សមាជិកក្រុមជ័យលាភីនឹងទទួលបានការឧបត្ថម្ភលើកម្មសិក្សាបច្ចេកវិទ្យាទៅកាន់ប្រទេសសិង្ហបុរី។
ក្រុមឆ្នើមទាំង ១១ ក្រុម បានចូលរួមក្នុងកម្មវិធីប្រកួតប្រជែង (hackathon) រយៈពេលពីរថ្ងៃកន្លះ ដែលពួកគេបានបង្កើតគំនិតអាជីវកម្ម សិក្សាទៅលើទីផ្សារ សាកល្បងបង្កើតគំរូផលិតផល និងយុទ្ធសាស្ត្រក្នុងទីផ្សារ។ កម្មវិធីដែលជាគំនិតផ្តួចផ្តើមរបស់ប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនៅកម្ពុជាក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh បានប្រព្រឹត្តឡើងកាលពីថ្ងៃទី០៧ ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២២។
បន្ទាប់ពីបង្ហាញគំនិតនៃអាជីវកម្មដែលជួយឱ្យអ្នកប្រើប្រាស់គ្រប់គ្រងពេលវេលារបស់ពួកគេបានប្រសើរជាងមុន ក្រុមវេលា យកបានជ័យជំនះលើក្រុមចំនួន ១០ ផ្សេងទៀតក្នុងការបញ្ចុះបញ្ចូលក្រុមគណៈកម្មការចៅក្រមឱ្យគាំទ្រគំនិត ដំណោះស្រាយ និងផលិតផល ដែលគួរឲ្យកោតសសើររបស់ពួកគេ។
សមាជិកក្រុមជ័យលាភីវេលា ហួរ ឡេងហ៊ុយ បានឲ្យដឹងថា៖ «ខ្ញុំគិតថាមនុស្សគ្រប់គ្នាគួររៀនអំពីភាពជាសហគ្រិន និងចាប់យកផ្នត់គំនិតសហគ្រិន។ អំឡុងពេលនៃការសិក្សារបស់ខ្ញុំក្នុងមុខវិជ្ជានៃកម្មវិធី SmartStart ULP និងវគ្គ Hackathon ខ្ញុំគ្រាន់បើជាងមុនក្នុងការវិភាគបញ្ហាស្មុគស្មាញ ហើយខ្ញុំកាន់តែមានទំនុកចិត្តជាងមុនក្នុងការប្រើប្រាស់ការច្នៃប្រឌិត និងការស្រាវជ្រាវ ដើម្បីទទួលបានដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតក្នុងរយៈពេលដ៏ខ្លី។ សំខាន់បំផុត ខ្ញុំទទួលបានជំនាញផ្នែកកិច្ចសហការ ដើម្បីធ្វើការងារជាក្រុមប្រកបដោយផលិតភាព។»
ព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្រដ៏ធំមួយបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី១០ ខែមេសា នៅក្នុងខេត្តតាកែវ ដោយមានគណៈកម្មការចូលរួមដូចជា កញ្ញា លក្ខិណា សារឿន អ្នកគ្រប់គ្រងក្រុមហ៊ុនShe Investment ប្រចាំកម្ពុជា លោក វុទ្ធី ឧត្តម ប្រធានផ្នែកជ្រើសរើសបុគ្គលិក ពីក្រុមហ៊ុន Smart Axiata លោក អ៊ុច សារ៉ាត់ សហស្ថាបនិក Karot Market កញ្ញា ស៊ិន វណ្ណដារ៉ា អ្នកគ្រប់គ្រងកម្មវិធី និងផ្នែកច្នៃប្រឌិតនៃ Impact Hub ភ្នំពេញ។លោក Feiruz Ikhwan នាយកប្រតិបត្ដិស្តីទីរបស់ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «កម្មវិធី SmartStart ULP បង្កើតអ្នកដឹកនាំសម្រាប់ពេលអនាគតដែលមានសមត្ថភាពដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងប្រទេសកម្ពុជា។ តាមរយៈកម្មវិធីសិក្សានេះដែលលើកទឹកចិត្តសិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន ឱ្យទទួលយកផ្នត់គំនិតសហគ្រិន ស្វែងយល់អំពីសារៈសំខាន់នៃភាពសកម្ម ភាពចង់ដឹង-ចង់ឃើញ នៅក្នុងពិភពលោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ជំនាញទាំងអស់នេះក៏នឹងចូលរួមយ៉ាងសំខាន់ក្នុងការជួយប្រទេសកម្ពុជាក្នុងការកសាងវិស័យព័ត៌មាន ការទំនាក់ទំនង និងបច្ចេកវិទ្យាដ៏រឹងមាំ ជាមួយនឹងសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើន។ ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមូលនិធិកសាងសមត្ថភាព និងស្រាវជ្រាវ យើងសង្ឃឹមថានឹងពង្រីកកម្មវិធីនេះ ដើម្បីឈានទៅដល់និស្សិតសាកលវិទ្យាល័យកម្ពុជាកាន់តែច្រើន។»
ជាវគ្គសិក្សាដែលត្រូវបានទទួលស្គាល់ វគ្គសិក្សានេះមានរយៈពេល ៤៥ ម៉ោង ហើយមានសិស្សជាង ១០០០ នាក់បានចុះឈ្មោះចូលរៀននិងមានសហគ្រិន និងសាស្ត្រាចារ្យចំនួន ៣៥ នាក់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល សម្រាប់បង្រៀនវគ្គសិក្សា។
កញ្ញា គឹម កុសុម៉ា នាយកផ្នែកអភិវឌ្ឍ អាជីវកម្ម និងឌីជីថលរបស់ Impact Hub Phnom Penh បានឲ្យដឹងថា៖ «កម្មវិធី Hackathon គឺជាការបង្ហាញលទ្ធផលដ៏អស្ចារ្យនៃការងារ ដែលយើងបានចូលរួមធ្វើនៅក្នុងកម្មវិធីចាប់តាំងពី ២ ឆ្នាំកន្លងមកនេះ ដោយធ្វើការរួមគ្នាជាមួយក្រុមហ៊ុន Smart Axiata ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សាកលវិទ្យាល័យដៃគូ សាកលវិទ្យាធិការ ព្រឹទ្ធបុរស និង សហគ្រិន សាស្ត្រាចារ្យក្នុងស្រុក និងសិស្សានុសិស្ស ដើម្បីលើកកម្ពស់ការអប់រំសហគ្រិនភាពនៅកម្ពុជា។»
ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរួម ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន Smart Axiata និង Impact Hub Phnom Penh បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកម្មវិធីសិក្សា SmartStart Unipreneur Learning Platform នៅខែធ្នូ ឆ្នាំ២០២១ ជាមួយសាកលវិទ្យាល័យចំនួន ១០សាកលវិទ្យាល័យនៅប្រទេសកម្ពុជា ដើម្បីបង្កើតវគ្គសិក្សាដែលផ្តល់ឱ្យនិស្សិតសាកលវិទ្យាល័យនូវផ្នត់គំនិតសហគ្រិនភាព និងសមត្ថភាពផ្នែកបច្ចេកទេស រួមទាំងជំនាញប្រើប្រាស់សំខាន់ៗផ្នែកបច្ចេកវិទ្យាដែលពាក់ព័ន្ធទៅនឹងទីផ្សារកម្ពុជា។
កម្មវិធី SmartStart ULP ត្រូវបានកំពុងដាក់អនុវត្តនៅ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យបៀលប្រាយភ្នំពេញ និងសៀមរាប សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បាត់ដំបង សាកលវិទ្យាល័យអង្គរ សាកលវិទ្យាល័យស្វាយរៀង និង សាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពីវគ្គសិស្សា SmartStart Unipreneur Platform សូមតាមដានទំព័រFacebook របស់ Smart for Cambodia នៅ http://facebook.com/smartforcambodiaឫចូលទៅកាន់ http://www.smartstart.com.kh/