លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូចនិងមធ្យមបានគូសបញ្ជាក់ថា ធនាគារ SME បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការផ្តល់កម្ចីដល់អ្នករកស៊ីក្នុងវិស័យ SME ក្នុងវិស័យឧស្សាហកម្ម កសិឧស្សាហកម្ម ជាពិសេសឧស្សាហកម្មកែច្នៃផលិតផលកសិកម្មដែលជាវិស័យជន្ទល់សេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា។ ស្របពេលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើដំណាំស្វាយចន្ទីតាមរយៈការដាក់ចេញគោលនយោបាយជាតិស្តីពី«ស្វាយចន្ទី»ឆ្នាំ២០២២-២០២៧ ថ្នាក់ដឹកនាំធនាគារ SME ប្តេជ្ញាថា ធនាគារនឹងចូលរួមយ៉ាងសកម្មក្នុងការគាំទ្រគោលនយោបាយនេះ តាមរយៈជំរុញកំណើនការផ្តល់ឥណទានដល់កសិករដែលកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍ការដាំដុះ ក៏ដូចជាជំរុញកំណើននាំចេញឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានេះ លោកបណ្ឌិត លឹម អូន ប្រាប់ឲ្យកសិករដែលចង់ពង្រីកការបើកសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី តែខ្វះដើមទុនអាចទាក់ទងមកធនាគារ SME ដើម្បីទទួលបានការប្រឹក្សាយោបល់ និងកម្ចីសម្រាប់ពង្រីក និងទ្រទ្រង់ប្រតិបត្តិការរបស់ខ្លួន។
ទន្ទឹមនឹងការដាំដុះដំណាំស្វាយចន្ទីមានការរីកចម្រើន និងរីកដុះដាលខ្លាំង ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកជំនាញដាំស្វាយចន្ទីមួយរូបនៅកម្ពុជាកត់សម្គាល់ឃើញថា អ្នកដាំដំណាំស្វាយចន្ទីមួយចំនួនក៏កំពុងប្រឈមនឹងបញ្ហាមួយចំនួនពាក់ព័ន្ធនឹងតម្លៃគ្រាប់ស្វាយចន្ទី ជាពិសេសកង្វះដើមទុនតែម្តង។ អ្នកជំនាញរូបនេះអះអាងថា បច្ចុប្បន្នកសិករមួយចំនួនកំពុងត្រូវការដើមទុនសម្រាប់បន្តការដាំដុះ និងពង្រីកការដាំដំណាំស្វាយចន្ទី តែពួកគេជួបបញ្ហាក្នុងការទទួលបានឥណទានពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលកំពុងរឹតបន្តឹងក្នុងការផ្តល់កម្ចី ក្រោយទំហំឥណទានឯកជនមានការកើនឡើងខ្ពស់។ សម្រាប់ឯកឧត្តម វ៉ា រុតសាន កង្វះដើមទុនកំពុងក្លាយជាបញ្ហាប្រឈមធំមួយសម្រាប់ការអភិវឌ្ឍការដាំដុះដំណាំស្វាយចន្ទី ក៏ដូចជាជំរុញកំណើនឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។
ជុំវិញនឹងដំណាំស្វាយចន្ទីនេះដែរ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងថ្មីៗនេះថា កម្ពុជានឹងក្លាយជាប្រទេស ដែលមានការដាំដុះដំណាំស្វាយចន្ទីធំជាងគេលើពិភពលោកនាពេលអនាគត។ ការបង្ហាញក្តីរំពឹងបែបនេះធ្វើឡើងក្រោយសម្តេចតេជោ ឃើញតួលេខផលិតគ្រាប់ស្វាយចន្ទីរបស់កម្ពុជាបច្ចុប្បន្នមានខ្ពស់ជាងប្រទេសកូឌីវ័រ ដែលជាប្រទេសផលិតគ្រាប់ស្វាយចន្ទីបានច្រើនជាងគេលើពិភពលោករួចទៅហើយ។ បើតាមការគូសបញ្ជាក់របស់សម្តេចតេជោ ប្រទេសកូឌីវ័រផលិតគ្រាប់ស្វាយចន្ទីបានប្រមាណ១លាន១សែនតោន តែកម្ពុជាអាចផលិតបានរហូតដល់ជាង១លាន១សែន៨ម៉ឺនតោនក្នុង១ឆ្នាំ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅលក់នៅទីផ្សារអន្តរជាតិសម្រេចបានជាង៦៧ម៉ឺនតោន គិតជាប្រាក់មានជាង១ពាន់លានដុល្លារអាមេរិក ថយចុះជាង៣៤%បើធៀបនឹងបរិមាណនាំចេញកាលពីឆ្នាំ២០២១។ គ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាស្ទើរ១០០%នាំចេញទៅកាន់ទីផ្សារវៀតណាម ដែលមានប្រមាណជាង៦៦ម៉ឺនតោន។ បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះគ្រាប់ស្វាយចន្ទីសរុបប្រមាណ៨០ម៉ឺនហិកតា។ នេះបើយោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា។
យ៉ាងណាមិញ តាមរយៈ គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ កម្ពុជាបានដាក់គោលដៅកែច្នៃគ្រាប់ស្វាយចន្ទីឲ្យបាន២៥%នៃផលិតផលគ្រាប់ស្វាយចន្ទីសរុប សម្រាប់នាំយកទៅលក់នៅលើទីផ្សារអន្តរជាតិនៅត្រឹមឆ្នាំ២០២៧៕