វិស័យពាណិជ្ជកម្ម

កម្ពុជា កើបលុយបានជាង៤៧២លានដុល្លារពីការនាំចេញសំបកកង់រថយន្តនៅត្រីមាសទី១ឆ្នាំនេះ


​​វិស័យឧស្សាហកម្មរបស់កម្ពុជា កំពុងបង្ហាញសាច់ដុំយ៉ាងខ្លាំងក្លានៅលើឆាកអន្តរជាតិ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលហាក់ស្ថិតក្នុងភាពមិនច្បាស់លាស់ ប៉ុន្តែការនាំចេញសំបកកង់រថយន្តរបស់កម្ពុជា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ បានហក់ឡើងយ៉ាងគំហុក ដោយកើបចំណូលបានជាង៤៧២ លានដុល្លារអាម៉េរិក។ តើអ្វីជាកត្តាដែលធ្វើឱ្យផលិតផល Made in Cambodia មួយនេះ ទទួលបានការគាំទ្រខ្លាំង និងអាចដណ្តើមចំណែកទីផ្សារពិភពលោកបានយ៉ាងឆាប់រហ័សបែបនេះ?
វិស័យពាណិជ្ជកម្ម
ដោយ

លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានចាត់ទុកកំណើននាំចេញខ្ពស់ នៃផលិតផលសំបកកង់រថយន្តកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល៣ខែកន្លងមកនេះ គឺបង្ហាញថា កម្ពុជា បានក្លាយជាមូលដ្ឋានផលិតកម្មសំបកកង់រថយន្តដ៏សំខាន់មួយនៅក្នុងតំបន់ ខណៈសំបកកង់រថយន្ត គឺជាផលិតផលមួយ ដែលមានតម្លៃបន្ថែមខ្ពស់ក្នុងសេដ្ឋកិច្ច។ បើតាមអ្នកជំនាញរូបនេះ កត្តាដែលជំរុញឱ្យការនាំចេញមានកំណើននេះ គឺដោយសារការកើនឡើងខ្ពស់ នៃតម្រូវការប្រើប្រាស់រថយន្តសកល ស្របពេលកម្ពុជាមានទីតាំងភូមិសាស្រ្តល្អក្នុងការទាក់ទាញការវិនិយោគរោងចក្រថ្មីៗបន្ថែមក្នុងវិស័យនេះ គួបផ្សំកម្ពុជាមានវត្ថុធាតុដើមក្នុងស្រុកស្រាប់។

ជាមួយគ្នានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ការសម្រេចបានកំណើននាំចេញខ្ពស់ នៃផលិតផលសំបកកង់រថយន្តនេះ គឺបានឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់កម្ពុជាដែលទទួលបានការវិនិយោគលើរោងចក្រផលិតសំបកកង់រថយន្តជាបន្តបន្ទាប់។ សម្រាប់អ្នកជំនាញរូបនេះ កត្តាដែលជំរុញឱ្យការវិនិយោគ និងនាំចេញផលិតផល ដែលជាចលករដ៏សំខាន់ក្នុងការជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចនេះមានកំណើនខ្ពស់ គឺដោយសារកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនជាមួយបណ្តាប្រទេសផ្សេងៗទាំងទ្វេភាគី និងពហុភាគី គួបផ្សំកម្ពុជា មានការអនុគ្រោះពន្ធមួយចំនួនពីសំណាក់ទីផ្សារអឺរ៉ុប និងអាម៉េរិកជាដើម។ អ្នកជំនាញរូបនេះជឿជាក់ថា កម្ពុជានឹងអាចបន្តទាក់ទាញការវិនិយោគរោងចក្រផលិតសំបកកង់រថយន្តបានកាន់តែច្រើនថែមទៀតនាពេលអនាគត ដែលជំរុញឱ្យការនាំចេញកាន់តែកើនឡើងថែមទៀត។

ស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញឱ្យឃើញថា នៅក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំ២០២៦ ការនាំចេញផលិតផលសំបកកង់រថយន្ត ដែលជាផលិតផលថ្មី និងមានសក្តានុពលមួយរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង៤៧២លានដុល្លារ មានការកើនឡើងជាង៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំប្រមាណ៣៣១លានដុល្លារ។ សហរដ្ឋអាម៉េរិក គឺជាទីផ្សារទិញសំបកកង់រថយន្តកម្ពុជា ច្រើនជាងគេ ដោយរួមចំណែកជាង៧៥% បន្ទាប់មកប្រេស៊ីល រួមចំណែកជាង៨% និងកាណាដា ជាង៤% នៃទំហំនាំចេញសរុប៕




អត្ថបទបន្ទាប់


​រដ្ឋាភិបាលកំពុងសិក្សាយកក្មេងទំនើង ដែលដើរអុកឡុកសង្គមទៅលុតដំនៅសមរភូមិជួរមុខ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធសិក្សាផ្លូវច្បាប់ជាបន្ទាន់ក្នុងការរៀបចំយន្តការបញ្ជូនក្មេងទំ…

ការហក់ឡើងតម្លៃប្រេងឥន្ធនៈកំពុងធ្វើឱ្យកសិករមួយចំនួនហាក់រារែកក្នុងការបន្តផលិតស្រូវ

​​វិបត្តិតម្លៃប្រេងឥន្ធនៈសកលហក់ឡើងខ្ពស់កំពុងក្លាយជាស្រមោលអន្ធការគំរាមកំហែងដល់ផលិតកម្មស្រូវរបស់កម្ពុជា ដែលរុញឱ្យថ្លៃដើមផលិតកម្មហក់ឡើងខ្ពស់ស្ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ