនេះ ដើម្បីក្លាយជា អ្នកដឹកនាំឆ្នើមដែលមានការគាំទ្រគោរពស្រឡាញ់ អ្នកត្រូវសាងស្នាដៃឲ្យបានច្រើនដើម្បីបន្សល់នូវកេរ្តិ៍ឈ្មោះល្អសម្រាប់អង្គភាព ឬសង្គមជាតិទាំងមូល ដូចពាក្យមួយឃ្លាថា មនុស្សបាត់ កេរ្តិ៍ឈ្មោះនៅ។
តាមរយៈការបកស្រាយខាងលើ ខេមបូណូមីស សង្ឃឹមថា មិត្តអ្នកអាននឹងអាចយកចំណុចទាំងនេះ យកទៅសាកល្បងអនុវត្ត ដើម្បីកសាងនិងពង្រីកសមត្ថភាពដឹកនាំរបស់ខ្លួនបន្ថែមទៀត ហើយ ខេមបូណូមីស នឹងខិតខំពាំនាំនូវគំនិតល្អៗជាច្រើនទៀតសម្រាប់មិត្តអ្នកអាន។ ដូច្នេះ សូមបន្តតាមដានទាំងអស់គ្នា!