ស្ថិតក្នុងកាលៈទេសៈដ៏ប្រឈមនេះ អាទិភាពចម្បងបំផុតសម្រាប់កម្ពុជា គឺការរក្សាស្ថិរភាពការងារ និងការក្រសោបអ្នកវិនិយោគ ដែលមានស្រាប់ ដើម្បីពង្រឹងភាពធន់ និងរក្សាសមត្ថភាពប្រកួតប្រជែង នៃសេដ្ឋកិច្ចជាតិ។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានឯកភាពចំពោះការព្យាកររបស់ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF អំពីការថមថយល្បឿន នៃការនាំចេញផលិតផលកាត់ដេររបស់កម្ពុជា នៅឆ្នាំនេះ ដែលនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យមកនៅត្រឹម៣% នៅឆ្នាំ២០២៦។ បើតាមប្រធានសហជីពរូបនេះ ការបញ្ជាទិញផលិតផលកាត់ដេរកម្ពុជា មានទំនោរធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅឆ្នាំនេះ ពិសេសពីទីផ្សារអឺរ៉ុប ក្រោយឥទ្ធិពលនៃវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា និងវិបត្តិថាមពល និងអតិផរណាសកល ដែលធ្វើឱ្យការចំណាយទៅលើការទិញសម្ភារៈប្រើប្រាស់ដូចជាសម្លៀកបំពាក់ ស្បែកជើង និងកាបូបជាដើម ត្រូវបានកាត់បន្ថយ។ ស្ថិតក្នុងស្ថានភាពនេះ លោកយល់ថា អាទិភាពចម្បងបំផុតសម្រាប់កម្ពុជា គឺធ្វើយ៉ាងណារក្សាការពារអ្នកវិនិយោគដែលមានស្រាប់ ដើម្បីធានាស្ថិរភាពការងារជូនកម្មករ ជាជាងការទាមទារដំឡើងប្រាក់ឈ្នួលខ្ពស់ហួសហេតុ ដែលអាចធ្វើឱ្យអ្នកវិនិយោគផ្លាស់ប្តូរទីតាំងទៅប្រទេសផ្សេងៗ។
ជាមួយគ្នានេះ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានគូសបញ្ជាក់ថា ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា មកនៅត្រឹម៣% នៅឆ្នាំនេះរបស់ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ គឺមានភាពប្រាកដនិយម និងឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្ថានភាពជាក់ស្តែងនៃស្ថានភាពសេដ្ឋកិច្ចសកល។ តួយ៉ាងអ្នកជំនាញរូបនេះបានអះអាងថា ស្ថានភាពទីផ្សារបញ្ជាទិញធំៗ របស់កម្ពុជា ដូចជា សហរដ្ឋអាម៉េរិក និងអឺរ៉ុប កំពុងប្រឈមនឹងវិបត្តិថាមពល និងអតិផរណាខ្ពស់ ដែលនាំឱ្យតម្រូវការទំនិញពីកម្ពុជា មានការធ្លាក់ចុះ។
ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ទោះបីជាបរិយាកាសសេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងភាពមិនប្រាកដប្រជាខ្ពស់ តែសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរបស់កម្ពុជា នៅតែរក្សាបានកំណើនវិជ្ជមាននៅប៉ុន្មានខែកន្លងមកនេះ។ តែទោះជាយ៉ាងណា អ្នកជំនាញរូបនេះយល់ថា នៅចុងឆ្នាំនេះ កម្ពុជា គួរមានក្តីរំពឹងប្រកបដោយភាពប្រុងប្រយ័ត្ន ក្នុងការពង្រឹងទីផ្សារនាំចេញរបស់ខ្លួន ពិសេសផលិតផលក្នុងវិស័យកាត់ដេរ។ អ្នកជំនាញរូបនេះយល់ឃើញថា ដើម្បីធានាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងរយៈពេលវែង ភាគីពាក់ព័ន្ធ និងអ្នកផលិតក្នុងស្រុក គួរផ្តោតលើការទាក់ទាញការវិនិយោគ ដែលមានតម្លៃបន្ថែមខ្ពស់ ដូចជាឧស្សាហកម្មអេឡិចត្រូនិក និងកសិឧស្សាហកម្ម ព្រមទាំងជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម កម្ពុជា បាននាំចេញផលិតផលក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើងទៅទីផ្សារអន្តរជាតិ សម្រេចបានទំហំប្រាក់ជាង១១ពាន់លានដុល្លារនៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦។ ក្នុងនោះការនាំចេញសម្លៀកបំពាក់មានទឹកប្រាក់ជាង ៨,២ពាន់លានដុល្លារ កើនឡើងជាង៦%, ស្បែកជើងមានទំហំជាង១,៥ពាន់លានដុល្លារកើនឡើងជាង ៧%, សម្ភារៈធ្វើដំណើរ និងកាបូបមានទំហំជាង១,៤ពាន់លានដុល្លារកើនឡើងជាង៦% និងវាយនភណ្ឌមានទំហំជិត៤៥០លានដុល្លារកើនឡើងជិត២២%៕