ពលរដ្ឋម៉ាឡេស៊ីជិត៨លាននាក់ប្រឈមបាត់បង់ការងារ

ពលរដ្ឋម៉ាឡេស៊ីជិត៨លាននាក់ប្រឈមបាត់បង់ការងារធ្វើ ប្រសិនបើការបិទខ្ទប់អូសបន្លាយហួសខែកញ្ញា


សមាគមសហគ្រាសធុនតូច និងមធ្យម ប្រទេសម៉ាឡេស៊ី បានសម្តែងការព្រួយបារម្ភខ្លាំងក្រោយមើលឃើញថា ពាក់កណ្តាលនៃកម្មករនិយោជិតសរុបជិត ១៦លាននាក់ ដែលធ្វើការក្នុងសហគ្រាសធុនតូច និង មធ្យម ជាង ៤៥ម៉ឺនកន្លែង នៅម៉ាឡេស៊ីកំពុងប្រឈមមុខនឹងការបាត់បង់ការងារ ប្រសិនបើវិធានការបិទខ្ទប់ប្រទេសនៅបន្តអូសបន្លាយផុតខែកញ្ញាឆ្នាំនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
សមាគមសហគ្រាសធុនតូច និងមធ្យម ប្រទេសម៉ាឡេស៊ី

បើ​តាម​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​ម៉ា​ឡេ​ស៊ី​ដដែល​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វី​ដ​១៩​កាលពី​ឆ្នាំ​មុន​មក យ៉ាង​ហោច​ណាស់​មាន​សហគ្រាស​ធុន​តូច និង​មធ្យម​ប្រមាណ ១៥​ម៉ឺន​កន្លែង​នៅ​ម៉ា​ឡេ​ស៊ី​ត្រូវ​បិទទ្វារ ដែល​បាន​បណ្តាល​ឲ្យ​កម្មករនិយោជិត​ជាង ១​លាន​២​សែន​បាន​បាត់បង់​ការងារ​។

បញ្ហា​នេះ​ត្រូវ​បាន​សមាគម​បង្ហាញ​ការ​ព្រួយបារម្ភ​ជា​ខ្លាំង ដោយសារ​តែ​ជាង ៩០%​នៃ​ក្រុមហ៊ុន​ទាំងអស់​នៅ​ម៉ា​ឡេ​ស៊ី ជា​ក្រុមហ៊ុន​ក្នុង​វិស័យ​សហគ្រាស​ធុន​តូច និង មធ្យម​។ តួលេខ​កាលពី​ឆ្នាំ​២០១៩ គ្រា​ដែល​មិន​ទាន់​មានការ​ឆ្លង​រាលដាល​កូ​វី​ដ​១៩ បាន​បង្ហាញ​ថា សហគ្រាស​ធុន​តូច​មធ្យម​ចំនួន​៩០​ម៉ឺន​កន្លែង បាន​ផ្តល់​ការងារ​ឲ្យ​ពលរដ្ឋ​ម៉ា​ឡេ​ស៊ី ជាង ៧​លាន​នាក់ និង បាន​ចាក់​បញ្ចូល​ថវិកា​ប្រមាណ​១៣០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​ក្នុង​ចរន្ត​សេដ្ឋកិច្ច​ម៉ា​ឡេ​ស៊ីក្នុង​ឆ្នាំ​២០១៩​។

គួរ​រំឭក​ថា ម៉ា​ឡេ​ស៊ី​ស្ថិត​ក្នុង​ការ​បិទ​ខ្ទប់​ប្រទេស​ចាប់តាំងពី​ថ្ងៃ​ទី​០១​មិថុនា​មក​ម្ល៉េះ បើ​គេ​គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជិត​១​ខែ​ទៅ​ហើយ​។ អំឡុង​ពេល​បិទ​ខ្ទប់ សកម្មភាព​សង្គម និង​សេដ្ឋកិច្ច​ទាំងអស់​ត្រូវ​បាន​ផ្អាក លើកលែងតែ​សកម្មភាព​សេដ្ឋកិច្ច​ចាំបាច់​មួយ​ចំនួន​ប៉ុណ្ណោះ​។

បើ​តាម​ការ​ប៉ាន់ស្មាន​របស់​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​ម៉ា​ឡេ​ស៊ី កម្មករនិយោជិត​ជាង​៨​លាន​នាក់​អាច​នឹង​បាត់បង់​ការងារ​ធ្វើ ប្រសិនបើ​ការ​បិទ​ខ្ទប់​ត្រូវ​អូស​បន្លាយ​រហូត​ដល់​ផុត​ខែកញ្ញា​ឆ្នាំ​នេះ​។

រដ្ឋាភិបាល​រដ្ឋ​សហព័ន្ធ​ម៉ា​ឡេ​ស៊ី​ធ្លាប់​បាន​សន្យា​នឹង​ដក​ចេញ​វិញ​នូវ​វិធានការ​បិទ​ខ្ទប់​នេះ នៅ​ពេល​ដែល​ករណី​ឆ្លង​កូ​វី​ដ​១៩​ប្រចាំ​ថ្ងៃ​ធ្លាក់​មក​នៅ​ក្រោម ៤.០០០​ករណី​។ ប៉ុន្តែ​ផ្ទុយ​ស្រឡះ​ពី​ការ​សន្យា ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​នៅ​ម៉ា​ឡេ​ស៊ី មិន​បាន​ថមថយ​ចុះ​នោះ​ទេ ដោយ​គិត​ជា​មធ្យម​ម៉ា​ឡេ​ស៊ី​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ ជាង​១​ម៉ឺន​៣​ពាន់​នាក់​ជា​រៀងរាល់ថ្ងៃ​។ ប្រការ​នេះ​កំពុង​រុញច្រាន​ឲ្យ​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​កាន់តែ​ឈឺក្បាល រឹតតែ​ជួប​ការ​លំបាក​ក្នុង​ការ​ទប់ស្កាត់​កូ​វី​ដ​១៩​ព្រមទាំង​មិន​អាច​បញ្ចប់​ក្តី​សង្ឃឹម​ក្នុង​ការ​បើក​ប្រទេស និង ស្តារ​សេដ្ឋកិច្ចជាតិ​ឡើង​វិញ​ក្នុង​ខែកក្កដា​នេះ​។

សូម​ជម្រាប​ថា ម៉ា​ឡេ​ស៊ី​ជា​ប្រទេស​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​ច្រើន​ជាងគេ​លំដាប់​ទី​៣ នៅ​តំបន់​អាស៊ាន​បន្ទាប់​ពី​ឥណ្ឌូ​នេ​ស៊ី និង ហ្វី​លី​ពី​ន ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​២៦​កក្កដា ម៉ា​ឡេ​ស៊ី​មាន​អ្នក​ឆ្លង​សរុប​ជាង​១​លាន​នាក់​ហើយ ខណៈ​អ្នក​ស្លាប់​វិញ​មាន​ជិត​៨​ពាន់​នាក់​៕

None



អត្ថបទបន្ទាប់


ធនាគារពិភពលោកព្យាករទម្លាក់សេដ្ឋកិច្ចភូមាដាំក្បាលចុះ១៨% នៅឆ្នាំ២០២១

ធនាគារពិភពលោកបានបញ្ចេញរបាយការណ៍ស្រាវជ្រាវថ្មីមួយ ដោយបានកែប្រែការព្យាករ សេដ្ឋកិច្ចប្រទេសភូមា ថា នឹងដាំក្បាលចុះដល់ទៅ ១៨% ក្នុងឆ្នាំ២០២១នេះ…

កសិដ្ឋានចិញ្ចឹមក្ងានធំមួយនៅកំពង់ស្ពឺធ្លាក់ចុះការលក់ខ្លាំង ក្រោយស្ងាត់ជនជាតិចិន

លោក គង់ ងី ម្ចាស់កសិដ្ឋានចិញ្ចឹមក្ងានធំ និងដំបូងគេមួយដែលមានទីតាំងនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបានរៀបរាប់ប្រាប់ខេមណូមីស …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ