នៅចំពោះមុខនិន្នាការនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអះអាងថា សេដ្ឋកិច្ចចក្រា គឺជាយុទ្ធសាស្ត្រស្នូលក្នុងការធ្វើបដិវត្តន៍ប្រព័ន្ធផលិតកម្ម ដើម្បីបង្កើនប្រសិទ្ធភាពធនធាន និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ទំនិញកម្ពុជា លើទីផ្សារអន្តរជាតិ ជាពិសេសចំពេលដែលកម្ពុជា ត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩។ សូមបញ្ជាក់ថា សេដ្ឋកិច្ចចក្រា សំដៅលើគំរូផលិតកម្ម និងការប្រើប្រាស់ដែលកាត់បន្ថយសំណល់ និងការបំពុលឱ្យនៅកម្រិតអប្បបរមា ជំរុញការប្រើប្រាស់ធនធានប្រកបដោយចីរភាព និងស្តារធម្មជាតិឡើងវិញ។ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់នៅក្នុងវេទិកាសេដ្ឋកិច្ចចក្រាកម្ពុជា ឆ្នាំ២០២៦ នៅថ្ងៃទី៣០ ខែកញ្ញា ថា កំណើនរោងចក្រធុនធ្ងន់នៅកម្ពុជា បានកើនឡើងជាទីមោទនរហូតដល់ប្រមាណ៣,៣៨៦រោងចក្រ គិតត្រឹមខែសីហា កើនឡើងចំនួន៣០៣រោងចក្រ បើធៀបនឹងឆ្នាំ២០២៥ ជាមួយនឹងទុនវិនិយោគសរុប្រមាណជង២៨ពាន់លានដុល្លារអាម៉េរិក។
តែយ៉ាងណា ឯកឧត្តម បានអះអាងថា កំណើននេះក៏បានធ្វើឱ្យតម្រូវការធនធានវត្ថុធាតុដើម និងការគ្រប់គ្រងសំណល់កើនឡើងខ្ពស់ផងដែរ ដែលទាមទារឱ្យកម្ពុជា ធ្វើពិពិធកម្មឧស្សាហកម្ម ដើម្បីបង្កើតតម្លៃបន្ថែម និងប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាពខ្ពស់។ ពិសេសនៅពេលកម្ពុជា ត្រៀមចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ ខាងមុខ ដែលតម្រូវឱ្យផលិតផលកម្ពុជា មានភាពប្រកួតប្រជែងកាន់តែខ្លាំង។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការផលិតកម្មបែបចក្រា គឺកំពុងក្លាយជាផ្នែកមួយនៃការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងការកាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើម ថ្លៃដើម និងជួយបង្កើនតម្លៃផលិតផល។
ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា សេដ្ឋកិច្ចចក្រា មិនមែនត្រឹមតែការកែច្នៃសំណល់ និងវត្ថុធាតុដើមឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្ដូររបៀបដែល រចនា ផលិត ប្រើប្រាស់ និងគ្រប់គ្រងធនធានដោយផ្អែកលើប្រសិទ្ធភាព នវានុវត្តន៍ សីលធម៌ និងការទទួលខុសត្រូវចំពោះបរិស្ថាន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា សម្រាប់កម្ពុជាសេដ្ឋកិច្ចចក្រានឹងអាចជួយកាត់បន្ថយសំណល់ ការប្រើប្រាស់ធនធាន ការបំពុល និងបង្កើតឱកាសសេដ្ឋកិច្ចថ្មីៗ។ ឯកឧត្តមបន្ថែមថាតម្លៃពិតនៃសេដ្ឋកិច្ចមិនត្រូវវាស់ត្រឹមតែបរិមាណផលិតបាននោះទេ ប៉ុន្តែត្រូវវាស់ផងដែរទៅលើសមត្ថភាពក្នុងការរក្សាតម្លៃធនធានឱ្យបានយូរ បង្កើតការងារដែលមានគុណភាព និងកាត់បន្ថយបន្ទុកលើធម្មជាតិ។
គួរជម្រាបថា វេទិកាសេដ្ឋកិច្ចចក្រាកម្ពុជា ឆ្នាំ២០២៦ ធ្វើឡើងក្រោមប្រធានបទ«សេដ្ឋកិច្ចចក្រានៅក្នុងការអនុវត្តជាក់ស្តែង ផ្អែកលើគោលនយោបាយឆ្ពោះទៅកាន់ភាពធន់» ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយមានកិច្ចសហការជាមួយក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធ ក្នុងគោលបំណងជំរុញការប្រែក្លាយគោលនយោបាយទៅជាការអនុវត្តជាក់ស្តែង បង្កើតការងារបៃតង និងការប្រមូលផ្តុំទុនវិនិយោគប្រកបដោយចីរភាព៕