បើតាមសេចក្តីថ្លែងការណ៍ទៅកាន់ផ្សារភាគហ៊ុនហុងកុង ក្រុមហ៊ុន Chinese Estates បានលក់ភាគហ៊ុនពីក្រុមហ៊ុន Evergrande ចំនួន ១០៩លានហ៊ុន ដោយគិតចាប់ពីថ្ងៃទី ៣០ ខែសីហា ដល់ថ្ងៃទី ២១ ខែកញ្ញា។ ក្រុមហ៊ុន ក៏មានបំណងលក់ភាគហ៊ុនពីក្រុមហ៊ុន Evergrande ៧៥១លានហ៊ុនដែលនៅសល់បន្ថែមទៀត បើទោះបីជា ក្រុមហ៊ុនត្រូវខាតបង់សរុបប្រមាណ ១ពាន់ ២រយលានដុល្លារអាមេរិក ពីការលក់ហ៊ុននេះក៏ដោយ។
លោកស្រី Chan Hoi Wan នាយកប្រតិបត្តិក្រុមហ៊ុន Chinese Estates ផ្ទាល់ ក៏កំពុងតែព្យាយាមលក់ចេញនូវ ភាគហ៊ុនផ្ទាល់ខ្លួន នៅក្នុងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាប់បំណុលច្រើនបំផុតក្នុងពិភពលោកមួយនេះផងដែរ និងត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី ហើយវាសបញ្ជាក់ពី ការបាត់បង់ទំនុកចិត្តរបស់វិនិយោគិនធំៗ ដែលគាំទ្រក្រុមហ៊ុន Evergrande ជាយូរមកហើយនោះ។
វិនិយោគិនធំៗ ដែលជាមិត្តភក្តិ និង ជាអ្នកគាំទ្រដល់លោក Xu Jiayin ស្ថាបនិកក្រុមហ៊ុន Evergrande នៅពេលនេះ កំពុងទទួលការខាតបង់ធ្ងន់ធ្ងរ និងកាន់តែខ្វល់ខ្វាយពីសមត្ថភាពសង់បំណុលរបស់ក្រុមហ៊ុនមួយនេះ។
ទោះយ៉ាងណា ប្រធានក្រុមហ៊ុន Evergrande ព្យាយាមដោះស្រាយបញ្ហាបណ្ណបំណុលក្នុងស្រុក ដោយផ្តល់អាទិភាពដល់ វិនិយោគិនបន្តអាចទទួលបានផលិតផលរបស់ពួកគេ ប៉ុន្ដែ វានៅតែមានភាពមិនច្បាស់លាស់ចំពោះការសងការប្រាក់លើបណ្ណបំណុលក្រៅស្រុក គិតជាប្រាក់ដុល្លារនៅឡើយ។
នៅថ្ងៃព្រហស្បតិ៍ ទី ២៣ ខែកញ្ញានេះ ជាពេលវេលា ដែលក្រុមហ៊ុន ត្រូវសងការប្រាក់ជាង ៨៣លានដុល្លារអាមេរិក ហើយកាលកំណត់សងការប្រាក់ នឹងមកដល់ជាបន្តបន្ទាប់ក្នុងសប្តាហ៍ខាងមុខ។
បើតាមអ្នកវិភាគឥណទាននៅធនាគារខ្នាតអន្តរជាតិ OCBC បានលើកឡើងថា បើសិនជាមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធបំណុលឡើងវិញ ជាការពិតណាស់ ពួកគេនឹងផ្តោតទៅលើ ស្ថិរភាពសង្គម ពោលគឺ បញ្ហាក្នុងស្រុក ដូច្នេះសម្រាប់វិនិយោគិនបរទេស ដែលទិញភាគហ៊ុននៅក្រៅប្រទេស អាចនឹងពិបាកទទួលសំណង ដោយសារតែពួកគេមានអំណាចនៃការចរចាទាបជាង ម្ចាស់បំណុលក្នុងស្រុក។
ទាក់ទងនឹងបញ្ហាវិបត្តិបំណុលនេះ សូម្បីតែ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីក៏បានបង្ហាញពីក្តីកង្វល់ដែរ ដោយបានលើកឡើងថា គ្រប់គ្នាអាចមើលឃើញពីហានិភ័យនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន ដែលហាក់ដូចជាមិនងាយស្រួលនោះឡើយ និងអាចមានផលប៉ះពាល់ខ្លាំងដល់ សេដ្ឋកិច្ចក្នុងស្រុកចិន ដូច្នេះហើយ វាជះឥទ្ធិពលដល់សេដ្ឋកិច្ចសកល ដែលគ្រប់គ្នាត្រូវបង្កើនការប្រុងប្រយ័ត្ន។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ដោយឡែក ប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell បានលើកឡើងនៅក្នុងសប្តាហ៍នេះថា បញ្ហារបស់ក្រុមហ៊ុន Evergrande ហាក់បីដូចជា មានការជាប់ទាក់ទងខ្លាំងជាមួយប្រទេសចិន ប៉ុន្ដែ លោកមិនបានឃើញពី ការពាក់ព័ន្ធស្របគ្នាណាមួយ ជាមួយនឹងសាជីវកម្មរបស់អាមេរិកនោះឡើយ។
សូមជម្រាបដែរថា ទស្សនវិស័យសម្រាប់ក្រុមហ៊ុន Evergrande គឺកាន់តែយ៉ាប់យ៉ឺនពីមួយថ្ងៃ ទៅមួយថ្ងៃ ដោយក្រុមហ៊ុន និងរដ្ឋាភិបាលក្នុងស្រុក ស្វែងរកអ្នកជំនាញដើម្បីជួយដោះស្រាយ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធបំណុលនេះឡើងវិញ ដោយស្របគ្នានេះដែរ ក៏មានផ្ទុះការតវ៉ានៅក្នុងប្រទេសចិនកើនឡើងដែរ ក្រោយ Evergrande បរាជ័យក្នុងការសងផលិតផលត្រលប់ទៅកាន់ វិនិយោគិនបន្ត ឲ្យទាន់ពេលវេលា៕
អត្ថបទ៖ វណ្ណ វុឌ្ឍវិវឌ្ឍន៍