អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅទីក្រុងប៉ារីស បានចេញរបាយការណ៍ថ្មីមួយរបស់ខ្លួន ដោយបានលើកឡើងថា ការរួមតូចនៃសេដ្ឋកិច្ចប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០២០ ប្រមាណ ១% គឺជាការធ្លាក់ចុះសេដ្ឋកិច្ចអាក្រក់បំផុតមិនធ្លាប់មានតាំងតែពីឆ្នាំ១៩៩៨មក ខណៈដែលអំឡុងពេលនោះ សេដ្ឋកិច្ចកូរ៉េធ្លាប់បានធ្លាក់ចុះដល់ជាង៥% ដោយសារតែវិបត្តិហិរញ្ញវត្ថុអាស៊ី។ បើទោះបីជាសេដ្ឋកិច្ចកូរ៉េនៅឆ្នាំ២០២០ មានកំណើនអវិជ្ជមានក៏ពិតមែន ប៉ុន្ដែ កូរ៉េនៅស្ថិតក្នុងលំដាប់ថ្នាក់លេខ៣ ជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗទាំង ១៥ ក្នុងពិភពលោក។
នៅឆ្នាំ២០២០ ប្រទេសចិនជាប្រទេសមានសេដ្ឋកិច្ចធំជាងគេ ដែលបានរក្សាកំណើនសេដ្ឋកិច្ចខ្ពស់បំផុត ២,៣% បន្ទាប់មកគឺប្រទេសណ័រវេ មានកំណើនសេដ្ឋកិច្ច -៨% និងកូរ៉េខាងត្បូងមាន-១%។
ប្រទេសកូរ៉េខាងត្បូងជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតទី៤នៅអាស៊ី ដែលនៅឆ្នាំ២០២០នេះ នៅរក្សាបានកំណើនសេដ្ឋកិច្ចគ្រាន់បើជាងប្រទេសធំៗជាច្រើនទៀត ដូចជាឥណ្ឌូនេស៊ី ស៊ុអែត សហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងអេស្ប៉ាញជាដើម ដោយប្រទេសទាំងអស់នេះ មានកំណើនសេដ្ឋកិច្ចចន្លោះពី -២,១% ទៅដល់ -១១%។
ការរក្សាទប់ទល់បានមិនឲ្យសេដ្ឋកិច្ចធ្លាក់ចុះថ្លាំងនេះ ក៏ដោយសារតែរដ្ឋាភិបាលប្រទេសកូរ៉េខាមានវិធនាការទប់ទល់កូវីដ-១៩ បានត្រឹមត្រូវ ជាមួយនឹងវិធានការសារពើពន្ធមួយចំនួនទៀត។ តួយ៉ាង កាលពីឆ្នាំមុន រដ្ឋាភិបាលកូរ៉េបានដាក់ចេញនូវវិធានការផ្ដល់ជំនួយសាច់ប្រាក់ចំនួន៣ជុំរួហើយ ដោយសរុបជាទឹកប្រាក់ប្រមាណ២៨ពាន់លានដុល្លារអាមេរិក៕