នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របស់រដ្ឋាភិបាលប្រទេសស្រីលង្កា បានបញ្ជាក់ថា ប្រទេសនេះ បានស្នើសុំសាច់ប្រាក់ងាយស្រួលសម្រាប់អត្រាប្ដូរប្រាក់បរទេស ពីស្ថាប័នផ្ដល់កម្ចីជាច្រើន ដើម្បីគាំទ្រដល់ធនាគាររដ្ឋរបស់ខ្លួនអាចមានលទ្ធភាពដោះស្រាយវិបត្តិសេដ្ឋកិច្ច ដែលកំពុងខ្វះខាតទុនបម្រុងអន្តរជាតិសម្រាប់គាំទ្រដល់ការនាំចូលទំនិញសំខាន់ៗ។
ហេតុអ្វីក៏ស្រីលង្កាដុនដាបខ្លាំងម្ល៉េះ?
មែនទែនទៅ តាំងពីមានការវាយប្រហារខ្លាំងក្លាដោយមេរោគរាតត្បាតកូវីដ១៩មក គួបផ្សំនឹងវិបត្តិតម្លៃប្រេងកើនឡើង និងវិធានការកាត់បន្ថយពន្ធរបស់រដ្ឋាភិបាលស្រីលង្កា បានរុញច្រានឲ្យប្រទេសដីកោះនៅអាស៊ីខាងត្បូងមួយនេះ ធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មាន ដោយសារតែរដ្ឋាភិបាលមិនមានទុនបម្រុងគ្រប់គ្រាន់ដើម្បី គាំទ្រដល់ការនាំចូលផលិតផលនានា ពោលគឺមកទល់ពេលនេះ ទុនបម្រុងរបស់ប្រទេសស្រីលង្កានៅមានត្រឹមតែ៥០លានដុល្លារអាមេរិកប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក អាលី សាប្រ៊ី កាលពីសប្ដាហ៍មុន។
បញ្ហាកង្វះខាតការនាំចូលផលិតផលចំណីអាហារ ប្រេងឥន្ធនៈ និងឱសថ បាននាំឲ្យមានប្រជាជនចេញធ្វើបាតុកម្មតាមដងផ្លូវរាប់ពាន់នាក់ និងទាមទារឲ្យលោកប្រធានាធិបតី រាចាប៉ាក់សា ចុះចេញពីតំណែងផងដែរ។ប្រការនេះ បានធ្វើឲ្យលោករាចាប៉ាក់សា កាលពីថ្ងៃទី៦ ឧសភាសម្រេចចិត្តប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នជាលើកទី២ ក្នុងរយៈពេល២សប្ដាហ៍។
ប្រទេសចិន គឺជាប្រទេសម្ចាស់បំណុលទ្វេភាគីដ៏ធំបំផុតសម្រាប់ស្រីលង្កា ដោយមានបំណុលជំពាក់មិនទាន់សងសរុប ៦ពាន់៥រយលានដុល្លារ ដែលភាគច្រើនបានខ្ចីកាលក្នុងអំឡុង១ទសវត្សរ៍ចុងក្រោយនេះ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវល្បឿនលឿន កំពង់ផែ អាកាសយានដ្ឋាន និងគម្រោងរោងចក្រថាមពលធ្យូងថ្ម។
ទីក្រុងកូឡំបូ ប្រទេសស្រីលង្កា ក៏បានអះអាងក្នុងខែនេះដែរថា កិច្ចចរចាលើការរៀបចំបំណុលឡើងវិញជាមួយប្រទេសចិន គ៏បានចាប់ផ្ដើមហើយ បន្ទាប់ពីប្រទេសស្រីលង្កាបានផ្អាកការទូទាត់សងបំណុលរបស់ខ្លួនកាលពីខែមេសាកន្លងទៅនេះ។
កន្លងមក ស្រីលង្កាក៏មានការចរចាស្នើសុំខ្ចីលុយពីស្ថាប័នហិរញ្ញវត្ថុធំៗជាច្រើនផងដែរ ដូចជា IMF ធនាគារពិភពលោក និងធនាគារ ADB ជាដើម ប៉ុន្ដែ ថ្មីៗទើបតែមានធនាគារពិភពលោកមួយប៉ុណ្ណោះ ដែលបានបានសម្រេចនឹងផ្ដល់ថវិកា ៦០០លានដុល្លារដល់ប្រទេសដែលកំពុងជំពាក់បំណុលវណ្ឌកមួយនេះ៕