បើតាមអ្នកគ្រប់គ្រងផ្សារទំនើបសុវណ្ណានេះ ធ្លាប់បានអះអាងប្រាប់ខេមបូណូមីសថា ការបិទទ្វារផ្អាកដំណើរការរបស់ផ្សារទំនើបសុវណ្ណានេះ គឺជា “ការផ្អាកប្រតិបត្តិការបណ្ដោះអាសន្ន ដើម្បីធ្វើការជួសជុលកែលម្អ និងបានបញ្ជាក់ថា មិនមានការលក់ទៅឲ្យម្ចាស់ផ្សេងទៀតនោះឡើយ”។
ជាផ្សារទំនើបមួយ ដែលមានកម្ពស់៥ជាន់ គឺខ្ពស់ជាងគេ នៅរាជធានីភ្នំពេញ នឹងធ្លាប់ល្បីល្បាញយូរយារណាស់មកហើយនោះ ផ្សារទំនើបនេះអាចនឹងត្រូវផ្លាស់ប្តូរសោភ័ណភាពថ្មីមួយចំនួន ក្នុងពេលដ៏ឆាប់ខាងមុខនេះ បើវាពិតជាដូចអ្វីដែលអ្នកគ្រប់គ្រងផ្សារនេះធ្លាប់បានបញ្ជាក់មែន។
បើទោះបីជាអ្នកគ្រប់គ្រងផ្សារទំនើបនេះ អះអាងថា ការផ្អាកដំណើរការនេះ គឺដើម្បីកែលម្អផ្នែកខ្លះ ក៏ដោយចុះ ប៉ុន្ដែ អាជីវករផ្សារមួយចំនួន ធ្លាប់បានបង្ហើប ប្រាប់ខេមបូណូមីសថា អាគារនេះគឺត្រូវបានលក់ទៅឲ្យចិន ដើម្បីធ្វើជាអគារពាណិជ្ជកម្មទៅវិញ។ អាជីវករលក់ដូរ ជាច្រើនបានសម្ដែងនូវការសោកស្ដាយ ចំពោះការផ្អាកដំណើរការផ្សារទំនើបនេះ ដោយថា ពួកគេធ្លាប់តែមកលក់ដូរជាប្រចាំតែបែរជាត្រូវផ្អាករបររកស៊ីប្រចាំថ្ងៃរបស់គាត់ ណាមួយទៀតពួកគាត់ក៏ត្រូវរងការខាតបង់ច្រើនដែរ ពីការរើចេញនេះ។ផ្សារទំនើប សុវណ្ណា ត្រូវបានគេមើលឃើញថា គឺជាផ្សារទំនើបវ័យចំណាស់មួយ ក្នុងចំណោមផ្សារទំនើបចាស់ៗមួយចំនួន ដែលមានប្រតិបត្តិការអាជីវកម្ម ស្ថិតក្នុងស្ថានភាពលំបាកក្នុងការប្រកួតប្រជែងជាមួយនឹងផ្សារទំនើបបរទេសថ្មីៗដែលទើបតែបើកដំណើរជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ។
ផ្សារទំនើបសុវណ្ណា គឺជាការវិនិយោគរបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ។ ក្រៅពីផ្សារទំនើបសុវណ្ណា ក្រុមហ៊ុននេះ ក៏បានវិនិយោគផ្សារទំនើបសូរិយា និងផ្សារទំនើបរតនាផ្លាហ្សាផងដែរ ដែលផ្សារទំនើបទាំងនេះ សុទ្ធតែជាផ្សារទំនើបចាស់វស្សានៅកម្ពុជា។
តាមការឲ្យដឹងពីអាជីវករ ដែលលក់ទំនិញផ្សេងៗ ជាពិសេសអាជីវករនៅក្នុងផ្សារទំនើបសុវណ្ណានេះ បានប្រាប់ថា ពួកគាត់ត្រូវបានអ្នកគ្រប់គ្រងផ្សារប្រាប់ឲ្យត្រៀមខ្លួនបិទហាងតាំងពីមុន ផ្សារនេះ ផ្អាកដំណើរការ ដោយក្រុមហ៊ុនគ្រប់គ្រងផ្សារនេះ នឹងយកអគារផ្សារនេះ ទៅអភិវឌ្ឍ។
តាមអាជីវករលក់ទំនិញសម្លៀកបំពាក់ និងស្បែកជើង នៅក្នុងផ្សារទំនើបសុវណ្ណា ធ្លាប់ប្រាប់ថា ផ្សារនេះ នឹងត្រូវបិទទ្វារនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៩ ហើយរហូតមកទល់នឹងថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០១៩ ផ្សារទំនើបសុវណ្ណាក៏បានបិទទា្វរអគារជាស្ថាពរមែន ។
បែបនេះក្តី រហូតមកទល់នឹងពេលនេះ គេមិនទាន់ឃើញមានសកម្មភាពនៃការរុះអគារ ឫសកម្មភាពសាងសង់អ្វីនោះទេ ពោលគឺបិទទ្វារស្ងាត់ជ្រាបតែម្តង។
ផ្សារទំនើបសុវណ្ណា មានកម្ពស់៥ ជាន់មានទំហំសរុបប្រហែល ១១,១៨៤ ម៉ែត្រការ៉េ លាតសន្ធឹងលើផ្ទៃដីចំនួន ៥០,០០០ ម៉ែត្រ ការ៉េ ហើយមានចំណតចំនួន ៤០០ កន្លែង ។ ផ្សារទំនើប សុវណ្ណា បើកនៅក្នុងឆ្នាំ ២០០៨ ដែលវា មានទំហំធំជាងផ្សារទំនើបសូរិយាចំនួន ២០ ភាគរយ។
គួរបញ្ជាក់ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការវិនិយោគផ្សារទំនើបខ្នាតយក្សៗជាច្រើនត្រូវបានសម្រុកបន្ដសាងសង់ជាបន្ដបន្ទាប់ តួយ៉ាងផ្សារទំនើបជប៉ុន AEON Mall បានពង្រីកសាខារបស់ខ្លួន២សាខាហើយ និងគ្រោងពង្រីកសាខាទី៣ នៅឆ្នាំបន្ទាប់់នេះ។ ក្រៅពីនេះ គេសង្កេតឃើញថា ក្រុមហ៊ុនក្នុងស្រុកមួយចំនួនក៏បានត្រៀមបញ្ចេញទុនរាប់រយលានដុល្លារឯណោះ ក្នុងការវិនិយោគផ្សារទំនើបនេះដែរ៕