ប្រទេសស្រីលង្កាបង្កើនតម្លៃប្រេងឥន្ធនៈ

ប្រទេសស្រីលង្កាបង្កើនតម្លៃប្រេងឥន្ធនៈ ខណៈដែលប្រទេសនេះប្រឹងប្រែងទប់ស្កាត់វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងររបស់ខ្លួន


ប្រទេសស្រីលង្កានៅថ្ងៃទី ២៤ឧសភានេះ បានសម្រេចបង្កើនតម្លៃប្រេងឥន្ធនៈ និងការដឹកជញ្ជូន ដែលវាជាជំហានដ៏គួរឲ្យកត់សម្គាល់មួយ ដើម្បីស្រោចស្រង់ហិរញ្ញវត្ថុសាធារណៈ និងប្រយុទ្ធប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ចដែលកំពុងដុនដាប។ ប៉ុន្តែការដំឡើងថ្លៃប្រេងឥន្ធនៈនេះ ត្រូវបានគេមើលឃើញថា នឹងធ្វើឱ្យកម្រិតអតិផរណាកាន់តែកើនឡើងកាន់តែខ្លាំងដែរ ទោះក្នុងរយៈពេលខ្លីក៏ដោយ។ នេះបើតាមការរាយការណ៍ ដោយសារព័ត៌មានអន្តរជាតិធំជាច្រើននៅថ្ងៃនេះ។
ប្រទេសស្រីលង្កាបង្កើនតម្លៃប្រេងឥន្ធនៈ ខណៈដែលប្រទេសនេះប្រឹងប្រែងទប់ស្កាត់វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងររបស់ខ្លួន

រដ្ឋមន្ត្រីក្រសួងថាមពលស្រីលង្កា លោក កាញ់ចាណា វីជេសេកេរ៉ា (Kanchana Wijesekera) បាននិយាយនៅក្នុងសារបង្ហោះតាមប្រព័ន្ធ Twitter ថា តម្លៃប្រេងឥន្ធនៈនឹងកើនឡើងចាប់ពី ២០% ទៅ ៣៤% ខណៈដែលតម្លៃប្រេងម៉ាស៊ូត នឹងកើនឡើងចាប់ពី៣៥% ទៅ ៣៨% ដែលនឹងចាប់អនុវត្តភ្លាមៗនេះតែម្ដង។

រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីក៏បានអនុម័តលើការកែសម្រួលលើថ្លៃដឹកជញ្ជូន និងថ្លៃសេវាផ្សេងៗតាមដំណើរការនោះផងដែរ។

លោក វីជេសេកេរ៉ា រដ្ឋមន្ត្រីក្រសួងថាមពលស្រីលង្កា បាននិយាយដែរថា ប្រជាពលរដ្ឋនឹងត្រូវបានលើកទឹកចិត្តឱ្យធ្វើការពីផ្ទះ "ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងដើម្បីគ្រប់គ្រងវិបត្តិថាមពល" ហើយលោកបានបន្ថែមថា មន្ត្រីផ្នែកសាធារណៈនឹងធ្វើការពីការិយាល័យបានលុះត្រាតែមានការណែនាំពីប្រធានស្ថាប័នរបស់ពួកគេ។

ក្រុមអ្នកសេដ្ឋកិច្ចបាននិយាយថា ការដំឡើងថ្លៃប្រេង និងការដឹកជញ្ជូននឹងធ្វើឱ្យមានលំហូរអាហារ និងទំនិញផ្សេងទៀតកាន់តែច្រើនចូលទៅក្នុងប្រទេសស្រីលង្កា។

បន្ថែមពីនេះ អ្នកសេដ្ឋកិច្ចបាននិយាយថា ការដំឡើងថ្លៃប្រេងឥន្ធនៈនិងថាមពលនេះនឹងចាំបាច់បំផុតដើម្បីឲ្យរដ្ឋមានប្រាក់ចំណូលឡើងវិញ ប៉ុន្តែអ្នកជំនាញយល់ស្របថា វិធានការនេះ អាចនឹងនាំឱ្យមានការឈឺចាប់រយៈពេលខ្លី ពិសេសការកើនឡើងអតិផរណាតែម្ដង។

អតិផរណាប្រចាំឆ្នាំនៅក្នុងប្រទេសកោះមួយនេះ បានកើនឡើងខ្ពស់បំផុតដល់ ជិត៣៤% នៅក្នុងខែមេសា ធៀបនឹងខែមីនា គឺបានកើនឡើងជាង ២១%។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល ដែលទើបចេញផ្សាយនាដើមសប្ដាហ៍នេះ ។

ប្រទេសស្រីលង្កាកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីទទួលបានឯករាជ្យខណៈ ដែលកង្វះខាតនៃរូបិយបណ្ណបរទេសបានធ្វើឱ្យរាំងស្ទះដល់ការនាំចូលទំនិញជាហេតុបណ្ដាលឱ្យប្រទេសនេះខ្វះខាតប្រេងឥន្ធនៈ ថ្នាំពេទ្យ និងការដាច់ចរន្តអគ្គិសនី។

វិបត្តិហិរញ្ញវត្ថុស្រីលង្កាបានកើតឡើងដោយសារវិបត្តិរួមផ្សំគ្នា ដូចជាជំងឺរាតត្បាតកូវីដ-១៩ដែលកំពុងវាយលុកសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍ ការកើនឡើងនូវតម្លៃប្រេង និងការកាត់បន្ថយពន្ធប្រជានិយមរបស់រដ្ឋាភិបាលដឹកនាំដោយប្រធានាធិបតីលោក Gotabaya Rajapaksa និងបងប្រុសរបស់លោកគឺលោក Mahinda ដែលបានលាលែងពីតំណែងនាយករដ្ឋមន្ត្រីក្នុងខែនេះ។

លោក Dhananath Fernando អ្នកវិភាគនៃវិទ្យាស្ថាន Advocata មានមូលដ្ឋាននៅទីក្រុងកូឡំបូបាននិយាយថា តម្លៃប្រេងឥន្ធនៈនៅស្រីលង្កាបានឡើងថ្លៃប្រហែល ២៦០% ចាប់តាំងពីខែតុលាឆ្នាំមុន និងប្រេងម៉ាស៊ូតបានឡើងជាង ២៣០% ដូច្នេះហើយ តម្លៃអាហារ និងទំនិញសំខាន់ៗផ្សេងទៀតត្រូវតែបានដំឡើងថ្លៃផងដែរ។

លោក Fernando បានបញ្ជាក់ថា អ្នកក្រនឹងរងផលប៉ះពាល់ខ្លាំងបំផុតពីវិបត្តិនេះ ហើយដំណោះស្រាយគឺរដ្ឋត្រូវបង្កើតប្រព័ន្ធផ្ទេរប្រាក់ឧបត្ថម្ភ ដើម្បីសង្គ្រោះអ្នកក្រ និងបង្កើនប្រសិទ្ធភាពនៃការជួយសង្គ្រោះតាមដែលអាចធ្វើទៅបាន។

នាយករដ្ឋមន្ត្រីស្រីលង្កាលោក Ranil បាននិយាយកាលពីសប្តាហ៍មុនថា នៅក្នុងរយៈពេលខ្លីខាងមុខនេះ ប្រទេសស្រីលង្កានឹងត្រូវប្រឈមមុខពេលវេលាដ៏លំបាកមួយបន្ថែមទៀត នោះគឺអតិផរណានឹងកើនឡើងបន្ថែមទៀត៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


ហាងកាហ្វេ Starbucks ដ៏ល្បីរបស់អាមេរិក ត្រៀមចាកចេញពីរុស្ស៊ី ក្រោយមានប្រតិបត្តិការជិត១៥ ឆ្នាំ

ក្រុមហ៊ុនកាហ្វេដ៏ល្បីរបស់អាមេរិក ស្តាបាកស៍ (Starbucks) បានបញ្ជាក់នៅ ថ្ងៃទី ២៣ ឧសភា នេះថា ខ្លួនបានត្រៀមនឹងចាកចេញពីទីផ្សារប្រទេសរុស្ស៊ីនៅ…

អ៊ុយក្រែននឹងទទួលបានសព្វាវុធបន្ថែមទៀតពីប្រទេសចំនួន ២០ រួមទាំងមីស៊ីល និងឧទ្ធម្ភាគចក្រ

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក លយដ៏ អូស្ទីន (Lloyd Austin) បានប្រកាសថា ប្រទេសប្រហែល ២០ បានផ្តល់កញ្ចប់ជំនួយផ្នែកសន្តិសុខថ្មីបន្ថែមទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ