ក្រុមហ៊ុនកូរ៉េខាងត្បូង ដូចជា Samsung Electronics និង SK Hynix នឹងចំណាយជាង៤៥០ពាន់លានដុល្លារអាមេរិកទៅលើការវិនិយោគស្រាវជ្រាវ និងផលិតកម្មគ្រឿងបង្គុំអេឡិចត្រូនិក នៅក្នុងឆ្នាំ២០៣០ ក្រោមផែនការជាតិ ដែលបង្កើតឡើងដោយរដ្ឋបាលលោកប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូ ចែអ៊ីន។ ក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូងទាំងពីរនេះ នឹងស្ថិតនៅក្នុងចំណោមក្រុមហ៊ុន ១៥៣ ដែលមាននៅក្នុងផែនការ ១០ឆ្នាំរបស់រដ្ឋាភិបាល ក្នុងគោលបំណងការពារឧស្សាហកម្មបច្ចេកវិទ្យារបស់ប្រទេស និងអាចបន្តសមត្ថភាពប្រកួតប្រជែងរបស់ខ្លួននៅក្នុងពិភពលោកបាន។
ក្រុមហ៊ុន Samsung កំពុងជំរុញការចំណាយរបស់ខ្លួនប្រមាណ ៣០% ដែលមានដល់ទៅ ជាងជាង១៥០ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០៣០ ខណៈដែលក្រុមហ៊ុន Hynix នឹងចំណាយប្រមាណ៩៧ពាន់លានដុល្លារបន្ថែមទៀត នៅក្នុងការអភិវឌ្ឍសមត្ថភាពរោងចក្រផលិតរបស់ខ្លួន។
លោក ម៉ូនចែអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា ប្រទេសដែលជាដៃគូប្រជែងធំៗក្នុងសកលោក កំពុងដើរទៅមុនប្រទេសកូរ៉េហើយ ដោយបានពួកគេបានវិនិយោគដ៏សម្បើមនៅក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា ដើម្បីដណ្ដើមយកទីផ្សារអនាគត។ ដូច្នេះ ក្រុមហ៊ុនកូរ៉េក៏ត្រូវតែហ៊ានក្នុងការប្រឈមនឹងហានិភ័យ និងការច្នៃប្រឌិត ដើម្បីត្រៀមរៀបចំខ្លួនឲ្យរួចរាល់ ដើម្បីប្រជែងយកទីផ្សារនេះដែរ។
គ្រឿងបង្គុំអេឡិចត្រូនិក ត្រូវបានគេដឹងថា គឺមានចំណែកធំបំផុតនៅក្នុងការនាំចេញរបស់កូរ៉េខាងត្បូង ហើយការនាំចេញគ្រឿងបង្គុំអេឡិចត្រូនិក និងបន្ទះឈីបនេះ ត្រូវបានរំពឹងថា នឹងកើនឡើងទ្វេដងដល់ទៅ ២០០ពាន់លានដុល្លារនៅឆ្នាំ២០៣០ខាងមុខនេះ។
មិនមែនមានតែកូរ៉េទេ ដែលកំពុងត្រៀមខ្លួនប្រជែងក្នុងការប្រណាំងប្រជែងនៃវិស័យពាណិជ្ជកម្មបច្ចេកវិទ្យានេះ ឥឡូវនេះ អាមេរិកក៏បានចាប់ផ្ដើមពង្រីកការវិនិយោគកាន់តែច្រើនលើវិស័យនេះដែរ ដោយបារម្ភខ្លាចចិនវ៉ាដាច់ខ្លួន។
ជាក់ស្ដែង តាមការផ្សាយដោយ Reuters គណៈកម្មាធិការព្រឹទ្ធសភាអាមេរិកនាពេលថ្មីៗនេះ បានសម្រេចបោះឆ្នោតក្នុងសំឡេង ២៤ទល់៤ ដើម្បីអនុម័តវិធានការសម្របសម្រួលមួយ ដែលនឹងដាក់ចេញនូវកញ្ចប់ថវិកាជាង ១១០ពាន់លានដុល្លារអាមេរិក សម្រាប់ការស្រាវជ្រាវបច្ចេកវិទ្យាកម្រិតមូលដ្ឋាន និងជឿនលឿន ក្នុងរយៈពេល៥ឆ្នាំ ខណៈដែលបច្ចុប្បន្នអាមេរិកកំពុងតែស្ថិតនៅក្នុងការប្រឈមមុខទៅនឹងសម្ពាធប្រកួតប្រជែងកាន់តែខ្លាំងក្លាជាមួយចិន ពិសេសនៅក្នុងវិស័យបច្ចេកវិទ្យានេះតែម្ដង៕