ជាមួយគ្នានោះ កូរ៉េខាងត្បូង ក៏បានឆ្លៀតទទូចឲ្យប្រទេសចិន ជួយគាំទ្រឲ្យមានកិច្ចសន្ទនារវាងទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាងផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន អន្តរជាតិធំៗជាច្រើន។
លោក Kim Gunn ប្រសិតពិសេសរបស់កូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការសន្តិភាព និងសន្តិសុខឧបទ្វីបកូរ៉េ បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយសមភាគីអាមេរិក និងជប៉ុនថា កូរ៉េខាងជើង «កាន់តែមានភាពឆេវឆាវ និងបង្កហេតុដោយការគំរាមកំហែងនុយក្លេអ៊ែររបស់ខ្លួន»។ លោកបាននិយាយថា ការបង្កហេតុបន្ថែមទៀតរបស់កូរ៉េខាងជើងនឹងត្រូវបានឆ្លើយតបដោយការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងឯកភាពពីសហគមន៍អន្តរជាតិ។
មែនទែនទៅ ការដាក់ទណ្ឌកម្មបន្ថែមនេះ ធ្វើឡើងបន្ទាប់របបទីក្រុងព្យុងយ៉ាងបានធ្វើតេស្តសាកល្បងមីស៊ីលអន្តរទ្វីប ICBM កាលពីថ្ងៃទី ១៨ ខែវិច្ចិកាកន្លងទៅ និងបានបាញ់មីស៊ីលជាច្រើនគ្រាប់ជាបន្តបន្ទាប់ក្នុងប៉ុន្មានខែចុងក្រោយនេះ ដែលបានបង្កឱ្យមានភាពតានតឹងកើនឡើងសាជាថ្មីក្នុងឧបទ្វីបកូរ៉េ។
តំណាងប្រេសិតពិសេសរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសកូរ៉េខាងជើង លោក Sung Kim បាននិយាយកាលពីថ្ងៃអង្គារទី ១៣ធ្នូ ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សាកាតាថា អាកប្បកិរិយារបស់ទីក្រុងព្យុងយ៉ាងបង្ហាញពីបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ធ្ងន់ធ្ងរបំផុតមួយនៅក្នុងតំបន់ និងលើសពីនេះ។
ទន្ទឹមនឹងនេះ អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី និងមហាសមុទ្រនៃក្រសួងការបរទេសជប៉ុន លោក Funakoshi Takehiro បាននិយាយថា សម្ព័ន្ធមិត្តទាំងបីបានបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។
កាលពីថ្ងៃទី ១២ ខែធ្នូ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងបានប្រាប់សមភាគីចិនដែរថា ទីក្រុងសេអ៊ូលរំពឹងថា ប្រទេសចិននឹងគាំទ្រយ៉ាងសកម្មដល់កិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូងសម្រាប់ការសន្ទនាជាមួយកូរ៉េខាងជើង។
ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានប្រាប់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Park Jin តាមប្រព័ន្ធវីដេអូវិញថា «ប្រទេសចិននឹងដើរតួនាទីស្ថាបនានៅក្នុងបញ្ហាឧបទ្វីបកូរ៉េ»។
យោងតាមក្រសួងការបរទេសកូរ៉េខាងត្បូងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា លោក ផាក ជីន បានសម្តែងការព្រួយបារម្ភអំពីសកម្មភាពរបស់កូរ៉េខាងជើង រួមទាំងចំនួនកំណត់ត្រានៃការបាញ់មីស៊ីលផ្លោងនៅឆ្នាំនេះ ដោយបន្ថែមថា កូរ៉េខាងជើងត្រូវតែជៀសវាងពីការបង្កហេតុបន្ថែមទៀត ដូចជាការសាកល្បងនុយក្លេអ៊ែរដែលមានសក្តានុពល ដោយចូលរួមក្នុងការសន្ទនាដោយសន្តិវិធីឡើងវិញ។
គួររំលឹកថា កាលពីខែវិច្ឆិកា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ក៏បានជំរុញឱ្យប្រទេសចិនជួយរារាំងកូរ៉េខាងជើងពីការបន្តការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលដែលត្រូវបានហាមឃាត់។ លោក Yoon បាននិយាយថា ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់កូរ៉េខាងជើង គួរតែបំពេញទំនួលខុសត្រូវរបស់ខ្លួនក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ៕