ការប្រកាសអំពីផែនការចែករំលែកព័ត៌មាននុយក្លេអ៊ែររវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់កូរ៉េខាងជើង បានកើតឡើង ក្រោយពេលដែលមេដឹកនាំកូរ៉េខាងត្បូងលោក យូន ស៊ុក យើល និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានជួបពិភាក្សាគ្នានៅសេតវិមានកាលពីថ្ងៃពុធ។ អំឡុងកិច្ចប្រជុំកំពូលនោះ កូរ៉េខាងត្បូងបានសន្យាជាថ្មីថា ខ្លួននឹងមិនផលិតអាវុធនុយក្លេអ៊ែរដោយខ្លួនឯងទេ។
នៅឯសន្និសីទសារព័ត៌មានរួមគ្នាមួយ លោក យូន និងលោក បៃដិន បានសម្រេចព្រមព្រៀងគ្នាលើជំហានទាំងឡាយ ក្នុងការពង្រឹងវិស័យការពារជាតិរបស់កូរ៉េខាងត្បូង ដើម្បីអាចឆ្លើយតបទៅនឹងការគំរាមកំហែង និងការវាយប្រហារណាមួយពីសំណាក់កូរ៉េខាងជើង។ ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយក្នុងសម្ដីដើមថា៖ «ប្រទេសយើងទាំងពីរបានយល់ព្រមគ្នាដើម្បីផ្ដល់ប្រឹក្សាគ្នាភ្លាមៗជាទ្វេភាគី ក្នុងករណីដែលមានការវាយប្រហារនុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើង និងបានសន្យាឆ្លើយតបយ៉ាងរហ័ស យ៉ាងសម្បើម និងយ៉ាងដាច់ខាត ដោយប្រើពេញលេញរបស់សម្ព័ន្ធភាព រួមទាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកដែរ។»
ក្នុងឱកាសនោះ លោក ចូ បៃដិន វិញ បាននិយាយថា សហរដ្ឋអាមេរិកនៅតែបន្តស្នើឱ្យកូរ៉េខាងជើងគិតគូរពីសាជាថ្មីអំពីការចូលតុពិភាក្សាគ្នា ទាក់ទងនឹងកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ មីស៊ីលរបស់កូរ៉េខាងជើង។ សំណើនេះតែងតែត្រូវបានលោក គីម ជុង អ៊ុន ប្រមុខរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ធ្វើមិនដឹងមិនឮ។
បើតាមមន្ត្រីអាមេរិកជាច្រើនរូប, នៅក្រោម«សេចក្តីថ្លែងការណ៍ទីក្រុងវ៉ាស៊ីនតោន»ថ្មី សហរដ្ឋអាមេរិកនឹងផ្តល់ព័ត៌មានលម្អិតឱ្យទីក្រុងសេអ៊ូល និងអនុញ្ញាតឱ្យទីក្រុងសេអ៊ូលមានសិទ្ធិនិយាយទាក់ទងនឹងផែនការយថាហេតុរបស់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ និងឆ្លើយតប ចំពោះឧបទ្ទវហេតុនុយក្លេអ៊ែរណាមួយនៅក្នុងតំបន់ តាមរយៈក្រុមប្រឹក្សានុយក្លេអ៊ែរសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង។
លើសពីនេះទៀត ប្រភពដដែលបានប្រាប់ថា ទីក្រុងវ៉ាស៊ីនតោនក៏នឹងដាក់ពង្រាយនាវាមុជទឹកបំពាក់កាំជ្រួចផ្លោង នៅកូរ៉េខាងត្បូងដែរ ដើម្បីបង្ហាញកម្លាំងយោធា ដែលនេះជាលើកដំបូងចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០។ ប៉ុន្តែលោក បៃដិន បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានអាវុធនុយក្លេអ៊ែររបស់អាមេរិកណាមួយ ដែលនឹងត្រូវយកទៅទុកនៅលើទឹកដីកូរ៉េខាងត្បូងឡើយ។
លោកស្រី ចេន្នី ថោន (Jenny Town) សមាជិកក្រុមឃ្លាំមើលកូរ៉េខាងជើង ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានមើលឃើញថា ជំហាននានាដែលបានព្រមព្រៀងគ្នានេះ ពុំបានគ្របដណ្ដប់អ្វីដែលប្រទេសកូរ៉េខាងត្បូងចង់បានទេ ហើយក៏ទំនងជាមិនអាចរារាំងកូរ៉េខាងជើងឱ្យបញ្ឈប់កម្មវិធីអភិវឌ្ឍន៍អាវុធប្រល័យលោក និងការសាកល្បងជាបន្តបន្ទាប់នោះទេ ឬទំនងជាមិនអាចធ្វើឱ្យការជជែកដេញដោលគ្នាក្នុងប្រទេសកូរ៉េខាងត្បូងអំពីអនាគតនុយក្លេអ៊ែររបស់ខ្លួនស្ងប់ស្ងាត់ឡើយ។
ចំណែកឯលោកស្រី ស៊ូ មី ធឺរី (Sue Mi Terry) នៅមជ្ឈមណ្ឌលស្រាវជ្រាវ វិលសុន (Wilson) បានមើលឃើញថា ការវិវឌ្ឍថ្មីនេះមានលក្ខណៈជាវោហាសាស្ត្រ និងជាការបិទបាំង ដើម្បីរារាំងកូរ៉េខាងត្បូងមិនឱ្យមាននុយក្លេអ៊ែរ។
កិច្ចប្រជុំកំពូលរវាងលោក យូន និងលោក បៃឌិន ក៏សម្រេចបាននូវកិច្ចព្រមព្រៀងមួយចំនួនទៀត អាទិ៍ទាក់ទងនឹងសន្តិសុខតាមអ៊ីនធឺណិត រថតយន្តអគ្គិសនីនិងអាគុយ បច្ចេកវិទ្យា ក្វានធឺម (quantum) ជំនួយអន្តរជាតិ និងការវិនិយោគផ្នែកសេដ្ឋកិច្ចជាដើម។ មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីភាពតានតឹងរវាងប្រទេសចិន និងកោះតៃវ៉ាន់ ព្រមទាំងអំពីសកម្មភាពយោធារបស់ចិននៅសមុទ្រចិនខាងត្បូងផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍រួម ប្រធានាធិបតីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់៕