ជាក់ស្តែង កាលពីពេលថ្មីៗ កម្ពុជាទើបដាក់ឲ្យដំណើរការកម្មវិធី«លទ្ធភាពទទួលហិរញ្ញប្បទាន» ដើម្បីធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញប្បទានក្នុងវិស័យ SMEs និងសហគ្រិនជាស្ត្រី។ អ្នកជំនាញបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីនេះ ដ្បិតវាជាយន្តការមួយក្នុងការជួយបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការសម្រាប់វិស័យ SMEs។
នាកម្មវិធីឲ្យដំណើរការកម្មវិធី «លទ្ធភាពទទួលបានហិរញ្ញប្បទាន» នៅដើមខែមេសា ឆ្នាំ២០២២ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាជឿជាក់ថាកម្មវិធីនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាវិស័យឆ្អឹងខ្នងសម្រាប់សេដ្ឋកិច្ចកម្ពុជា។ លើសពីនេះកម្មវិធីនេះ ក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥។
បើតាមលោកជំទាវ ជា សិរី យុទ្ធសាស្ត្រនេះត្រូវបានរៀបចំឡើងក្នុងគោលដៅបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានផ្លូវការ និងចូលរួមកាត់បន្ថយអត្រាស្ត្រីមិនទទួលបានសេវាហិរញ្ញវត្ថុពី២៧%មកត្រឹម១៣% ក៏ដូចជាពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពី ៥៩% ទៅ៧០% នៅត្រឹមឆ្នាំ២០២៥ ព្រមទាំងដើម្បីធ្វើឲ្យប្រសើរឡើងនូវសុខមាលភាពគ្រួសារ និងកំណើនសេដ្ឋកិច្ចផងដែរ។
ដើម្បីឈានទៅសម្រេចបានលទ្ធផលតាមផែនការ និងជួយជំរុញកំណើនការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការសម្រាប់វិស័យ SMEs ឲ្យកាន់តែប្រសើរ អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជាខាងលើ ស្នើឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបង្កើនការយកចិត្តទុកក្នុងការផ្តល់ឥណទានដល់អ្នករកស៊ីក្នុងវិស័យនេះបន្ថែមទៀត។ ជាពិសេសលោកជំទាវ ជា សិរី លើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុពិចារណាលើលទ្ធភាពសង ជាជាងទ្រព្យធានា ដើម្បីបង្កើនលទ្ធភាពដល់អ្នករកស៊ីក្នុងវិស័យ SMEs ក្នុងការទទួលបានសេវាហិរញ្ញវត្ថុពីគ្រឹះស្ថានធានាគារ និងហិរញ្ញវត្ថុ សម្រាប់ប្រើប្រាស់ក្នុងដំណើរការអាជីវកម្ម។
ជាមួយគ្នានេះ លោកឧកញ៉ា តែ តាំងប៉ ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមបានគូសបញ្ជាក់ថា ទោះបីកម្មវិធី«លទ្ធភាពទទួលបានហិរញ្ញប្បទាន»ជាយន្តការដ៏ល្អក្នុងការរួមចំណែកជួយបង្កើនលទ្ធភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការសម្រាប់វិស័យ SMEs ក៏ដោយ តែលោកឧកញ៉ាហាក់គ្មានទំនុកចិត្តខ្ពស់លើអ្នករកស៊ីក្នុងវិស័យនេះមួយចំនួនក្នុងការទទួលបានឥណទាននោះទេ។ ព្រោះកន្លងមកទោះរាជរដ្ឋាភិបាលកម្ពុជារួមជាមួយស្ថាប័នហិរញ្ញវត្ថុបានដាក់យន្តការលើកទឹកចិត្តនិងជួយសម្របសម្រួលក៏ដោយ តែមានអាជីវកម្មក្នុងវិស័យ SMEs តិចតួចប៉ុណ្ណោះ ដែលទទួលបានសេវាហិរញ្ញវត្ថុក្រោមយន្តការទាំងនោះ។
លោកឧកញ៉ា តែ តាំងប៉ បានអះអាងថា កត្តាដែលធ្វើឲ្យអ្នករកស៊ីក្នុងវិស័យ SMEs ភាគច្រើនមិនអាចទទួលបានដើមទុនពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុយកមកប្រើប្រាស់ក្នុងការដំណើរការអាជីវកម្មរបស់ពួកគេ គឺដោយសារអាជីវកម្មទាំងនោះនៅជាប់ជំពាក់បំណុលគ្រឹះស្ថានឯកជននានា គួបផ្សំពួកគេគ្មានផែនការហិរញ្ញវត្ថុ និងផែនការអាជីវកម្មច្បាស់លាស់។
ទោះយ៉ាងណាក៏ដោយចុះ ក្រុមអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ សុទ្ធតែបានបង្ហាញការជឿជាក់ខ្ពស់ចំពោះកម្មវិធីខាងលើក្នុងការរួមចំណែកជួយធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ដែលមានគុណភាពសម្រាប់វិស័យសហគ្រានធុនមីក្រូ តូច និងមធ្យម។ លើសពីនេះ វានឹងក្លាយជាវេទិកាផ្សាភ្ជាប់គ្រឹះស្ថានហិរញ្ញវត្ថុជាមួយសហគ្រាសធុនមីក្រូ តូច និងមធ្យម និងជាពិសេសសហគ្រិនស្ត្រី ដើម្បីជួបជជែកគ្នាអំពីតម្រូវការនានាពាក់ព័ន្ធសេវាហិរញ្ញវត្ថុ។ មួយវិញទៀត យន្តការនេះនឹងជួយសម្រួលឲ្យសហគ្រាសក្នុងវិស័យ SMEs ទទួលបានដើមទុនងាយស្រួលជាងមុនក្នុងអត្រាការប្រាក់ទាប ដើម្បីស្តារ ចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន៕