យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង សម្ព័ន្ធមិត្តកូរ៉េខាងត្បូង សហរដ្ឋអាមេរិក នឹងរៀបចំធ្វើសមយុទ្ធចំនួន ៥ ដងនៅចន្លោះថ្ងៃទី ២៥ ខែឧសភា ដល់ថ្ងៃទី ១៥ ខែមិថុនា នៅទីលានហ្វឹកហាត់សមយុទ្ធស៊ើងជីន (Seungjin Fire) ក្នុងទីក្រុងប៉ូឆឺន (Pocheon) ចម្ងាយ ៥២ គីឡូម៉ែត្រ ភាគឦសាននៃរដ្ឋធានី សេអ៊ូល។
សមយុទ្ធនៅឆ្នាំនេះនឹងក្លាយជាការហ្វឹកហ្វឺនដ៏ធំបំផុតមិនធ្លាប់មាន បើធៀបពីពេលមុនមក ហើយសមយុទ្ធនេះត្រូវបានគេរំពឹងថានឹងមានប្រព័ន្ធអាវុធទំនើបៗ រួមទាំងយន្តហោះចម្បាំងបំបាំងកាយ F-35A ឧទ្ធម្ភាគចក្រវាយប្រហារ (AH-64 Apache) រថក្រោះ K2 និងគ្រាប់រ៉ុក្កែតជុនមូ (Chunmoo) ជាច្រើនទៀតផងដែរ។
ការបង្ហាញ កម្លាំងសព្វាវុធកម្រិតខ្ពស់ដូច្នេះមាន ជាង ១០ លើករួចមកហើយចាប់ តាំង ពី ឆ្នាំ ១៩៧៧ មក រួម ទាំង សមយុទ្ធ រួម គ្នា និង សមយុទ្ធ ធើ្វដោយកូរ៉េ ខាង ត្បូងតែឯង។
សមយុទ្ធ លើក ចុងក្រោយ រវាងប្រទេសទាំងពីរ បាន ធ្វើ ឡើង ក្នុង ឆ្នាំ ២០១៧ ដោយ បាន ចល័ត កងឯកភាព កូរ៉េខាងត្បូងនិង អាមេរិក ចំនួន ៤៨ កង និងមាន ទាហាន ជាង ២ ពាន់នាក់ បានចូលរួម ។ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារទៅវិញទៅមករបស់ពួកគេ ដែលជាឯកសារសម្ព័ន្ធភាពជាមូលដ្ឋាននៅក្នុងខែតុលា ឆ្នាំ១៩៥៣ បន្ទាប់ពីសង្គ្រាមកូរ៉េបានបញ្ចប់ដោយកិច្ចព្រមព្រៀងផ្អាកសង្គ្រាមជាមួយកូរ៉េខាងជើង៕