នាយករដ្ឋមន្ត្រីអង់គ្លេស លោក អេនឌី ប៊ឺនហេម (Andy Burnham) បានបង្ហើបថា កម្មវិធីនយោបាយបោះឆ្នោតនាពេលខាងមុខរបស់គណបក្សពលករអាចនឹងបញ្រ្ជៀសបញ្ចូលនូវការសន្យា ស្តីពី ការធ្វើប្រជាមតិឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋសម្រេចចិត្តថា តើចក្រភពអង់គ្លេស គួរតែបន្តឈរនៅក្រៅ ឬត្រូវចូលរួមរស់ក្នុងមហាគ្រួសារសហភាពអឺរ៉ុបឡើងវិញ
ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីរូបនេះ បានគូសបញ្ជាក់ថា ការរៀបចំប្រជាមតិភ្លាមៗនៅពេលនេះមិនទាន់ជារឿងសមស្របនៅឡើយទេ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា អង់គ្លេស ចាំបាច់ត្រូវតែពិនិត្យមើលឡើងវិញនូវជម្រើសផ្សេងៗ ដើម្បីពង្រឹងទំនាក់ទំនងជាមួយសហភាពអឺរ៉ុប ព្រោះថា ស្ថានភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មបច្ចុប្បន្ននៅតែជួបប្រទះភាពរអាក់រអួល និងមិនទាន់មានភាពល្អប្រសើរនៅឡើយ។ ការសម្តែងជំហរនេះ ធ្វើឡើងបន្ទាប់ពីលោកបានថ្លែងក្នុងកិច្ចប្រជុំបក្សកាលពីថ្ងៃអង្គារ ដោយបានប្តេជ្ញាស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយសហភាពអឺរ៉ុប នៅក្នុងកិច្ចប្រជុំកំពូលនាចុងឆ្នាំនេះ។
គួររំលឹកថា កាលពីឆ្នាំ២០១៦ តាមរយៈការបោះឆ្នោតប្រជាមតិជាប្រវត្តិសាស្ត្រ ពលរដ្ឋអង់គ្លេស ជិត ៥២% បានបោះឆ្នោតគាំទ្រឱ្យចក្រភពមួយនេះចាកចេញពីសហភាពអឺរ៉ុប ដោយសារតែកត្តាអធិបតេយ្យភាពជាតិ ការគ្រប់គ្រងអន្តោប្រវេសន៍ គោលនយោបាយពាណិជ្ជកម្ម និងការរិះគន់លើប្រព័ន្ធរដ្ឋបាលស្មុគស្មាញរបស់សហភាពអឺរ៉ុបរហូតឈានទៅដល់ការចាកចេញជាផ្លូវការនៅដើមឆ្នាំ២០២០។
ក្រុមអ្នកវិភាគបានលើកឡើងថា ការដែលនាយករដ្ឋមន្ត្រីអង់គ្លេស បើកចំហទស្សនវិស័យអំពីប្រជាមតិឡើងវិញនេះអាចនឹងក្លាយជាប្រធានបទក្តៅ និងរសើបបំផុតនៅក្នុងឆាកនយោបាយអង់គ្លេស។ ក្រុមអ្នកនយោបាយ នៃគណបក្សអភិរក្សនិយម អាចនឹងចោទប្រកាន់រដ្ឋបាលរបស់លោកថា កំពុងតែដុតកម្តៅ និងកេះមុខរបួសចាស់ឱ្យឈឺចាប់ឡើងវិញ ដែលជារបួសបែកបាក់នយោបាយដ៏ជ្រៅតាំងពីសម័យប្រជាមតិឆ្នាំ២០១៦ មកម៉្លេះ៕
ដោយៈ សរ សុជាតិ