វិស័យចិញ្ចឹមសត្វ

អ្នកជំនាញលើកទឹកចិត្តឱ្យកសិករចិញ្ចឹមជ្រូកខ្នាតតូចចងក្រងជាសហគមន៍ បើចង់បន្តអាជីពក្នុងវិស័យនេះ


វិស័យចិញ្ចឹមសត្វនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅមួយរយៈពេលចុងក្រោយនេះ ប៉ុន្តែវិស័យនេះនៅតែជួបបញ្ហាប្រឈមមួយចំនួន ដូចជាតម្លៃមិនមានស្ថិរភាព និងការរាតត្បាលជំងឺឆ្លងជាដើម។ ជាក់ស្តែងនៅក្នុងអំឡុងពេលតម្លៃសត្វជ្រូករស់ធ្លាក់ថ្លៃខ្លាំងកាលពីដើមឆ្នាំ២០២៤ បានជំរុញឱ្យកសិករចិញ្ចឹមជ្រូកខ្នាតតូចជាច្រើនបានបោះបង់ការចិញ្ចឹម ដោយសារមិនអាចទ្រាំទ្រនឹងការខាតបាន។ យ៉ាងណាមិញ អ្នកជំនាញក្នុងវិស័យចិញ្ចឹមជ្រូក លើកទឹកចិត្តឱ្យកសិករចិញ្ចឹមជ្រូកខ្នាតតូចចងក្រងជាសហគមន៍ បើចង់បន្តអាជីពរបស់ខ្លួន និងដើម្បីទប់ទល់នឹងហានិភ័យទីផ្សារ។
វិស័យចិញ្ចឹមសត្វ
ដោយ

នៅក្នុងកិច្ចសម្ភាសពិសេសជាមួយសារព័ត៌មានខេមបូណូមីស លោក ហួត រ៉ាដេត ស្ថាបនិកក្រុមហ៊ុនសាច់ជ្រូកជាតិ យល់ឃើញថា ដើម្បីឱ្យការចិញ្ចឹមជ្រូកខ្នាតតូចអាចរក្សាស្ថិរភាពយូរអង្វែង គឺទាមទារឱ្យកសិករត្រូវរួមគ្នាចងក្រងជាសហគមន៍ ព្រោះការចងជាសហគមន៍នេះនឹងជួយឱ្យពួកគេអាចរក្សាបានស្ថិរភាពទីផ្សារ ហើយឈ្មួញកណ្ដាល ក៏ពិបាកក្នុងការទម្លាក់តម្លៃជ្រូករបស់ពួកគេ។ បន្ថែមលើនេះ អ្នកចិញ្ចឹមជ្រូកគួរបង្កើតអត្តសញ្ញាណសាច់ជ្រូកផ្ទាល់ខ្លួន តាមរយៈការចិញ្ចឹម និងលក់នៅលើទីផ្សារដោយខ្លួនឯង ដើម្បីកាត់បន្ថយការក្រឡុកទីផ្សារពីឈ្មួញកណ្តាលមួយចំនួន។

​បើតាមការវាយតម្លៃរបស់ស្ថាបនិកក្រុមហ៊ុនសាច់ជ្រូកជាតិ ខាងលើ នៅក្នុងឆ្នាំ២០២៥ នេះ ទីផ្សារជ្រូកនៅកម្ពុជា អាចនឹងមានភាពល្អប្រសើរជាងឆ្នាំមុនបន្តិច ដោយសារតែមានការជំរុញ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាល ឱ្យពលរដ្ឋគាំទ្រផលិតផលក្នុងស្រុក និងបានចេញវិធានការការពារការនាំចូលសាច់បង្កកខុសច្បាប់។ ទន្ទឹមនឹងភាពល្អប្រសើរនេះ អ្នកជំនាញរូបនេះជឿជាក់ថា អ្នកចិញ្ចឹមជ្រូកអាចបន្តជួបបញ្ហាប្រឈមមួយចំនួនដូចជា បញ្ហាជំងឺឆ្លង និងបញ្ហាទីផ្សារជាដើម។

លោក ហួត រ៉ាដេត កត់សម្គាល់ឃើញថា ការផ្គត់ផ្គង់សាច់ជ្រូកបច្ចុប្បន្នជិតស្មើនឹងតម្រូវការហើយ ដែលទាមទារឱ្យអ្នកផលិតត្រូវគិតគូឱ្យបានខ្ពស់ ព្រោះកាលណាការផលិតលើសតម្រូវការនោះ វាអាចធ្វើឱ្យតម្លៃសាច់នៅលើទីផ្សារមានការធ្លាក់ចុះ។ ជាមួយនេះ លោកស្នើដល់អ្នកចិញ្ចឹមសត្វទាំងអស់ផ្តោតលើការបង្កើនគុណភាពសាច់ ដើម្បីផ្ដល់សុវត្ថិភាពដល់អ្នកទទួលទាន។

​គួរបញ្ជាក់ថា ដើម្បីលើកកម្ពស់វិស័យចិញ្ចឹមសត្វនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងដំណាក់កាលទី១រយៈពេល៦ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ និងបានសម្រេចបន្តផ្អាកការនាំចូលនេះរយៈពេល៦ខែបន្ថែមទៀត រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះជំរុញឱ្យមន្រ្តីជំនាញជឿជាក់ថា វិស័យអាកាសចរណ៍កម្ពុជា នៅឆ្នាំនេះ នឹងមានភាពល្អប្រសើរជាងឆ្នាំមុន?

វិស័យអាកាសចរណ៍របស់កម្ពុជា បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីវិស័យនេះបានរងផលប៉ះពាល់យ៉ាងដំណំនៅក្នុងអំឡ…

ក្រុមហ៊ុនចិន កាន់តែច្រើនទទួលបានសិទ្ធិបើកអាជីវកម្មនៅអាម៉េរិក ទោះជម្លោះពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរឡើងកម្ដៅ

ក្រុមហ៊ុនចិន កាន់តែច្រើនឡើងកំពុងទទួលបានបណ្ណប៉ាតង់បើកអាជីវកម្មនៅលើទឹកដីសហរដ្ឋអាម៉េរិក ថ្វីបើសហរដ្ឋអាម៉េរិក ដែលជាបងធំទី១របស់ពិភពលោក ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ